ខ្មែរ​​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ទិវា​រំឭក​គុណ​គ្រូ ចំ​ថ្ងៃ​១៨ ឧសភា។ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​បាន​សុគត​ទៅ​ក្នុង​បុព្វហេតុ​ការពារ​ទឹក​ដី ប្រពៃណី សាសនា អក្សរសាស្ត្រ​ខ្មែរ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម។
ដោយ សុខ សេរី
2011-05-18
Share
ខ្មែរ​ក្រោម ៣០៥ ១៨-ឧសភា-២០១១៖ សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ពិធី​បុណ្យ​រាប់​បាត្រ រំឭក​គុណ​គ្រូ នៅ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម នា​ជាយ​រាជធានី​ភ្នំពេញ។
RFA/Sok Serey

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ប្រមាណ​ជា ៥០​នាក់ មក​ពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៩ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១១ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ​ដែល​បាន​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ និង​ភាសា​ខ្មែរ​មិន​ឲ្យ​សាបសូន្យ នៅ​គ្រា​ដែល​ការ​សិក្សា​រៀន​សូត្រ​អក្សរសាស្ត្រ​ខ្មែរ​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​កន្លង​មក បាន​រង​ការ​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ដោយ​អាជ្ញាធរ​វៀតណាម។

នៅ​ក្នុង​ពិធី​នោះ គេ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន ១៦​អង្គ ដើម្បី​សូត្រ​មន្ត​នមស្ការ បង្សុកូល និង​រាប់​បាត្រ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​គ្រូ​បង្រៀន​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​សុគត​ទៅ។ នេះ​គឺ​ជា​ពិធី​រំឭក​គុណ​គ្រូ​លើក​ទី​៤​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថារូ និង​ជា​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​បាន​ដឹកនាំ​ឲ្យ​មាន​ពិធី​នេះ បាន​មាន​ប្រសាសន៍​ថា ខ្មែរ​កម្ពុជា​ក្រោម​ភាគ​ច្រើន រាប់​ទាំង​រូប​លោក​ផង បាន​ចេះ​និយាយ​ភាសា​ខ្មែរ និង​ចេះ​សរសេរ​អក្សរសាស្ត្រ​ខ្មែរ​ដោយសារ​គ្រូ​បង្រៀន​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម តាម​រយៈ​ការ​បង្រៀន​អក្សរ​បាលី និង​ភាសា​បាលី​នៅ​តាម​វត្ត​អារាម។

លោក​បន្ត​ថា ៖ «ចេះ​ដឹង​ដល់​សព្វថ្ងៃ​ហ្នឹង ខ្លះ​បាន​ភៀស​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា ខ្លះ​ទៅ​ដល់​បារាំង អាមេរិកាំង ប្រទេស​ទី​បី ក៏​ដោយសារ​តែ​គ្រូ​យើង​បាន​ផ្ដល់​កំណើត​ឲ្យ​យើង គឺ​ការ​សិក្សា​រៀន​សូត្រ​ហ្នឹង។ កាលណា​យើង​អត់​ចេះ​អក្សរសាស្ត្រ ប្រៀប​បាន​ជា​យើង​ហ្នឹង​ងងឹត​ភ្នែក​ទាំង​សងខាង។ គ្រូ​បង្រៀន​ហ្នឹង​ហើយ​ដែល​បង្រៀន​ឲ្យ​យើង​បើក​ភ្នែក​យើង​ឲ្យ​ភ្លឺ​ដល់​សព្វថ្ងៃ រហូត​ដល់​ខ្លះ​ទៀត​បាន​ធ្វើ​ជា​កុង្សីយ៍ ធ្វើ​ជា​មន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន ក៏​ដូច​ជា​រូប​ខ្ញុំ​បាន​ធ្វើ​ជា​តំណាងរាស្ត្រ គឺ​ខ្ញុំ​រៀន​នៅ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម»

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រូប​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នានា យក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១១ ដើម្បី​រំឭក​គុណ​គ្រូ​បែប​នេះ ពី​ព្រោះ​ជា​ថ្ងៃ ១​រោច ខែ​ពិសាខ ចូល​ពុទ្ធសករាជ ២៥៥៥ ជា​សករាជ​ថ្មី។

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ឈ្មោះ លីវ យូពឹង អាយុ ៧០​ឆ្នាំ មាន​ដើម​កំណើត​នៅ​ខេត្ត​ឃ្លាំង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ថា លោក​នៅ​តែ​ចងចាំ​នូវ​គុណ​បំណាច់​របស់​គ្រូ​បង្រៀន​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​បង្រៀន​ឲ្យ​ចេះ​អក្សរសាស្ត្រ​ខ្មែរ​ដោយ​មិន​យក​កម្រៃ ៖ «ថ្នាក់​ទី​១ រហូត​ដល់​ប្រលង​ជាប់​ឌីប្លូម (Diploma) ខ្ញុំ​ត្រូវ​តែ​នឹក​ដល់​គុណ​គ្រូ ដែល​មាន​គុណូបការៈ​លើ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ចេះ​ដឹង​ដោយសារ​តែ​គុណ​គ្រូ»

ប្រភព​ពី​សកម្មជន​ការពារ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា នៅ​ទសវត្ស​ឆ្នាំ​១៩៥៧ និង​ឆ្នាំ​១៩៦២ មាន​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​លើ​ខ្មែរ​កម្ពុជា​ក្រោម​ដោយ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សាលា​រៀន​ទេ។

ការ​សិក្សា​រៀន​សូត្រ​អក្សរសាស្ត្រ​ខ្មែរ​នៅ​ពេល​នោះ គឺ​នៅ​តាម​វត្ត​អារាម។ គ្រូ​បង្រៀន​គឺ​ជា​ព្រះសង្ឃ​បាន​បង្រៀន​ភាសា​បាលី​ចាប់​ពី​ថ្នាក់​បឋមសិក្សា​រហូត​ដល់​ថ្នាក់​ឧត្ដម​សិក្សា។

គ្រូ​បង្រៀន​ទាំង​នោះ​មាន​លោក​ឧកញ៉ា សឺន គុយ ព្រះសង្ឃ សឺន វ៉ង់ ព្រះសង្ឃ គឹម តុកចើង ព្រះសង្ឃ គឹម សាង និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ទៀត៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល