ទិវា​ចម្រើន​ព្រះជន្ម​គម្រប់ ៥៨​ព្រះ​វស្សា​របស់​ព្រះ​មហា​ក្សត្រ

នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១០ គឺ​ជា​ទិវា​ចម្រើន​ព្រះជន្ម​គម្រប់ ៥៨​ព្រះ​វស្សា​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។
ដោយ កែវពេជ្រ មេត្តា
2010-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី តាំង​នៅ​ព្រះបរមរាជវាំង។
ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី តាំង​នៅ​ព្រះបរមរាជវាំង។
RFA Photo

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ជា​ព្រះ​រាជ​បុត្រា នៃ​ព្រះ​ករុណា ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ព្រះវររាជ​បិតា និង​ព្រះវររាជ​មាតា សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ​សីហនុ។ ព្រះ​មហាក្សត្រ​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ។

ឯកសារ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ព្រះ​មហាក្សត្រ​ស្ដីពី​ព្រះ​រាជ​ជីវប្រវត្តិ​បាន​បញ្ជាក់​ថា នៅ​ពេល​ទ្រង់​ចំរើន​វ័យ​វឌ្ឍនាការ ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះ​អង្គ​បាន​ធ្វើ​ការ​សិក្សា​នៅ​សាលា​បឋមសិក្សា​នរោត្ដម និង​វិទ្យាល័យ​ដេកាត​រាជធានី​ភ្នំពេញ។ ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​ទៅ​សិក្សា​ផ្នែក​សិល្បៈ​របាំ តូរ្យ​តន្ត្រី និង​ល្ខោន​នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាក ប្រទេស​ឆេកូស្លូវ៉ាគី។ ការ​សិក្សា​នៅ​ទី​នោះ ទ្រង់​ជា​ជយលាភី​លេខ​១ ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​របាំ​បូរាណ ក្នុង​ឆ្នាំ​១៩៧១។

ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​រហូត​ដល់​ឆ្នាំ​១៩៧៥ ហើយ​បាន​ទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៃ​បណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាក។

ឯកសារ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ចាប់​ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៧៩ ទ្រង់​បាន​ជាប់​ឃុំ​ឃាំង​ក្រោម​របប​ខ្មែរ​ក្រហម ជា​មួយ​នឹង​ព្រះវររាជ​មាតា ព្រះវររាជ​បិតា ព្រម​ទាំង​ព្រះ​អនុជ​របស់​ព្រះ​អង្គ សម្ដេច នរោត្ដម នរិន្ទ្រពង្ស។

ក្រោយ​ពី​បាន​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម ព្រះអង្គ​បាន​បំពេញ​ព្រះ​រាជ​តួនាទី ដែល​ភាគ​ច្រើន​ទាក់ទង​ផ្នែក​ខាង​សិល្បៈ នៅ​ឯ​ប្រទេស​បារាំង។ ក្នុង​ឆ្នាំ​១៩៩៣ ទ្រង់​បាន​កសាង​ខ្សែ​ភាពយន្ត​របាំ​បាលេ ចំនួន​ពី​រឿង គឺ​រឿង «សុបិន » និង​រឿង «ធាតុ​ទាំង​បួន »។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​មាន​ជំនាញ​ខាង​ភាសា​សាស្ត្រ រួម​មាន ភាសា​ខ្មែរ បារាំង ភាសា​ឆែក និង​ភាសា​អង់គ្លេស។

ឯកសារ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ នៅ​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា ជ្រើស​តាំង​ជា​ឯកច្ឆន្ទ ជា​តំណាង​អចិន្ត្រៃយ៍​នៃ​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ។ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០៤ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​តួនាទី ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ប្រចាំ​អង្គការ​យូណេស្កូ។

លុះ​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ នៅ​ពេល​ដែល​ព្រះអង្គ​មាន​ព្រះជន្ម​គម្រប់ ៥១​ព្រះវស្សា ទ្រង់​បាន​ត្រូវ​ក្រុម​ប្រឹក្សា​ព្រះ​រាជ​សម្បត្តិ ជ្រើស​រើស​ឲ្យ​ឡើង​គ្រង​រាជ ជា​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា។

ព្រះ​រាជ​ពិធី​រាជាភិសេក​របស់​ព្រះ​អង្គ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​ផ្លូវ​ការ​ឡើង នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ក្រុង​ភ្នំពេញ ដោយ​មាន​ព្រះ​បរម​នាម​ថា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិ សាសនា រក្ខត ខតិយា​ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិន្ទ្រាធរា​មហា​ក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ បូរណ​សន្តិ សុភមង្គលា​សិរីវិបុលា ខេមរា​ស្រី​ពិរាស្រ្ដ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី។ សេចក្ដី​នេះ​មាន​ន័យ ថា អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជា​ជាតិ និង​ប្រជា​រាស្ត្រ​ខ្មែរ ដោយ​ស្វាមីភក្ដិ និង​ភក្ដីភាព។ ជា​មហាក្សត្រ ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ លោក​ឧបត្ថម្ភ។ អ្នក​រួប​រួម​ខេមរជន​ទាំង​អស់ និង​ជា​អ្នក​ការ​ពារ​ឯករាជ​បូរណភាព​ទឹក​ដី សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​ផ្ដល់​សុភមង្គល សេរីភាព វិបុលភាព ដល់​ប្រជា​រាស្ត្រ​ខ្មែរ។

