មន្ត្រី​ខ្មែរ​ថា ឧបទ្ទវហេតុ​កោះ​ពេជ្រ​ជា​មេរៀន ឬ​បទ​ពិសោធន៍...

ក្រោយ​ពី​ចំណាយ​ពេល​ស៊ើប​អង្កេត​ជាង​១​សប្ដាហ៍​កន្លង​មក​អំពី​ឧបទ្ទវហេតុ​នៅ ​លើ​ស្ពាន​កោះ​ពេជ្រ ឥឡូវ​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​លាត​ត្រដាង​លទ្ធផល​ស៊ើប​អង្កេត​នេះ។
ដោយ សុខ សេរី
2010-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១០
សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១០
RFA/Sok Serey

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ នៃ​ការ​ស៊ើប​អង្កេត​កន្លង​មក ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ស្លាប់​របស់​ប្រជា​ពល​រដ្ឋ​ចំនួន ៣៥១​នាក់ និង​របួស​ចំនួន ៣៩៥​នាក់ នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នោះ គឺ​បណ្ដាល​មក​ពី​ភាព​ភ័យ​ស្លន់​ស្លោ​រត់​ជាន់​គ្នា គឺ​មិន​មែន​ដោយសារ​ការ​ឆក់​ខ្សែ​ភ្លើង អំពើ​ភេរវកម្ម ឬ​ជា​អំពើ​ឃាតកម្ម​គ្រោង​ទុក​ជា​មុន​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​យក​កំហុស​នៃ​ឧបទ្ទវហេតុ​នេះ ថា​ជា​មេរៀន ឬ​បទ​ពិសោធន៍​សម្រាប់​ការ​ពង្រឹង​ផែនការ និង​វិធានការ​សន្តិសុខ និង​សុវត្ថិភាព​នៅ​ថ្ងៃ​អនាគត។

ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ការ​ដោះ​ស្រាយ​ករណី​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ លោក សុខ អាន ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ឧបនាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដោះ​ស្រាយ​ដល់​គ្រួសារ​អ្នក​ស្លាប់ និង​រង​របួស​ដោយ​ប្រញាប់​ប្រញាល់។

គេ​បាន​ឃើញ​មាន​វត្តមាន​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​លោក អ៊ិត សំហេង។ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុន​ហេង។ អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា។ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធី និង​មន្ត្រី​ជាន់​ខ្ពស់​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ បាន​មក​ចូល​រួម​ក្នុង​ការ​ប្រកាស​លទ្ធផល នៃ​ការ​ស៊ើប​អង្កេត​នេះ។

ប្រធាន​អនុ​គណៈកម្មការ​ដោះ​ស្រាយ​ការ​ងារ​បន្ទាន់ លើ​ករណី​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ លោក អ៊ិត សំហេង ជា​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បាន​មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋ​ណា ដែល​គ្រូ​ពេទ្យ​កម្ពុជា​មិន​អាច​ព្យាបាល​បាន រដ្ឋាភិបាល​នឹង​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ទៀត ហើយ​រដ្ឋាភិបាល​ជា​អ្នក​ចេញ​សោហ៊ុយ។

ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ដែល​មាន​ប្អូន​ស្រី​ចំនួន ២​នាក់ បាន​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​កន្លង​មក​នោះ បាន​ថ្លែង​ថា ជីវិត​មាន​តម្លៃ​ជាង​ថវិកា​ដែល​បាន​ជួយ​នោះ ប៉ុន្តែ​នេះ​ជា​ឧបទ្ទវហេតុ។

សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា លោក អ៊ិត សំហេង បាន​បញ្ជាក់​ថា អ្នក​ស្លាប់​នៅ​ក្នុង​សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ គឺ​ចំនួន ៣៥១​នាក់ និង​អ្នក​រង​របួស ៣៩៥​នាក់។

រដ្ឋាភិបាល​បាន​សន្យា​ថា នឹង​ផ្ដល់​ថវិកា​ចំនួន ៥​លាន​រៀល ដល់​អ្នក​ស្លាប់ និង​១​លាន​រៀល ដល់​អ្នក​រង​របួស​ម្នាក់ៗ។ ក្រុមហ៊ុន​កោះ​ពេជ្រ បាន​សន្យា​ថា និង​ផ្ដល់​ថវិកា​ចំនួន ១០០០​ដុល្លារ​អាមេរិក ដល់​អ្នក​ស្លាប់​ម្នាក់ៗ និង​ផ្ដល់​ថវិកា ២០០​ដុល្លារ​អាមេរិក ដល់​អ្នក​រង​របួស​ម្នាក់ៗ។ អតីត​ព្រះ​មហា​ក្សត្រ ព្រះ​បាទ នរោត្តម សីហនុ បាន​សន្យា​ថា នឹង​ប្រទាន​ថវិកា​ចំនួន ២០០​ដុល្លារ​អាមេរិក ដល់​អ្នក​ស្លាប់​ម្នាក់ៗ និង​១០០​ដុល្លារ​អាមេរិក ដល់​អ្នក​រង​របួស​ម្នាក់ៗ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទទួល​ថវិកា​ជំនួយ​ចំនួន ៦​សែន​ដុល្លារ​អាមេរិក។ មូលនិធិ​ទូរទស្សន៍ CTN បាន​ទទួល​ថវិកា​ចំនួន​ជាង ៨​សែន​ដុល្លារ​អាមេរិក និង​មូលនិធិ​ទូរទស្សន៍ Bayon បាន​ទទួល​ថវិកា​ចំនួន​ជាង ១​លាន ៧​សែន ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​ទាំង​នោះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Pay money for people's life!

Nov 29, 2010 08:23 PM

គេហទំព័រ​ទាំងមូល