ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​រងគ្រោះ​ពី​ការ​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម

ការ​វិនិយោគ​មិន​មែន​សុទ្ធ​តែ​នាំ​មក​នូវ​ការ​អបអរ​សាទរ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ។ មាន​ការ​វិនិយោគ​ខ្លះ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រើ​លំនៅឋាន​ចាក​ចោល​ទី​កន្លែង​ចាស់ ទៅ​នៅ​ទីតាំង​ថ្មី។
ដោយ សួន សុផលមុនី្ន
2013-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅ​ខេត្ត​បាត់ដំបង ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅលូន កំពុង​រងគ្រោះ​ដោយ​ការ​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម។ ក្រុម​អ្នក​ភូមិ​ខ្លះ​បាន​ក្លាយ​ទៅ​ជា​កូន​បំណុល​គេ ដោយ​សារ​ពួក​គេ​ពុំ​មាន​លុយ​សង​ក្រុមហ៊ុន​ដែល​បាន​ជួល​ដី​ស្រែ​ចម្ការ​ឲ្យ​ពួក​គាត់​បង្កបង្កើន​ផល។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​សើរើ​គម្រោង​ការ​អភិវឌ្ឍន៍ និង​កិច្ច​សន្យា​របស់​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ​ជិត ៥​ពាន់​ហិកតារ នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ប្រទេស​ថៃ។ ការ​អំពាវ​នាវ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​គេ​រក​ឃើញ​ថា ក្រុមហ៊ុន​នោះ​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច។

អ្នកស្រី មូរ សុខហួរ ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៣ ថា អ្នកស្រី​សុំ​ឲ្យ​ក្រុមហ៊ុន សួន មានសម្បត្តិ សង​ជំងឺ​ចិត្ត​នូវ​អ្វី​ដែល​ប្រជា​កសិករ​បាន​បង់​ទៅ​ក្រុមហ៊ុន ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ ភាគី​ក្រុមហ៊ុន​ត្រូវ​តែ​សង​ទៅ​ឲ្យ​ប្រជា​កសិករ​វិញ ហើយ​បញ្ឈប់​នូវ​ការ​យក​ដី​សម្បទាន​របស់​រដ្ឋ​ទៅ​ជួល​ឲ្យ​ប្រជា​កសិករ។

អ្នកស្រី មូរ សុខហួរ៖ «យើង​អ្នក​តំណាង​រាស្ត្រ យើង​បាន​សួរ​រដ្ឋាភិបាល។ រដ្ឋាភិបាល​បាន​ដាក់​ដី​សម្បទាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​មួយ​ហិកតារ​ថ្លៃ ៥​ដុល្លារ ហើយ​ក្រុមហ៊ុន​យក​ទៅ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រងគ្រោះ​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង ទៅ​ជួល​ពី​ក្រុមហ៊ុន​មក​វិញ​ក្នុង​មួយ​ហិកតារ ១០០​ដុល្លារ។ នេះ​ជា​រឿង​មិន​ស្រប​ច្បាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រ​នៅ​តែ​ក្រ និង​ជា​ការ​បំផ្លាញ​នូវ​អ្វី​ដែល​វិស័យ​កសិកម្ម»

វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​សុំ​សេចក្ដី​ប្រតិកម្ម​ពី​ភាគី​ក្រុមហ៊ុន សួន មានសម្បត្តិ បាន​ទេ ជុំវិញ​ការ​លើក​ឡើង​របស់​អ្នកស្រី មូរ សុខហួរ។

ប៉ុន្តែ លោក ជុំ ស៊ីប អភិបាល​ស្រុក​សំពៅលូន បាន​បញ្ជាក់​ថា ដោយ​សារ​ក្រុមហ៊ុន​រៀបចំ​ដី​អត់​ទាន់​បាន​គ្រប់​ចំនួន។ ដី​នោះ​មាន​ចំនួន​កម្រិត ដូច្នេះ​ហើយ​ក្រុមហ៊ុន​មិន​ទាន់​បាន​ដាំ​ដុះ​អី​ដោយ​ខ្លួន​ឯង​នោះ​ទេ។ មូលហេតុ​នេះ​ហើយ ទើប​ក្រុមហ៊ុន​បាន​យក​ដី​នោះ​ជួល​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ដែល​គាត់​ត្រូវ​ការ​ជួល​ក្នុង​តម្លៃ​មួយ​ថោក។