ទាក់​ទង​នឹង​ការ​គ្រង​រាជ្យ​សម្បត្តិ របស់​ព្រះ​មហាក្សត្រ​រហូត​មក​ដល់​ថ្ងៃ​ចំរើន​ព្រះជន្ម​វស្សា​នា​ពេល​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ មន្ត្រី​រាជការ និង​អង្គការ​សមាគម​មួយ​ចំនួន បាន​ចាប់​អារម្មណ៍ និង​សំដែង​មតិ​ស្រដៀង​គ្នា​ខ្លះ និង​ខុស​គ្នា​ខ្លះ។

ប្រជា​ពលរដ្ឋ​មួយ​រូប ឈ្មោះ មាស លី នៅ​ខេត្ត​កំពង់​ចាម បាន​បញ្ជាក់​ប្រាប់​ពី​ការ​យល់​ឃើញ​របស់​គាត់​ថា ព្រះ​មហាក្សត្រ មាន​ព្រះ​រាជ​ចរិយា​សម្បត្តិ​គួរ​ជា​ទី​ស្រឡាញ់​របស់​ប្រជា​រាស្ត្រ និង​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​នឹង​ព្រះ​បិតា ព្រះ​នរោត្ដម​សីហនុ។

គាត់​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ «កាល​នោះ​ព្រះ​អង្គ​ទៅ​ខ្មែរ​លើ ដែល​និមិត្ត​នាម​សម្ដេច​ឪ​ក្នុង​ឆ្នាំ​១៩៦១-៦២ ហ្នឹង ព្រះ​អង្គ​មាន​អំបិល យក​មក​ចែក​ជន​ជាតិ​បាន ១​ចាន ឬ​១​ក្ដាប់ គឺ​ម្នាក់​ឲ្យ​ស្មើ​គ្នា ១​ក្ដាប់ ១​នាក់ អ៊ីចឹង​ទៅ បើ​មាន​សាច់​ជ្រូក​ចែក​គ្នា ១​ដុំ​ស្មើ​គ្នា មិន​មាន​សល់​ណា​ម្នាក់​ទេ ហើយ​ព្រះ​អង្គ​ថែ​រាស្ត្រ​ណាស់ លោក​ដឹង​ថា ប្រជា​រាស្ត្រ​ត្រង់​ណា​ណា​មាន​ខ្យល់​ព្យុះ​ភ្លៀង ផ្គរ​ច្រើន ឬ​អត់​អី​មាន​អី ព្រះ​អង្គ​តែង​តែ​ចុះ​រៀប​រាប់​ជូន​ប្រជា​ពលរដ្ឋ។ ជំនាន់​នោះ ៩៧% ស្រឡាញ់ ព្រះ​នរោត្ដម សីហនុ ដល់​ព្រះ នរោត្ដម សីហមុនី វិញ ខ្ញុំ​ឃើញ​ក្នុង​ទូរទស្សន៍ ចុះ​ទៅ​ផ្ទះ​តូច​ក៏​ព្រះអង្គ​យាង​ទៅ​ដែរ អត់​មាន​ប្រកាន់​ថា ផ្ទះ​អ្នក​នេះ​ទាប ផ្ទះ​អ្នក​នោះ​ក្រ អ្នក​នោះ​មាន​អី​នោះ​ទេ មិន​ប្រកាន់​ថា ឋានៈ​ជា​ស្ដេច​អី​នោះ​ទេ ខ្ញុំ​ឃើញ​តម្រាយ​នេះ​ទៅ​តាម​ព្រះ​បិតា​របស់​ព្រះ​អង្គ​ល្អ​ណាស់»

ប្រជា​ពលរដ្ឋ​មួយ​រូប​ទៀត សុំ​មិន​ប្រាប់​ឈ្មោះ នៅ​ខេត្ត​បាត់ដំបង បាន​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ​ថា ៖ «សព្វ​ថ្ងៃ​នោះ ព្រះ​អង្គ​ស្រលាញ់​ប្រជា​ពលរដ្ឋ​ដូច​តែ​សម្ដេច​ឪ សម្ដេច​ម៉ែ​ដែរ។ ធម្មតា​ទេ ប្រទេស​យើង​តាំង​ពី​សង្គម​មក ជា​ប្រទេស​រាជនិយម អ៊ីចឹង គឺ​មាន​រាជនិយម យើង​តែង​តែ​មាន​សេចក្ដី​សុខ ហើយ​កន្លង​មក​ហ្នឹង គឺ​ដោយ​សារ​យើង​គ្មាន​រាជា​និយម​ប៉ុន្មាន​របប​កន្លង​មក​ហ្នឹង ទើប​យើង​កើត​សង្គ្រាម​ស៊ីវិល​គ្នា​ឯង»

