ព្រះ​មហាក្សត្រ​ខ្មែរ​យាង​មក​ដល់​ប្រទេស​វិញ​ហើយ

ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី សម្ដេច​តា និង​សម្ដេច​យាយ នៅ​ថ្ងៃ​៣១ មីនា​នេះ បាន​យាង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ តាម​ជើង​យន្តហោះ​ពិសេស​ឈ្មោះ Cambodia Angkor Air ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។
ដោយ សុខ សេរី
2010-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហា​វីរ​ក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ (ខាង​ស្ដាំ) សម្ដេច​ព្រះ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (ខាង​ឆ្វេង) ក្នុង​ឱកាស​យាង​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​៨ មេសា ២០០៧។
ព្រះមហា​វីរ​ក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ (ខាង​ស្ដាំ) សម្ដេច​ព្រះ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (ខាង​ឆ្វេង) ក្នុង​ឱកាស​យាង​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​៨ មេសា ២០០៧។
AFP File

គេ​បាន​ឃើញ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា លោក ហេង សំរិន ប្រធាន​សភា​ជាតិ និង​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន និង​រដ្ឋ​មន្ត្រី មន្ត្រី​ជាន់​ខ្ពស់ តំណាង​ទូត​បរទេស​មួយ​ចំនួន​បាន​ទៅ​ធ្វើ​បដិសណ្ឋារកិច្ច​ទទួល​ស្វាគមន៍​ការ​យាង​វិវត្តន៍​នោះ​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ក្រុម​អ្នក​កាសែត​និង​អ្នក​ថត​រូប​នានា មិន​ត្រូវ​បាន​កង​កម្លាំង​រក្សា​សន្តិសុខ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជិត​ដើម្បី​ថត​យក​រូបភាព​បាន​ច្បាស់​ល្អ​ទេ។

មន្ត្រី​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​បរម​រាជ​វាំង លោក អ៊ុំ ដារ៉ាវុធ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​មុន​ការ​យាង​មក​ដល់​នោះ​ថា ៖ «ព្រះ​មហា​វីរក្សត្រ ព្រះ​មហាក្សត្រ បាន​យាង​មក​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ មាន​ន័យ​ថា​ជា​សញ្ញា​មួយ​ថា ផល​វិជ្ជមាន​មួយ​សម្រាប់​ប្រទេស​ខ្មែរ និង​ប្រជារាស្ត្រ​ខ្មែរ ពីព្រោះ​លោក​ជា​ម្លប់ ។ ដូច​សម្ដេច​ទាំង​បី លោក​បាន​មាន​ប្រសាសន៍​ថា លោក​គង់​នៅ​ទី​នេះ​ជា​ម្លប់​របស់​ប្រជានុរាស្ត្រ ម្ល៉ោះ​ហើយ​យើង​មាន​សន្តិភាព យើង​មាន​សេរីភាព យើង​មាន​ការ​រីក​ចម្រើន»

គេ​មិន​បាន​ឃើញ​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​សមរង្ស៊ី ចូល​រួម​ក្នុង​ការ​ក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ទទួល​ស្វាគមន៍​នោះ​ទេ។

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «វត្តមាន​របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​នេះ គឺ​ថា យើង​ខ្ញុំ​ទាំង​អស់​គ្នា ជា​ពិសេស​គណបក្ស​ប្រឆាំង​មាន​ការ​កក់ក្ដៅ​ណាស់ នៅ​ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​កំពុង​តែ​ប្រើប្រាស់​តុលាការ​ដើម្បី​គាប​សង្កត់​មក​លើ​គណបក្ស​ប្រឆាំង ហើយ​គាប​សង្កត់​មក​លើ​តំណាង​រាស្ត្រ បង្ក​ឧបសគ្គ​ក្នុង​ការ​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​តំណាង​រាស្ត្រ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ។ យើង​ទាំង​អស់​គ្នា​មាន​ការ​សប្បាយ​ចិត្ត ប្រៀប​បាន​ជា​ឪពុក​ម្ដាយ​បាន​វិល​ត្រឡប់​មក​ផ្ទះ​សំបែង​វិញ​ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ​កូន​ចៅ។ ពីព្រោះ​ថា បើ​គ្មាន​វត្តមាន​របស់​ព្រះមហាក្សត្រ​ទេ វា​ជា​ការ​លំបាក​ណាស់​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​គេ​តាម​ធ្វើ​បាប តាម​យាយី​គ្រប់​ពេល​វេលា»

ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បាន​យាង​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​បាន​បន្ត​យាង​ទៅ​ប្រទេស​បារាំង និង​ប្រទេស​ឆេកូស្លូវ៉ាគី ដើម្បី​ទទួល​ព្រះរាជ​មុខ​តំណែង​ខ្ពង់ខ្ពស់​ពី​ប្រទេស​ទាំង​នោះ។

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ និង​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ បាន​អវត្តមាន​ពី​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​កញ្ញា ឆ្នាំ​២០០៩ កន្លង​ទៅ។

ប្រភព​ពី​មន្ត្រី​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ បាន​ឲ្យ​ដឹង​ថា សម្ដេច​តា និង​សម្ដេច​យាយ​គ្រោង​នឹង​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល ២ ឬ ៣​ខែ ដើម្បី​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​សម្ដេច​យាយ និង​ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី នៅ​ពេល​ខាង​មុខ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល