ព្រះ​មហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជា​រាស្ត្រ​ឈប់​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់

ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះ​រាជ​បន្ទូល​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ក្នុង​ពេល​ដែល​ព្រះ​អង្គ​យាង​ទៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ក្នុង​ទិវា​ដាំ​កូន​ឈើ ដោយ​សុំ​ឲ្យ​ប្រជា​រាស្ត្រ​ដែល​កំពុង​តែ​ប្រកប​របរ​អាជីវកម្ម​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ ឲ្យ​ងាក​មក​រក​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​កសិកម្ម​វិញ។

0:00 / 0:00

ព្រះ​មហាក្សត្រ​មាន​បន្ទូល​ទៀត​ថា ព្រៃ​ឈើ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ផល​ប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​ប៉ុណ្ណោះ​ទេ តែ​បាន​ផ្តល់​ផល​ប្រយោជន៍​ដែល​មិន​អាច​ប៉ាន់​ប្រមាណ ដូចជា​ជួយ​ថែ​រក្សា​លំនឹង​ធម្មជាតិ ធ្វើ​ឲ្យ​ធាតុ​អាកាស​កាន់​តែ​ប្រសើរ​ឡើង រក្សា​ប្រភព​ទឹក ការពារ​ទី​ជម្រាល និង​ការពារ​ជីវ​ចម្រុះ​ផង​ដែរ។

សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះ​រាជ​បន្ទូល​យ៉ាង​ដូច្នេះ ៖ «សូម​អំពាវនាវ​ដល់​អង្គការ​ជាតិ អង្គការ​អន្តរជាតិ​និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ត​ធ្វើការ​ផ្សព្វ​ផ្សាយ​ដល់​បង​ប្អូន​ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោយ​ការ​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ខុស​ច្បាប់ ជា​ពិសេស​បង​ប្អូន​មួយ​ចំនួន​តូច​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​កំពុង​ផលិត​ប្រេង​ម្រះ​ព្រៅ​ភ្នំ ដែល​ជា​សារធាតុ​អាច​យក​ទៅ​ផលិត​គ្រឿង​ញៀន​បាន​នោះ ឲ្យ​ងាក​មក​ប្រកប​របរ​កសិកម្ម​ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ជំនួស​វិញ។ ពីព្រោះ​ការ​ផលិត​ប្រេង​ម្រះ​ព្រៅ​ភ្នំ​នេះ មិន​ត្រឹម​តែ​បំផ្លិច​បំផ្លាញ​ធន​ធាន​ព្រៃ​ឈើ បរិស្ថាន​ធម្មជាតិ និង​ជីវ​ចម្រុះ​យ៉ាង​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បុគ្គល​ផ្ទាល់​ខ្លួន សង្គម​គ្រួសារ សហគមន៍​មូលដ្ឋាន​និង​សង្គម​ជាតិ​ទាំង​មូល​ទៀត​ផង»

ប្រភព​ពី​មន្រ្តី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​មាន​ព្រៃ​ឈើ​ជា​ដើម ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ។ តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ បាន ៨.១៣៥ ករណី ហើយ​ដើម​ឆ្នាំ​២០០៩​នេះ បង្ក្រាប​បាន ២៦៦​ករណី និង​បាន​រឹប​អូស​ដី​ព្រៃ​ពី​ក្រុម​ជន​ល្មើស​ដែល​បាន​កាប់​ឆ្ការ​ឈូស​ឆាយ​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ចំនួន​ជិត ៣​សែន​ហិកតារ។

ព្រះ​មហាក្សត្រ​មាន​បន្ទូល​ទៀត​ថា ព្រះអង្គ​បាន​យាង​ចូលរួម​ទិវា​ដាំ​កូន​ឈើ​នេះ​បាន​ប្រាំ​លើក​មក​ហើយ ចាប់​តាំង​ពី​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ្យ​មក។ ព្រះ​អង្គ​មាន​បន្ទូល​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ចូលរួម​ដាំ​ដើម​ឈើ​ឲ្យ​បាន​គ្រប់​គ្នា។

ចំណែក​ឯ​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩ មក​ប្រទេស​កម្ពុជា បាន​ដាំ​កូន​ឈើ​លើ​ផ្ទៃ​ដី​ចំនួន ១.២៣៧​ហិកតារ។

លោក​ថ្លែង​ទៀត​ថា ឆ្នាំ​២០០៩​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ រួម​ជាមួយ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​យក​ទីតាំង​ភូមិ​ត្រពាំង​ឃ្លៃ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ដាំ​ដើម​ឈើ​ប្រភេទ​បេង គ្រញូង គគីរ អង្កាញ់ និង​អាកាស្យា លើ​ផ្ទៃ​ដី​ចំនួន​២០​ហិកតារ​ក្នុង​គោល​បំណង​បង្កើត​គម្រប​បៃតង​ឡើង​វិញ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សោភ័ណ​ភាព​ធម្មជាតិ​បរិស្ថាន​នៅ​ក្នុង​តំបន់​នោះ៕