ប្រតិភូ​សាលាក្ដី​ខ្មែរ​ក្រហម ទៅ​រក​ថវិកា​នៅ New York

ការ​ខ្វះ​ខាត​ថវិកា​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា បាន​កើត​មាន​តាំង​ពី​ដំបូង​មក នៃ​ការ​បង្កើត និង​ដំណើរ​ការ​សាលា​ក្ដី​ខ្មែរ​ក្រហម ឆ្នាំ​២០០៦ មក។ នៅ​ពេល​នេះ សាលា​ក្ដី​កូន​កាត់​ពិសេស​នេះ នៅ​តែ​ជួប​ប្រទះ វិបត្តិ​ថវិកា​ជា​ដដែល ដូច​ពេល​មុនៗ​ដែរ។
ដោយ សុខ សេរី
2010-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។
សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។
Courtesy of ECCC

មន្ត្រី​ជាន់​ខ្ពស់ នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ចំនួន ៤​នាក់ គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​អង្គការ សហ​ប្រជា​ជាតិ នៅ​ក្នុង​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក នៅ​យប់​ថ្ងៃ​សុក្រ ទី​២១ ខែ​ឧសភា ឆាប់ៗ​នេះ ដើម្បី​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សំខាន់​មួយ ស្នើ​សុំ​ថវិកា​ឲ្យ​បាន​ឆាប់​មក​ឲ្យ​ភាគី​កម្ពុជា នៅ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ខាត​ថវិកា​យ៉ាង​ធ្ងន់ធ្ងរ ដើម្បី​ប្រាក់​បើក​ខែ​ឲ្យ​បុគ្គលិក​កម្ពុជា សរុប​ជិត ៣០០​នាក់។

មន្ត្រី​ជាន់​ខ្ពស់​ចំនួន ៤​នាក់​នោះ មាន​លោក ក្រាញ់ តូនី ប្រធាន​ស្ដីទី​នៃ​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម លោក រ៉ូង ឈូង មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម និង​មន្ត្រី​រដ្ឋបាល​ភាគី​បរទេស ២​នាក់​ទៀត នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នោះ។

មន្ត្រី​ចំនួន ៤​នាក់​នោះ នឹង​ចំណាយ​ពេល​ចំនួន​ប្រមាណ ២​សប្ដាហ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចូល​រួម​អង្គប្រជុំ​សំខាន់​របស់​អង្គការ​សហ​ប្រជា​ជាតិ ក្រោម​អធិបតីភាព​របស់​លោក Ban Kymoon អគ្គលេខាធិការ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​ឧសភា​ឆាប់ៗ​នេះ។

លោក ឌឹម សុវណ្ណារ៉ុម ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​សាលាក្ដី​ខ្មែរក្រហម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​ឧសភា​នេះ​ថា ៖ «ប្រទេស​ទាំង​នោះ ដែល​បាន​អនុម័ត​កញ្ចប់​ថវិកា​ហើយ ឲ្យ​ទម្លាក់​ថវិកា​មក ដើម្បី​យក​ថវិកា​ហ្នឹង មក​ប្រើស​ប្រាស់​នៅ​ក្នុង​ដំណើរ​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម សម្រាប់​ឆ្នាំ​២០១០ និង​២០១១ ដែល​មាន​កញ្ចប់​ថវិកា​សរុប ៩២,៣​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ ផ្នែក​ជាតិ ប្រហែល​ជា​១​ភាគ​៣ គឺ​២៣,១​លាន​ដុល្លារ​អាមេរិក»

មន្ត្រី​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា លោក ទ្បុង បញ្ញាវុធ ដែល​តែង​តែ​តាម​ដាន​ដំណើរ​ការ​របស់ សាលាក្ដី​ខ្មែរ​ក្រហម​កន្លង​មក បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ៖ «បើ​អត់​ថវិកា​ទេ តើ​តុលាការ​ហ្នឹង ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច? ពិត​មែន​តែ​មាន​ថវិកា​ខ្លះ​មក​ខាង​ចៅក្រម ខាង​ច្បាប់ ប៉ុន្តែ​យើង​ត្រូវ​ការ​ថវិកា​មក​ខាង​រដ្ឋបាល​ដែរ។ ហើយ​ទី​២ យើង​ត្រូវ​គាំទ្រ​សម្រាប់​សកម្មភាព​ផ្សេងៗ ទាក់​ទង​នឹង​ការ​ចូល​រួម​របស់​ដើម​បន្តឹង​រដ្ឋប្បវេណី​»

ប្រភព​ពី​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​កម្ពុជា​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ចំនួន ២៩៤​នាក់ បាន​ទទួល​ប្រាក់​ខែ​ចំនួន ៥០% កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ក្នុង​ម្នាក់ៗ។ ប្រាក់​ខែ​សម្រាប់​បុគ្គលិក​សម្រាប់​ខែ ឧសភា​នេះ កំពុង​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ។ គេ​ត្រូវ​ការ​សាច់​ប្រាក់​ចំនួន ៤៨​ម៉ឺន ៥០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែៗ សម្រាប់​បុគ្គលិក​កម្ពុជា​ចំនួន ២៩៤​នាក់​នោះ។

កន្លង​មក ថវិកា​ចំនួន ៩២,៣​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ជាង ២៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ភាគី​កម្ពុជា ត្រូវ​បាន​គេ​អនុម័ត​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ការ​លំហូរ​សាច់​ប្រាក់​នោះ​មក​នៅ​ឡើយ។

កន្លង​ទៅ​ថ្មីៗ​នេះ​ទៀត សហរដ្ឋ​អាមេរិក បាន​សន្យា​ផ្ដល់​ថវិកា​មក​សាលាក្ដី​ខ្មែរ​ក្រហម​ចំនួន ៥​លាន​ដុល្លារ​អាមេរិក ប្រទេស​ជប៉ុន​បាន​សន្យា​ផ្ដល់​ថវិកា​ចំនួន ៣,៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ភាគី​បុគ្គលិក អន្តរជាតិ និង​សហភាព​អឺរ៉ុប បាន​សន្យា​ផ្ដល់​ថវិកា​ចំនួន​ជាង ២​លាន​អឺរ៉ូ សម្រាប់​បុគ្គលិក​ភាគី​កម្ពុជា ប៉ុន្តែ​គេ​នៅ​មិន​ទាន់ បាន​ទទួល​ថវិកា​នោះ​នៅ​ឡើយ​ទេ។

សាលាក្ដី​ខ្មែរ​ក្រហម មាន​ផែនការ​ប្រកាស​សាលក្រម នៃ​សំណុំ​រឿង​០០១ របស់​ឌុច មេ​គុក​ទួលស្លែង នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១០ នេះ។ ហើយ​សាលាក្ដី​ខ្មែរ​ក្រហម​ដដែល មាន​ផែនការ​បើក​សវនាការ​កាត់​ទោស​សំណុំ​រឿង​០០២ នៅ​ដើម​ឆ្នាំ​២០១១ ខាង​មុខ​នេះ ដែល​មាន​លោក អៀង សារី លោក នួន ជា លោក ខៀវ សំផន និង​លោក​ស្រី អៀង ធិរិទ្ធិ។

ឌុច និង​ជន​ជាប់​ចោទ ៥​នាក់​ខាង​លើ​នេះ បាន​រង​ការ​ចោទ​ប្រកាន់​ពី​សាលាក្ដី​ខ្មែរ​ក្រហម ក្រោម​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​បាន​សម្លាប់​មនុស្ស​ជិត ២​លាន​នាក់ នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល