សាលាក្ដី​ខ្មែរ​ក្រហម​ទទួល​បាន​ការ​សន្យា​ផ្ដល់​ជំនួយ​បន្ទាន់​ជិត​១៧​លាន​ដុល្លារ

សាលាក្ដី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​២៦ ឧសភា​នេះ បាន​ទទួល​ការ​សន្យា​ផ្ដល់​ប្រាក់​ជា​បន្ទាន់​មួយ​នៅ​ជំហាន​ដំបូង​ចំនួន​ជិត ១៧​លាន​ដុល្លារ ដើម្បី​បន្ត​ដំណើរការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម នៅ​គ្រា​ដែល​សាលាក្ដី​កំពុង​ជួប​ប្រទះ​នឹង​កង្វះ​ថវិកា​យ៉ាង​ធ្ងន់ធ្ងរ​ខាង​ភាគី​កម្ពុជា។
ដោយ សុខ សេរី
2010-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។
សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។
Courtesy of ECCC

ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​ស្វែងរក​ថវិកា​ជា​បន្ទាន់​មួយ​របស់​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថ្មី​ៗ​នេះ គឺ​មាន​ប្រទេស​ចំនួន ១៤ ក្នុង​ចំណោម ៦០ បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ។

នៅ​ក្នុង​ចំណោម​ថវិកា​សន្យា​ចំនួន ១៦,៩​លាន​ដុល្លារ​អាមេរិក គឺ​ភាគី​កម្ពុជា​ទទួល​បាន​ថវិកា​ចំនួន ៣,៤​លាន​ដុល្លារ​អាមេរិក សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​កម្ពុជា​ចំនួន ២៩៤​នាក់ នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម សម្រាប់​ខែ​ឧសភា និង​ខែ​មិថុនា​ខាង​មុខ ក្រៅ​ពី​នេះ​ថវិកា​សេស​សល់​គឺ​សម្រាប់​ភាគី​បុគ្គលិក​អន្តរជាតិ​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម​នោះ។

លោក ឌឹម សុវណ្ណារុំ មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​សាលាក្ដី​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​ឧសភា​នេះ ថា ៖ «យើង​គិត​ថា ថវិកា​ដែល​បាន​សន្យា​នេះ គឺ​ជា​ដំណោះស្រាយ​បន្ទាន់​មួយ ដើម្បី​ដោះស្រាយ​កង្វះ​ខាត​ថវិកា ដែល​ភាគី​ជាតិ​បាន​ខ្វះ​ខាត​កន្លង​មក»

លោក ឌឹម សុវណ្ណារុំ បាន​បញ្ជាក់​ថា ៖ «ភាគី​ជាតិ បុគ្គលិក​ដែល​មាន​ចំនួន ២៩៤​នាក់​កាល​ពី​ខែ​មេសា​ហ្នឹង​បាន​ប្រាក់​ខែ​តែ ៥០%​ទេ ហើយ​ការ​សន្យា​បន្ត​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​កង្វះ​ខាត​ថវិកា ហើយ​និង​ឈាន​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ជាតិ​តាម​ប្រក្រតី​ឡើង​វិញ»

ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ របប​ខ្មែរ​ក្រហម នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩ លោក ឆាំង យុ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ជា​ការ​ខក​ចិត្ត​មួយ ដែល​មិន​ឃើញ​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម​ចំណែក​ជួយ​ផ្គត់ផ្គង់​ដល់​ដំណើរការ​កាត់​ក្តី​មេ​ខ្មែរ​ក្រហម​នេះ  ដោយសារ​ថា ដំណើរការ​កាត់​ក្តី​នេះ​នៅ​ក្នុង​តំបន់​អាស៊ី ហើយ​គឺ​ជា​ប្រភេទ​តុលាការ​កាត់​ទោស​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​មួយ​ហើយ នៅ​ក្នុង​សតវត្ស​ទី​២១។ នៅ​ក្នុង​តំបន់​អាស៊ី​យើង​នេះ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់!»

ប្រភព​ពី​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​បាន​សន្យា​ផ្ដល់​ថវិកា​ជា​បន្ទាន់​ដល់​សាលាក្ដី​ខ្មែរ​ក្រហម​ថ្មី​ៗ​នេះ មាន​ដូច​ជា​ប្រទេស​ជប៉ុន ប្រទេស​អូស្ត្រាលី និង​ប្រទេស​អាល្លឺម៉ង់ ជាដើម។

កាល​ពី​ខែ​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១០​កន្លង​ទៅ​ថ្មី​ៗ​នេះ សាលាក្ដី​ខ្មែរ​ក្រហម​បាន​ទទួល​ការ​សន្យា​ផ្ដល់​ប្រាក់​ចំនួន​ជាង ៤៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១០ និង​ថវិកា​ចំនួន ៤៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១១ គឺ​សរុប​ចំនួន ៩២,៣​លាន​ដុល្លារ​អាមេរិក។

លោក ឌឹម សុវណ្ណារុំ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ពណ៌នា​ថា ការ​សន្យា​ផ្ដល់​ប្រាក់​ជា​បន្ទាន់​ចំនួន ១៦,៩​លាន​ដុល្លារ​អាមេរិក​ថ្មី​ៗ​នេះ គឺ​ជា​ជំហាន​ដំបូង​ក្នុង​ចំណោម​កញ្ចប់​ថវិកា​សរុប ៩២,៣​លាន​ដុល្លារ​អាមេរិក​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល