សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ការបរទេស​ស.រ.អា.

មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក (ស.រ.អា.) បាន​អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជួប​កាលពី​រសៀល​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។
ដោយ សាន សុវិទ្យ
2009.05.27

លោក សាន សុវិទ្យ រាយការណ៍​មក​ថា កិច្ចប្រជុំ​នោះ​គឺ​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​របស់​ខ្មែរ​កម្ពុជា​ក្រោម​នា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ។

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​សមាជិក​៥​នាក់​ដឹកនាំ​ដោយ​លោក ថាច់ ង៉ុកថាច់ នាយក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើប​នឹង​បាន​បញ្ចប់​នៅ​ពេល​ថ្មីៗ​នេះ​នូវ​កិច្ច​ពិភាក្សា​របស់​ខ្លួន​ជាមួយ​នឹង​មន្រ្តី​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​វៀតណាម​នៃ​ក្រសួង​ការបរទេស​បរទេស​សហរដ្ឋ​អាមេរិក​នា​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​នាយក ថាច់ ង៉ុកថាច់ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា កិច្ចប្រជុំ​នោះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​នៃ​លោក Bratt Blackshaw មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​វៀតណាម​ដោយ​មាន​មន្រ្តី​៨​រូប​ផ្សេង​ទៀត​របស់​ក្រសួង​បាន​ចូលរួម​ផង។

លោក ថាច់ ង៉ុកថាច់ បាន​បញ្ជាក់​ថា ៖ «ខាង​ក្រសួង​ការបរទេស​អាមេរិកាំង​មាន​ដល់​ទៅ​៨​នាក់ ផ្នែក​ខាង​សាសនា ផ្នែក​ខាង​ជន​ភៀស​ខ្លួន ផ្នែក​ខាង​សិក្សា​អប់រំ ផ្នែក​សិទ្ធិ​មនុស្ស ដែល​បាន​ជួប​មួយ​ក្រុម​ទាំងអស់»

លោក​នាយក​ប្រតិបត្តិ ថាច់ ង៉ុកថាច់ បាន​សរុប​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​ពិភាក្សា​នៅ​ទីស្តីការ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​ទើប​បាន​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មីៗ​នេះ​ថា បាន​ផល​បី​យ៉ាង​សំខាន់ៗ ហើយ​ថា​លទ្ធផល​នេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​ច្រើន​ថែម​ទៀត​ដល់​ការតស៊ូ​អហិង្សា​នៃ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំងអស់។

លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​ថា ៖ «ជួប​គ្នា​ហ្នឹង​បាន​ផល​បី​ធំៗ​ដែល​ខ្ញុំ​មើល​ឃើញ ទី​១ ទាំងអស់​ហ្នឹង​យក​ចិត្ត​ទុក​ដាក់​អំពី​សំណូមពរ​របស់​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះពុទ្ធ​សាសនា​ខ្មែរ​ក្រោម​ឲ្យ​ដាច់​ដោយ​ឡែក​ពី​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​របស់​យួន​ហ្នឹង គាត់​ថា​នឹង​ខំ​ប្រឹងប្រែង​រឿង​ហ្នឹង​បន្ត​ទៀត។ រឿង​ទី​២ រឿង​ជន​ភៀស​ខ្លួន គាត់​យក​ចិត្ត​ទុក​ដាក់ ហើយ​គ្រាន់តែ​ថា​យើង​ចង់​ឲ្យ​បាន​ករណី​ព្រះសង្ឃ ទឹម សាខន ព្រះសង្ឃ​៦​អង្គ មក​ជាមួយ​ហ្នឹង។ ខាង​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​ជន​ភៀស​ខ្លួន​ទាំងអស់​នៅ​ពេល​ណា​ដែល​អង្គការ​សហ​ប្រជាជាតិ UNHCR ជាមួយ​នឹង​ប្រទេស​ថៃ កាល​ណា​លក្ខណៈ​នោះ​ស្រប​ច្បាប់​ហើយ គឺ​ពួក​គាត់​នឹង​សប្បាយ​ចិត្ត​នឹង​ធ្វើ​កិច្ចការ​អស់​ហ្នឹង​ដែល​យើង​ខ្ញុំ​ពេញ​ចិត្ត។ ទី​៣ គឺ​បញ្ហា​និស្សិត​ដែល​មក​រៀន​សហរដ្ឋ​អាមេរិក​ខ្លះ គឺ​ថា​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់ ទោះ​បី​ពីរ​បី​នាក់​ក៏​ដោយ​ក្នុង​មួយ​ឆ្នាំ មិន​ចាំបាច់​ច្រើន​ទេ គឺ​ថា​ជា​ការជំរុញ​ស្មារតី​មួយ​ឲ្យ​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​មាន​ការខំ​ប្រឹងប្រែង»

សូម​ជម្រាប​ថា កិច្ចប្រជុំ​នេះ​បាន​កើត​ឡើង​ក្រោយ​ការជួប​ប្រជុំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សភា​ទាំង​ពីរ​របស់​ប្រទេស​អាមេរិក​កាលពី​ដើម​ខែ​មេសា​ដើម្បី​ស្វែងយល់​នូវ​ចម្លើយ​ជា​មុន​ដែល​ក្រុង​ហាណូយ​ត្រូវ​ឆ្លើយ​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​៨ ឧសភា​កន្លង​ទៅ​នេះ។ ពេល​នោះ​លោក Bratt Blackshaw មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​វៀតណាម​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​រៀបចំ​ឲ្យ​មាន​ការជួប​ពិភាក្សា​គ្នា​នេះ​ឡើង៕

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។