សាលាក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​ពិភាក្សា​រឿង​រក​គុក​ដាក់​ឌុច​នៅ​ឡើយ

អ្នក​នាំ​ពាក្យ​កិច្ចការ​ច្បាប់​នៃ​អង្គការ​សហ​ប្រជាជាតិ​របស់​អង្គ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក ឡាស អលសិន បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃ​២២ កក្កដា ថា តុលាការ​ខ្មែរ​ក្រហម​នៅ​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងរក​ពន្ធនាគារ​ណា​មួយ​សម្រាប់​ដាក់​អតីត​ប្រធាន​មន្ទីរ ស-២១ នៅ​ឡើយ​ទេ។
ដោយ យន់ សាមៀន
2010-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច បង្ហាញ​មុខ​ក្នុង​សវនាការ​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៣ វិច្ឆិកា ២០០៩
ប្រធាន​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច បង្ហាញ​មុខ​ក្នុង​សវនាការ​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៣ វិច្ឆិកា ២០០៩
Courtesy of ECCC

តុលាការ​ខ្មែរ​ក្រហម​នឹង​ប្រកាស​សាលក្រម​របស់​អតីត​ប្រធាន​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ជា​ប្រវត្តិសាស្ត្រ​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ កក្កដា បន្ទាប់​ពី​តុលាការ​ខ្មែរ​ក្រហម​ចំណាយ​អស់​រយៈពេល​ចំនួន ៧៧​ថ្ងៃ​រួច​មក។ ឌុច ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ, ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សន្ធិសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩, មនុស្ស​ឃាត​គិត​ទុក​ជា​មុន និង​ការ​ធ្វើ​ទារុណកម្ម។

លោក ឡាស អលសិន (Lars Olsen) បន្ថែម​ថា ប្រសិន​បើ​តុលាការ​ខ្មែរ​ក្រហម​កាត់​ឲ្យ ឌុច ជាប់​ទោស​ក្នុង​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៦ កក្កដា ឌុច នឹង​បន្ត​ស្នាក់នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម រហូត​ដល់​តុលាការ​ខ្មែរ​ក្រហម និង​រដ្ឋាភិបាល ជ្រើសរើស​ពន្ធនាគារ​ណា​មួយ​ឲ្យ​គាត់។

លោក ឡាស អលសិន បាន​មាន​​ប្រសាសន៍​ថា ៖ «...ជា​ដំបូង វា​ជា​ការ​ចាំបាច់​ដែល​គាត់​ត្រូវ​គេ​កាត់​ឲ្យ​ជាប់​ទោស​ជា​មុន​សិន។ យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​គាត់​នឹង​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស មុន​ពេល​ប្រកាស​សាលក្រម។ ប្រសិន​បើ​គាត់​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស គាត់​នឹង​ត្រូវ​ស្នាក់​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម រហូត​ដល់​សាលាក្ដី​ខ្មែរ​ក្រហម និង​រដ្ឋាភិបាល​កម្ពុជា ឈាន​ដល់​ការ​យល់ព្រម​ចំពោះ​ទី​កន្លែង​ដែល​គាត់​ត្រូវ​ទទួល​ជាប់​ឃុំឃាំង ចំពោះ​ការ​កាត់​ទោស​របស់​គាត់...»

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​សាលាក្ដី​ខ្មែរ​ក្រហម លោក រាជ សម្បតិ្ត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែរ​ថា ការ​ស្វែងរក​ពន្ធនាគារ​សម្រាប់​ដាក់ ឌុច ក្រោយ​ពេល​ការ​ប្រកាស​សាលក្រម​ជា​រឿង​ថ្ងៃ​ក្រោយ។ លោក​ថា មន្ទីរ​ឃុំឃាំង​សាលាក្ដី​ខ្មែរ​ក្រហម​បច្ចុប្បន្ន​បាន​ផ្ដល់​សេវាកម្ម ដោយ​គោរព​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ។

លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «ជន​ជាប់​ចោទ​ហ្នឹង គឺ​គាត់​មាន​ការ​ផ្ដល់​ដូច​ជា គាត់​អាច​អាន​សារព័ត៌មាន​ព្រឹក។ ព្រឹក​ឡើង​យើង​មាន​កាសែត គាត់​មាន​វិទ្យុ​សម្រាប់​ស្ដាប់​ទទួល​ព័ត៌មាន នៅ​កន្លែង​ដទៃ​ក៏​គេ​មាន​ដែរ មិន​អត់​ទេ! ហើយ​មួយ​ទៀត​គឺ​គាត់​អាច​មាន​ទូរទស្សន៍​មើល​ព័ត៌មាន ឬ​ការ​បើក​សវនាការ​លើ​អង្គ​សេចក្ដី​អី​ដែល​គាត់​អាច​ត្រូវ​តាមដាន»

លោក​ថា មន្ទីរ​ឃុំឃាំង​ពិសេស​របស់​សាលាក្ដី​ខ្មែរ​ក្រហម នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រសួង​ការពារ​ជាតិ​វិញ ក្រោយ​ពេល​បញ្ចប់​ការ​កាត់​ទោស​អតីត​មេ​ខ្មែរ​ក្រហម។

ប្រធាន​សមាគម ក្សេមក្សាន្ត​ទ្រទ្រង់​ជន​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​ទាមទារ​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​បញ្ជូន ឌុច ទៅ​គុក​ធម្មតា ដើម្បី​ទទួល​ទោស​របស់​គាត់។ លោក​ថា បច្ចុប្បន្ន ឌុច រស់​នៅ​ដោយ​ស្រួល​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម។

លោក ជុំ ម៉ី បាន​ឲ្យ​ដឹង​ថា ៖ «មួយ​ថ្ងៃ​បី​ពេល​(បាយ) ដេក​សុទ្ធ​តែ​ពូក មាន​កង្ហារ​ស្អី​ៗ មាន​ទូរទស្សន៍​ទៅ​ទៀត! អា​ហ្នឹង​ជា​គុក​អន្តរជាតិ របៀប​ហ្នឹង ឬ​យ៉ាង​ម៉េច? ខ្ញុំ​អត់​ដែល​ជាប់​គុក​អន្តរជាតិ​ផង! ...គាត់ (ឌុច) ជាប់​ហ្នឹង សំណាង​ណាស់! បាយ​មួយ​ថ្ងៃ​បី​ពេល​អី​ៗ​អ៊ីចឹង! ប៉ុន្តែ​ខ្ញុំ បើ​របៀប​ហ្នឹង ក៏​ខ្ញុំ​សុខ​ចិត្ត​ជាប់​គុក​ដែរ!»

ឯកសារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ឌុច បាន​ទទួល​ស្គាល់​ថា គាត់​ជា​ប្រធាន​មន្ទីរ ស-២១ ក្នុង​របប​ខ្មែរ​ក្រហម។ មាន​អ្នក​ទោស​ជាង ១៥.០០០​នាក់​ត្រូវ​បាន​សម្លាប់ ឬ​ស្លាប់ ដោយសារ​ការ​ធ្វើ​ទារុណកម្ម និង​ស្ថានភាព​ឃុំឃាំង​ដ៏​អាក្រក់ នៅ​ឯ​មន្ទីរ ស-២១៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល