ជនជាតិ​សួយ​៣៥០​គ្រួសារ​នៅ​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​ថា​រំលោភ​យក​ដី​សហគមន៍

ជនជាតិ​ដើម​ភាគ​តិច​សួយ​៣៥០​គ្រួសារ​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខែត្រ​កំពង់ស្ពឺ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​២១ កុម្ភៈ ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន H.L.H ថា បាន​រំលោភ​យក​ដី​សហគមន៍​និង​ដី​ស្រែ​របស់​ពួកគេ​ដែល​បាន​កាន់កាប់​តាំង​ពី​ដូន​តា​មក​ហើយ​នោះ ដើម្បី​អភិវឌ្ឍន៍​ដាំ​ពោត​ទៅ​វិញ។
ដោយ ទីន ហ្សាការីយ៉ា
2010.02.22

ស្រ្តី​មួយ​រូប​ដែល​អះអាង​ថា ជា​តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ វ៉ែន សាម៉ី បាន​និយាយ​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៩ ភាគី​ក្រុមហ៊ុន​បាន​ប្រកាស​ប្រាប់​ពួកគេ​ថា ដី​នៅ​តំបន់​ឃុំ​ត្រពាំងជោរ គឺ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ហើយ​ដល់​ខែ​មិថុនា​ឆ្នាំ​ដដែល គេ​បាន​យក​គ្រឿង​ចក្រ​ឈូស​ព្រំ​ដី​ព័ទ្ធ​ជុំវិញ​ដី​សហគមន៍​និង​ដី​ចម្ការ​វិលជុំ​របស់​ពួកគាត់។

អ្នកស្រី វ៉ែន សាម៉ី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «បើ​សិន​ជា​រាជ​រដ្ឋាភិបាល​អត់​ជួយ​ជនជាតិ​សួយ​ម្ដង​នេះ គឺ​ជនជាតិ​សួយ​ត្រូវ​តែ​ស្លាប់។ ទី​២ សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ»

អ្នកស្រី វ៉ែន សាម៉ី បាន​អះអាង​ទៀត​ថា ក្រុមហ៊ុន​បាន​ធ្វើការ​អភិវឌ្ឍន៍​ដី​នៅ​តំបន់​នោះ គឺ​ប៉ះពាល់​ដី​ជនជាតិ​ភាគ​តិច​សួយ​ចំនួន​៥​ភូមិ ដែល​មាន​ប្រជាពលរដ្ឋ​៣៥០​គ្រួសារ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​ឈូស​ដី​ស្រែ​របស់​ពួកគាត់​ធ្វើ​ផ្លូវ។

ស្រ្តី​មួយ​រូប​ទៀត​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ អភិបាល​រង​ស្រុក​ឱរ៉ាល់ និង​មន្រ្តី​បរិស្ថាន​លោក ឈុន ឈៀកហេង បាន​ទៅ​សម្រុះ​សម្រួល​ជូន​ពួកគេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួកគេ​ពុំ​បាន​សម្រុះ​សម្រួល​ណា​មួយ​ទេ ហើយ​ថា ដី​របស់​ពួកគាត់​ថា ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​រដ្ឋាភិបាល​បាន​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន H.L.Hទៅ​វិញ ៖ «បើ​សិន​ជា​ក្រុមហ៊ុន​នៅ​តែ​ឈូស​ឆាយ​អ៊ីចឹង ប្រជាពលរដ្ឋ​ខ្ញុំ​ថា ឲ្យ​សម្លាប់​ចោល​ទាំង​៥​ភូមិ​តែម្ដង​ទៅ មិន​បាច់​ទុក​ទេ បើ​សិន​ជា​នៅ​មាន​ជីវិត​រស់​នៅ​តែ​តវ៉ា​អ៊ីចឹង លុះត្រា​តែ​សម្លាប់​ចោល​ឲ្យ​អស់​បាន​លែង​មាន​អ្នក​តវ៉ា»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក មួង ឃី អភិបាល​រង​ស្រុក​ឱរ៉ាល់​បាន​ទេ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ។ រី​ឯ​មន្រ្តី​នៃ​ក្រសួង​បរិស្ថាន ទទួល​បន្ទុក​ជម្រក​សត្វ​ព្រៃ​ស្រុកឱរ៉ាល់ លោក ឈុន ឈៀកហេង បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ ៖ «ខ្ញុំ​អត់​ដឹង​ដំណើរ​រឿង​យ៉ាង​ម៉េច​ទេ»

មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​ទៅ​ចូល​រួម​ការ​សម្រុះ​សម្រួល​រវាង​អភិបាល​ស្រុក​រង​និង​ប្រជាពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ពុំ​បាន​បង្ហាញ​ពី​គោលនយោបាយ​ដោះ​ស្រាយ​ណា​មួយ​ឲ្យ​បាន​ច្បាស់​លាស់​ទេ​ចំពោះ​ជម្លោះ​ដី​ជនជាតិ​ដើម​ភាគតិច​សួយ​នេះ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ ៖ «ពួកគាត់​រាល់​ថ្ងៃ​ទាំង​៥​ភូមិ​ហ្នឹង នាំ​គ្នា​តាម​គ្រឿង​ចក្រ​គេ​ហ្នុង ខ្លាច​គេ​ឈូស​ចូល​ឆ្លង​ស្ទឹង ឬ​ឈូស​ចូល​ដី​គាត់។ រវល់​តែ​តាម​គេ​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​គ្រួសារ អ៊ីចឹង​ផ្ទះ​គាត់​ខ្លះ​ចង់​ដាច់​អង្ករ​ហើយ ដោយសារ​តែ​ម្នាក់ៗ​អត់​បាន​ធ្វើ​អី»

លោក អំ សំអាត បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន H.L.H បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន​៩.៩៨៥​ហិកតា​កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​អភិវឌ្ឍ​ដាំ​ពោត ហើយ​ក្នុង​នោះ​បាន​ប៉ះពាល់​លើ​ដី​ជនជាតិ​ដើម​ភាគ​តិច​សួយ​និង​ដី​អភិរក្ស​សត្វ​ព្រៃ។

លោក អំ សំអាត បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​នេះ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជា​ប្រយោជន៍​ភាគី​ទាំង​សង​ខាង បើ​មិន​ដូច្នោះ​ទេ ជនជាតិ​សួយ​ទាំង​នោះ​នឹង​គ្មាន​ដី​ធ្វើ​របរ​កសិកម្ម​ទៀត​នោះ​ទេ ហើយ​រដ្ឋាភិបាល​គួរ​តែ​គិត​គូរ​និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ផង​ដែរ ចៀស​វាង​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច្នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។