លោក ហ៊ឹម យន់ ប្រធាន​សមាគម​យុវជន​ខ្មែរ បាន​មាន​ប្រសាសន៍​ថា លោក​មិន​សូវ​បាន​ដឹង​ពី​ព្រះ​រាជ​តួនាទី​របស់​ព្រះ​មហាក្សត្រ​សព្វ​ថ្ងៃ​ថា មាន​អ្វី​ខ្លះ​នោះ​ទេ ប៉ុន្តែ​បាន​ឃើញ​ព្រះ​រាជ​សកម្មភាព​ខ្លះៗ ដូច​ជា​ចុះ​ចែក​ទាន​ប្រជា​ពលរដ្ឋ។

លោក​បាន​បន្ត​ថា ៖ «ព្រះ​មហាក្សត្រ លោក​គួរ​មាន​ព្រះ​រាជ​តួនាទី​ឲ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​បាន​ជួយ​ប្រជា​ពលរដ្ឋ​ទូទៅ ជា​ពិសេស​អ្នក​ក្រីក្រ ដែល​រង​គ្រោះ​ដោយសារ​ការ​រំលោភ​ការ​បំពាន​ខាង​សិទ្ធ​មនុស្ស ឬ​ក៏​ការ​រំលោភ​បំពាន​ខាង​ដីធ្លី​ជា​ដើម ព្រោះ​គ្នា​មាន​ការ​លំបាក​លំបិន​ច្រើន​ណាស់។ ព្រះ​មហាក្សត្រ ដែល​កាន់​ទសពិធ​រាជធម៌ ជា​គំរូ​ល្អ​សម្រាប់​ក្សត្រ​ខ្មែរ ហើយ​រក្សា​នូវ​អព្យាក្រឹត្យ​ភាព​ទាំង​នយោបាយ​ក៏​ដូច​ជា​អព្យាក្រឹត្យ​ភាព​ខាង​ប្រជា​ពលរដ្ឋ​ទូទៅ...»

មន្ត្រី​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​មួយ​រូប លោក ចាប សុថារិទ្ធ បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​មហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន ទ្រង់​បាន​បំពេញ​ព្រះ​រាជ​តួនាទី​ច្រើន ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ហើយ​ព្រះ​អង្គ​ជា​ក្សត្រ​ខ្មែរ​មួយ​អង្គ មិន​មាន​ទាក់​ទង​នឹង​ផ្នែក​នយោបាយ​អ្វី​នោះ​ឡើយ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ «គ្រាន់​តែ​គង់​ជា​និមិត្តរូប នៃ​ការ​បង្រួប​បង្រួម​ជាតិ និមិត្តរូប​នៃ​អធិបតេយ្យ​ភាព​របស់​ខ្មែរ​យើង ព្រះ​អង្គ​បាន​ធ្វើ​ព្រះ​រាជកិច្ច​បាន​សមស្រប មិន​ត្រឹម​តែ​វិស័យ​ខាង​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​បាន​ធ្វើ​ព្រះ​រាជ​សកម្មភាព​ផ្នែក​ខាង​ការ​ទូត ទំនាក់​ទំនង​អន្តរជាតិ​បាន​ល្អ​ប្រសើរ​ផង​ដែរ ដូច​ជា​ទ្រង់​ទៅ​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​ប្រទេស​អឺរ៉ុប និង​ប្រទេស​ឆេក»

នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ចំរើន​ព្រះជន្ម ព្រះ​មហាក្សត្រ​ខ្មែរ នៅ​ក្នុង​ឆ្នាំ​នេះ គេ​ឃើញ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​នឹង​ការ​ប្រារព្ធ​កាល​ពី​ឆ្នាំ​មុន​ៗ ដែរ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ទី​១៤ និង​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១០ នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង និង​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​ទៀត បាន​និមន្ត​ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត រាប់​បាត្រ ដើម្បី​ថ្វាយ​ព្រះពរ​ជ័យ សិរី​សួស្ដី ដល់​ព្រះ​មហាក្សត្រ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ មន្ត្រី​រាជការ សិស្សានុសិស្ស​ទូទាំង​ប្រទេស ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ពី​ការ​ងារ​ចំនួន​បី​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អបអរ​ដល់​ថ្ងៃ​ចំរើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ​ជា​ទី​គោរព​សក្ការ​របស់​ខ្លួន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល