ការ​ជួញ​ដូរ​ក្រលៀន​នៅ​ខេត្ត​កំពង់ចាម

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ថា ការ​ជួញ​ដូរ​អវយវៈ​របស់​មនុស្ស​គឺ​ជា​ការ​ខុស​ច្បាប់។
ដោយ ឱ ភារិទ្ធ
2010.10.24
ក្រលៀន៣០៥ រូប​ក្រលៀន​មនុស្ស មើល​ពី​ខាង​ក្រោយ
Photo courtesy of wikipedia.org

តា ជា នៅ​ភូមិ​ជីពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ថា គាត់​បាន​ទទួល​ដី​ដែល​មាន​ដើម​កៅស៊ូ​ចំនួន​ពីរ​ហិកតារ ពី​ថ្នូរ​ក្នុង​ការ​ប្ដូរ​ក្រលៀន​ម្ខាង​របស់​កូន​ស្រី​លោក ទៅ​ឲ្យ​លោក ផា រុន ដើម្បី​សង្គ្រោះ​កូន​ប្រុស​គាត់ ដែល​ខូច​ក្រលៀន​ទាំង​សង​ខាង ដែល​ក្នុង​ការ​ផ្ដល់ ឬ​លក់​នោះ ត្រូវ​បាន តា ជា បញ្ជាក់​ថា មាន​ការ​ព្រមព្រៀង​ពី​កូន ដើម្បី​សង្គ្រោះ​បង​ប្អូន​វា ៖ «លក់​មួយ​ម៉ឺន លក់​ឲ្យ​បង​ថ្លៃ​វា ខ្ញុំ​មិន​ក្រ​ទេ ប៉ុន្តែ​កូន​អាណិត​បង​ថ្លៃ​វា​គេ ឲ្យ​កៅស៊ូ​ពីរ​ហាត់ ឥឡូវ​គេ​ឲ្យ​ជាង​មួយ​ម៉ឺន​ហើយ»

នាង សុភ័ក្ត្រ ជា​កូន​របស់ តា ជា បាន​អះអាង​ថា បន្ទាប់​ពី​វះ​យក​ក្រលៀន​នោះ​មក​ទល់​ពេល​នេះ សុខភាព​នាង​ធម្មតា​ទេ អត់​ដែល​ធ្វើ​ទុក​អ្វី​ឡើយ ៖ «អត់​អី​ទេ ខ្ញុំ​ឥឡូវ​គេ​ទៅ​វះ​ហ្នឹង​គេ​លឿន​ជាង​កាល​ខ្ញុំ​ផង កាល​ខ្ញុំ​មុន​គេ បទ​ពិសោធន៍​មិន​ទាន់​រក​ឃើញ ខ្ញុំ​ទៅ ៦​ខែ​បាន​ខ្ញុំ​មក​វិញ ឥឡូវ​គេ​ទៅ​តែ​មួយ​ខែ គេ​មក​វិញ​ហើយ»

អ្នក​ស្រុក​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់​ប្ដូរ​ក្រលៀន​លើក​ទី​មួយ​បាន​ជោគ​ជ័យ លោក ផា រុន បាន​ផ្ដើម​ទិញ​ក្រលៀន​ស្ត្រី​ម្នាក់​ទៀត ជា​កសិករ​នៅ​ភូមិ​ជា​មួយ​គ្នា ដោយ​យក​ទៅ​បំប៉ន​នៅ​ឯ​ភ្នំពេញ មុន​នឹង​បញ្ជូន​ទៅ​ធ្វើ​ការ​វះ​កាត់​នៅ​ប្រទេស​ឥណ្ឌៀ កាល​ពី​ខែ​មុន ដែល​លោក រ៉ា ជា​ឪពុក​មារ​របស់​ស្ត្រី​ជា​សាមី​ខ្លួន ដែល​លក់​ក្រលៀន​បាន​បញ្ជាក់​ថា នៅ​ពេល​លោក​បាន​ទទួល​ដំណឹង​នេះ ក្មួយ​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ប្រទេស​ឥណ្ឌៀ​ផុត​ហើយ ៖ «ខ្ញុំ​ខ្ជិល​សួរ​ខ្ជិល​នាំ​អី មនុស្ស​ប៉ុន​ហ្នឹង​ដែរ ទៅ​ប្រព្រឹត្តិ​អ៊ីចឹង​ៗ អា​ហ្នឹង​មិន​ដឹង​ធ្វើ​ម៉េច​ជា​រឿង​របស់​ក្មួយ ម៉ែ​ឱ​គេ​នៅ​ជា​មួយ​ដែរ គេ​អត់​មាន​មាត់​មាន​ក​អី​ដែរ ខ្ញុំ​គ្រាន់​តែ​ជា​ឪពុក​មារ បើ​ខ្ញុំ​ដឹង​ពី​ដំបូង​ទៅ​អា​ហ្នឹង​ខ្ញុំ​ស្រណុក​ជួយ​និយាយ ជួយ​ទប់​ស្កាត់ តែ​ពេល​ខ្ញុំ​ដឹង​គេ​ចេញ​ទៅ​បាត់​ហើយ»

លោក ផា រុន និង​គ្រួសារ​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​បាន ដោយ​អ្នក​ជិត​ខាង​បញ្ជាក់​ថា បាន​នាំ​កូន និង​អ្នក​លក់​ក្រលៀន​ទៅ​ធ្វើ​ការ​វះ​កាត់​ប្ដូរ​ក្រលៀន​នៅ​ឯ​ប្រទេស​ឥណ្ឌៀ​បាត់​ហើយ។

លោក នាង សាវ៉ាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​លើក​ឡើង​ថា ការ​លក់​ដូរ​អវយវៈ​អាណា​ព្យាបាល​ត្រូវ​ទទួល​ទោស ទោះ​ជា​មាន​ការ​ព្រមព្រៀង​ពី​សាមី​ខ្លួន​ក៏​ដោយ ៖ «ការ​សម្រេច​ចិត្ត​របស់​ឪពុក​ម្ដាយ ដើម្បី​លក់​ក្រលៀន​កូន ទោះ​ជា​មាន​ការ​ព្រមព្រៀង​យ៉ាង​ម៉េច​ក៏​ដោយ ក៏​វា​នៅ​តែ​ខុស​ច្បាប់​ដែរ ព្រោះ​អី​សិទ្ធិ​របស់​មនុស្ស​ម្នាក់ៗ មិន​មែន​ប្រគល់​ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ជា​ឪពុក ជា​ម្ដាយ ជា​មេ​កើយ​ទេ»

លោក ប្រាក់ ប៊ុនណុន អធិការ​ស្រុក​ពញាក្រែក​បាន​បញ្ជាក់​ថា ការ​លក់​ដូរ​ក្រលៀន​ជា​ការ​ខុស​ទៅ​និង​ច្បាប់ ហើយ​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត ដើម្បី​សុំ​គោលការណ៍​ទៅ​តុលាការ ៖ «អា​ហ្នឹង​វា​ខុស​នឹង​ច្បាប់ មាន​អ្នក​ណា​គេ​លក់​ដូរ បើ​មាន​មែន​ខ្ញុំ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ហើយ សុំ​គោលការណ៍​ទៅ​តុលាការ»

មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់​ចាម​បាន​អះអាង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​គេ​ទទួល​បាន​របាយការណ៍​ពី​ការ​លក់​ដូរ​ក្រលៀន​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។