សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បើក​កិច្ច​ប្រជុំ​ពិសេស

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បើក​កិច្ច​ប្រជុំ​ពិសេស ជួប​សមាជិក​សមាជិកា​ជា​ច្រើន​នាក់ កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​កន្លង​មក​ថ្មីៗ​នេះ នៅ​ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania សហ​រដ្ឋ​អាមេរិក។
ដោយ មឿង ទុម
2011.05.23
Share on WhatsApp
Share on WhatsApp

ប្រធាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​មជ្ឈ​មណ្ឌល​ធម្មនុញ្ញ​ជាតិ ហៅ​ជា​ភាសា​អង់គ្លេស National Constitution Center។ លោក ថាច់ ង៉ុក​ថាច់ ប្រធាន​សហ​ព័ន្ធ​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​អំពី​ប្រធាន​បទ​សំខាន់ៗ​នៃ​កិច្ច​ប្រជុំ ៖ «គឺ​អំពី​កិច្ច​ការ​សហ​ព័ន្ធ​ចូល​រួម​ប្រជុំ​នៅ UN និង​ជួប​សមាជិក​នៅ​ញ៉ូជឺស៊ី និង​នៅ Philadelphia ដោយ​មាន​វាគ្មិន​កិត្តិយស​ជា​ច្រើន​រូប​ចូល​រួម»

លោក ថាច់ ង៉ុក​ថាច់ បាន​ឲ្យ​ដឹង​បន្ថែម​ថា ព្រះ​តេជ​ព្រះ​គុណ យិន តូន និង គឹម មឿន ជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​មក​ពី​ប្រទេស​ស៊ុយអែត ធ្លាប់​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​នៅ​វៀតណាម ក៏​បាន​និមន្ត​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ។ វាគ្មិន​មួយ​រូប គឺ​លោក Joshua Cooper អតីត​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​អន្តរ​ជាតិ​បង្រៀន​នៅ​សកល​វិទ្យាល័យ Hawaii សហ​រដ្ឋ​អាមេរិក តែ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​ថ្លែង​សន្ទរកថា​នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ប្រជុំ កាល​ពី​ថ្ងៃ​សៅរ៍ ផ្ដោត​អំពី​ការ​ប្រមូល​ព័ត៌មាន ដើម្បី​ធ្វើ​របាយ​ការណ៍​ជា​ផ្លូវ​ការ ដាក់​ជូន​អង្គ​មហា​សន្និបាត​របស់​ក្រុម​ជន​ជាតិ​ដើម នៃ​អង្គការ​សហ​ប្រជា​ជាតិ នា​ឆ្នាំ​២០១២ នៅ​បូរី​ញីវយ៉ក សហ​រដ្ឋ​អាមេរិក ដើម្បី​ជួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ៖ «អ្វី​ដែល​សំខាន់​គឺ​យើង​គួរ​ពង្រីក​ទំនាក់​ទំនង​ឲ្យ​បាន​ទូលំ​ទូលាយ។ ធ្វើ​ដូច​យើង​ធ្វើ​នៅ​ថ្ងៃ​នេះ។ គប្បី​ជួប​ជា​មួយ​សហគមន៍​នានា ដើម្បី​ស្រាវ​ជ្រាវ​ឲ្យ​បាន​ដឹង​ថា តើ​ការ​ពិត​កំពុង​មាន​អ្វី​កើត​ឡើង ចំពោះ​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូលដ្ឋាន​នៃ​តំបន់​ជន​បទ»

កញ្ញា ថាច់ សុជាតិ យុវនារី​ខ្មែរ​ក្រោម​មួយ​រូប ដែល​មក​ពី​ទីក្រុង​ឡុងប៉ិច នៃ​រដ្ឋ California សហ​រដ្ឋ​អាមេរិក ថ្លែង​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​វាគ្មិន​គ្រប់​រូប ដែល​បាន​ផ្ដល់​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ មាន​សារ​សំខាន់​ចំពោះ​នាង ៖ «វាគ្មិន​រំលឹក​ថា បើ​យើង​ចេះ​ពូកែ​ខាង​ភាសា វប្បធម៌ និង​សាសនា​របស់​ជាតិ​យើង​ហើយ​នោះ​ជាតិ​យើង​នឹង​មិន​បាត់​បង់​ទេ»

លោក ចៅ សេរី ប្រធាន​ក្រុម​យុវជន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​បន្ថែម​ថា កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ យុវជន​ខ្មែរ​ក្រោម​ជិត ២០​នាក់ មក​ពី​រដ្ឋ​នានា​នៃ​សហ​រដ្ឋ​អាមេរិក ពី​ប្រទេស​កាណាដា ញីវហ្សេឡង់ និង​ពី​ប្រទេស​កម្ពុជា បាន​ជួប​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ ដើម្បី​នឹង​បន្ត​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជា​ជាតិ​អំពី​ក្រុម​ជន​ជាតិ​ដើម ដែល​កំពុង​ប្រព្រឹត្តិ​ឡើង​នៅ​បូរី​ញីវយ៉ក សហ​រដ្ឋ​អាមេរិក តាំង​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១១ នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។