អាជ្ញាធរ​អះអាង​ថា​គ្មាន​ការ​សម្លាប់​សត្វ​ផ្សោត​នៅ​ក្រចេះ

មន្ត្រី​អភិវឌ្ឍ​តំបន់​ទេសចរណ៍ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ បាន​មាន​ប្រតិកម្ម​ថា ពុំ​មាន​ការ​លួច​សម្លាប់​សត្វ​ផ្សោត​ទេ។
ដោយ ឱភារិទ្ធ
2010-07-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វ​ផ្សោត​នៅ​តាម​ដង​ទន្លេ​មេគង្គ
សត្វ​ផ្សោត​នៅ​តាម​ដង​ទន្លេ​មេគង្គ
Photo courtesy of goldena.wordpress.com

ប្រធាន​គណៈ​កម្មការ​អភិរក្ស​សត្វ​ផ្សោត លោក ទូច សៀង​តាណា បាន​បដិសេធ​នៅ​ថ្ងៃ​ទី​១៥ កក្កដា​នេះ​ថា មិន​មាន​អ្នក​នេសាទ​សម្លាប់​ត្រី​ផ្សោត​ជា​បន្ត​បន្ទាប់ ហើយ​សណ្ដោង​ថ្ម​ទម្លាក់​ទៅ​បាត​ទន្លេ ដើម្បី​បំបាត់​ដាន​នោះ​ទេ ក្នុង​រយៈ​ពេល​កន្លង​មក។

លោក ទូច សៀង​តាណា អះអាង​ថា លោក​មិន​សប្បាយ​ចិត្ត​សោះ​ចំពោះ​ព័ត៌មាន​ពី​ការ​សម្លាប់​ត្រី​ផ្សោត នៅ​ខេត្ត​ក្រចេះ​នោះ ដោយ​បាន​អះអាង​ថា​ព័ត៌មាន​នោះ​ជា​ការ​បំផ្លើស។

បើ​តាម​ច្បាប់​ជលផល មាត្រា​៩៨ បាន​លើក​ឡើង​ថា ជន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ដែន​អភិរក្ស គឺ​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​បី ទៅ​៥​ឆ្នាំ ដោយ​ពុំ​មាន​ផាក​ពិន័យ​ឡើយ។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ កក្កដា ដោយ​ស្រង់​សម្ដី​ប្រភព​មួយ​ដែល​និយាយ​ថា មាន​ការ​បារម្ភ​បន្ទាប់​ពី ឬ​គេ​ប្រាប់​ថា មាន​អ្នក​នេសាទ​ខ្លះ​បាន​សម្លាប់​ត្រី​ផ្សោត​ដោយ​សណ្ដោង​ថ្ម​ទម្លាក់​ទៅ​បាត​ទន្លេ ដើម្បី​បំបាត់​ដាន​រយៈ​ពេល​កន្លង​មក ព្រោះ​ខ្លាច​គេ​ពិន័យ​ប្រាក់ ឬ​ចោទ​ថា បាន​សម្លាប់​សត្វ​ផ្សោត ដែល​គេ​ថែ​រក្សា​ទុក។

ទន្ទឹម​នឹង​នេះ លោក ទូច សៀង​តាណា អះអាង​ថា មិន​ត្រឹម​តែ​មិន​មាន​ការ​សម្លាប់​សត្វ​ផ្សោត​ដូច​ដែល​ការ​អះអាង​នោះ​ទេ តែ​ការ​អភិរក្ស​សត្វ​ផ្សោត ក៏​បាន​រីក​ចម្រើន​ផង​ដែរ លោក​បញ្ជាក់​ថា សត្វ​ផ្សោត​នៅ​ឆ្នាំ​២០១០ នេះ បាន​កើន​ឡើង ២០​ក្បាល ពោល​គឺ​ពី​ចំនួន ១៥០​ទៅ​១៧០​ក្បាល ហើយ​បន្ទាប់​ពី​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​អភិរក្ស​គ្រប់​លំដាប់​ថ្នាក់​កន្លង​មក។

លោក ទូច សៀង​តាណា បាន​សង្ស័យ​ថា សម្ដី​ដែល​លើក​ឡើង​នោះ ជា​ការ​ញុះញង់​របស់​អង្គការ​មួយ ដែល​កំពុង​ច្រណែន​ទៅ​នឹង​ការ​ខិត​ខំ​របស់​ក្រុម​អភិរក្ស​ជាតិ​យើង ដែល​បាន​ធ្វើ​ឲ្យ​ថយ​អត្រា​ស្លាប់​របស់​សត្វ​ផ្សោត​ច្រមុះ​ខ្លី​ដ៏​កម្រ ដែល​ផ្ដល់​ផល​ប្រយោជន៍​ក្នុង​ការ​ទាក់​ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។ សត្វ​ផ្សោត​ច្រមុះ​ខ្លី​បន្ត​ពូជ​ដោយ​បង្កើត​កូន​បាន​តែ​មួយ​ទេ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ដូច​មនុស្ស​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល