កូរ៉េ​គ្រោង​ផ្ដល់​ជំនួយ​ថវិកា​ដើម្បី​សាង​សង់​ផ្លូវ​មួយ​ខ្សែ​នៅ​តំបន់​អង្គរ

ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) គ្រោង​ផ្តល់​ប្រាក់ ៩​លាន​២សែន​ដុល្លារ​មក​ឲ្យ​អាជ្ញាធរ​អប្សរា ដើម្បី​សាង​សង់​ផ្លូវ​ចាក់​កៅស៊ូ​មួយ​ខ្សែ​នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​តំបន់​អង្គរ។
ដោយ ហង្ស សាវយុត
2010-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កីឡាករ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ នៅ​ជុំវិញ​បរិវេណ​អង្គរ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​៦ ធ្នូ ២០០៩។
ក្រុម​កីឡាករ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ នៅ​ជុំវិញ​បរិវេណ​អង្គរ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​៦ ធ្នូ ២០០៩។
RFA/Savyouth

មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ​ប្រាសាទ​បូរាណ​ក្នុង​ខេត្ត​សៀមរាប​របស់​ប្រទេស​ខ្មែរ និង​មន្ត្រី​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ បាន​ចុះ​ហត្ថលេខា​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​កុម្ភៈ លើ​គម្រោង​ផ្តល់​ជំនួយ​ទឹក​ប្រាក់​ដើម្បី​សាង​សង់​ផ្លូវ​ចាក់​កៅស៊ូ​មួយ​ខ្សែ​ប្រវែង​ជាង ២១​គីឡូម៉ែត្រ​ព័ទ្ធ​វង់​នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ជាប់​តំបន់​អង្គរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ចរាចរណ៍​និង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​នានា​ដែល​ឆ្លង​កាត់​តំបន់​អង្គរ​ផង។

អគ្គ​នាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ ថា ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​មាន​គម្រោង​ផ្តល់​ទឹក​ប្រាក់ ៩​លាន​២​សែន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​ថ្មី​មួយ ដោយ​គម្រោង​សាង​សង់​ផ្លូវ​នោះ​នឹង​ឆ្លង​កាត់​ក្រុង​១ ស្រុក​ចំនួន​២ របស់​ខេត្ត​សៀមរាប​គឺ​ក្រុង​សៀមរាប ស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី។

លោក ប៊ុន ណារិទ្ធ បាន​មាន​ប្រសាសន៍​ទៀត​ថា អ្នក​ជំនាញ​កូរ៉េ​បាន​ចាប់ផ្តើម​សិក្សា​បច្ចេកទេស​ជាមួយ​អ្នក​ជំនាញ​ខ្មែរ​ចាប់​ពី​ពេល​នេះ ហើយ​ក្រុម​វិស្វករ​កូរ៉េ​នឹង​ចាប់ផ្តើម​ធ្វើ​ផ្លូវ​នោះ​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០១២។

លោក ប៊ុន ណារិទ្ធ បាន​មាន​ប្រសាសន៍​ថា គោលបំណង​ធ្វើ​ផ្លូវ​ថ្មី​គឺ​សម្រួល​ចរាចរណ៍​នៅ​តំបន់​ប្រាសាទ​បូរាណ​កុំ​ឲ្យ​ច្រើន​ពេក ពីព្រោះ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​ប្រាសាទ​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ក៏​កាត់​តាម​តំបន់​ប្រាសាទ ឯ​អ្នក​ដឹក​ជញ្ជូន​ក៏​មក​តាមតំបន់​ប្រាសាទ​ដែល​គួរ​ឲ្យ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​នៃ​ភាព​ទ្រុឌទ្រោម​របស់​ប្រាសាទ​ជា​ច្រើន។

លោក ប៊ុន ណារិទ្ធ បាន​បញ្ជាក់​ថា ៖ «យើង​ធ្វើ​ផ្លូវ​នេះ​ព័ទ្ធ​វង់​ជុំវិញ​តំបន់​ប្រាសាទ គឺ​អាច​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​មិន​បាច់​ឆ្លង​កាត់​តំបន់​ប្រាសាទ​បាន។ ផ្លូវ​ហ្នឹង​ចាក់​កៅស៊ូ​ទទឹង ៧​ម៉ែត្រ។ គេ​មិន​អាច​ដឹក​ជញ្ជូន​ធុន​ធ្ងន់​បាន​ទេ​អា​ហ្នឹង ពីព្រោះ​នៅ​ក្នុង​តំបន់​អង្គរ មិន​ដឹក​ជញ្ជូន​ធ្ងន់​ទេ របៀប​ចរាចរណ៍​ការ​ដឹក​ជញ្ជូន​ក្នុង​ស្រុក ក្នុង​ភូមិ»

ចំណែក​លោក គីម គង់ យុង (Kim Kwong Young) ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កូរ៉េ​តែងតែ​ជួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ក៏​ដូច​ជា​ផ្នែក​វប្បធម៌ ហើយ​ក្នុង​នាម​ប្រជាពលរដ្ឋ​កូរ៉េ​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​និង​លើក​តម្លៃ​​​តំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ។

លោក គីម គង់ យុង បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ «គម្រោង​ជំនួយ​របស់​កូរ៉េ​នេះ​​មិន​មែន​ធំ​ដុំ​ទេ ប៉ុន្តែ​យើង​ជឿ​ថា គម្រោង​ជំនួយ​របស់​កូរ៉េ​គឺ​នឹង​ធ្វើ​ឲ្យ​មាន​តម្លៃ​ណាស់​សម្រាប់​ការ​រីក​ចម្រើន​ឡើង​នូវ​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​​សម្រាប់​កូរ៉េ​និង​កម្ពុជា​នា​ពេល​អនាគត»

អគ្គ​នាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធ បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ បាន​ផ្តល់​ជំនួយ​ធ្វើ​ផ្លូវ​ព័ទ្ធ​វង់​ជិត​តំបន់​អង្គរ ដោយ​កាល​ពី​ឆ្នាំ​មុន​កូរ៉េ​បាន​ផ្តល់​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ធ្វើ​ផ្លូវ​ជាង ១៥​គីឡូ​ម៉ែត្រ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល