នៅឃុំសន្ទ្រែ ព្រះអង្គបានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ៣៦០គ្រួសារ និងនៅឃុំបាក់ចិញ្ចៀន ៤៣០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន រួមមានសារុងបួន ក្រមាមួយ ភួយមួយ មុងមួយ មីមួយកេស អង្ករ ៥០គីឡូក្រាម និងប្រាក់ ៧ម៉ឺនរៀល។
ស្ត្រីឈ្មោះ លិប ភេន អាយុ ៣៥ឆ្នាំ នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ បានសម្ដែងក្តីរីករាយក្នុងឱកាសដែលគាត់បានទទួលព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ៖ «ខ្ញុំមានទឹកចិត្តរីករាយសប្បាយបំផុត ដែលព្រះអង្គបានយាងឡើងលើផ្ទះខ្ញុំដែលជាប្រជាពលរដ្ឋក្រីក្រនេះ។ នេះបង្ហាញពីព្រះទ័យយកចិត្តទុកដាក់របស់ព្រះអង្គចំពោះប្រជារាស្ត្រ។ ខ្ញុំសូមថ្វាយព្រះពរសូមឲ្យព្រះអង្គមានព្រះជន្មយឺនយូរ ដើម្បីឲ្យព្រះអង្គគ្រប់គ្រងកូនចៅតរៀងទៅ»។
ប្រភពពីអាជ្ញាធរខេត្តបានឲ្យដឹងថា បន្ទាប់ពីព្រះអង្គបានចែកអំណោយដល់ពលរដ្ឋក្រីក្រនៅឃុំទាំង២រួចមក ព្រះបាទបរមនាថ នរោត្តម សីហមុនី ក៏បានយាងចូលបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង ធ្វើពិធីបួងសួងសុំឲ្យវិញ្ញាណក្ខន្ធវីរបុរសខ្មែរស្នេហាជាតិរូបនេះ ជួយផ្ដល់សេចក្ដីសុខចំពោះប្រជាពលរដ្ឋរបស់ព្រះអង្គផង៕