លោក ជុំ ស៊ីប៖ «ពេល​គាត់​ប្រមូល​ផល​បាន យើង​យក​ផល អត់​ចុង​ការ​អី​ទេ។ ហើយ​គាត់​ប្រមូល​មិន​បាន​ដោយ​ខូច​ខាត​ក្នុង​ឆ្នាំ​ហ្នឹង គេ​លើក​លែង​ដល់​មួយ​ឆ្នាំ​ទៀត ដែល​គាត់​បាន​ផល។ ការ​ដោះស្រាយ​ដោយ​យើង​រៀបចំ​អត់​ទាន់​ចប់។ អ៊ីចឹង ដី​ក្នុង​ចំនួន​ប៉ុន្មាន គោលការណ៍​ថា​ដាំ​អី ក្រុមហ៊ុន​គង់​តែ​គេ​ដាំ​ទេ ប៉ុន្តែ​ឥឡូវ​នេះ បងប្អូន​ណា​ដែល​គេ​មាន​លទ្ធភាព​ចង់​ជួល​ដី​ហ្នឹង​ទៅ​វិញ ក៏​ធ្វើ​រហូត​ដល់​ពេល​រៀបចំ​ចប់។ អា​ហ្នឹង​អាច​ថា គេ​ដាំ ឧទាហរណ៍​ដាំ​អំពៅ អ៊ីចឹង​វា​នៅ​ស្ទាក់ស្ទើរ ដោយ​សារ​អត់​ទាន់​រៀបចំ​ហើយ ក្នុង​រយៈពេល​ដំណាក់​កាល​ទី២ យើង​នឹង​រៀបចំ​ហើយ»

លោក គយ ជឿន រស់​នៅ​ភូមិ​ទួលក្រសាំង ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង លោក​បាន​ថ្លែង​ថា ភាគី​ក្រុមហ៊ុន សួន មានសម្បត្តិ បាន​រឹប​អូស​យក​ដី​របស់​ប្រជាពលរដ្ឋ។ បន្ទាប់​មក គេ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ជួល​ដី​នោះ​យក​មក​ធ្វើ​ស្រែ​ចម្ការ​វិញ។ ក្នុង​មួយ​គ្រួសារ ក្រុមហ៊ុន​អាច​ជួល​ឲ្យ​ពីរ​ហិកតារ ទៅ​បី​ហិកតារ ដោយ​ក្នុង​មួយ​ហិកតារ គេ​យក​ស្រូវ ៥០០​គីឡូ​ក្នុង​មួយ​រដូវ។ ប្រជាពលរដ្ឋ​ជាច្រើន បាន​នាំ​គ្នា​ទៅ​ជួល​អស់​ដី​រាប់​រយ​ទៅ​ដល់​ពាន់​ហិកតារ ដោយ​សារ​តែ​ពួក​គាត់​អត់​ដី។

លោក គយ ជឿន៖ «ហើយ​ចំណែក​ខ្លួន​ខ្ញុំ ជួល​តែ ៦​ហិកតារ​ទេ ក្នុង​ហិកតារ​ថ្លៃ ៥០០​គីឡូ​ស្រូវ។ ដល់​រដូវ​ច្រូត​កាត់​រួច​ហើយ ត្រូវ​ប្រមូល​ផល​ឲ្យ​គេ បាន​ក៏ដោយ មិន​បាន​ក៏ដោយ ទោះ​បី​ត្រូវ​ស្រូវ​ស្កក​ក៏ដោយ មិន​ស្កក​ក៏ដោយ ក្រុមហ៊ុន​គេ​នៅ​តែ​យក។ ខ្លួន​ខ្ញុំ​ផ្ទាល់ នៅ​ជំពាក់​ក្រុមហ៊ុន​មួយ​តោន​កន្លះ​ទៀត។ សព្វថ្ងៃ វា​ត្រូវ​សង​គេ​បី​តោន ប៉ុន្តែ​ទើប​សង​គេ​បាន​មួយ​តោន​កន្លះ។ ឥឡូវ​កំពុង​ដើរ​រក ហើយ​ខ្លួន​ពិការ​ផង ដើម្បី​រក​លុយ​សង​គេ គេ​ថា​បើ​អត់​ស្រូវ លុយ​ក៏​គេ​យក​ដែរ»

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ឈួន ឆាន បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១២ នេះ គាត់​បាន​ជួល​ដី​ពី​ក្រុមហ៊ុន​មួយ​ហិកតារ។ ផល​ស្រូវ​បាន​ពី​ការ​ជួល​ដី​ក្រុមហ៊ុន​នោះ អាច​សង​គេ​គ្រប់​ចំនួន ប៉ុន្តែ​ពុំ​មាន​នៅ​សល់​សម្រាប់​ខ្លួន​ឯង​ទេ។ ក្រុមហ៊ុន​បាន​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​ហិកតារ៖ «បង​ប្អូន​ខ្លះ​ក៏​ជួល​ដាំ​ដំឡូង ខ្លះ​ក៏​ធ្វើ​ស្រែ។ ជួន​កាល​គ្នា​ធ្វើ​ទៅ​វា​ស្កក​ខូច​ខាត ជួន​កាល​ចង​ការ​រដ្ឋ​យក​ទៅ​សង ទិញ​ស្រូវ​សង​ក្រុមហ៊ុន​ហ្នឹង​ដែរ។ បង​ប្អូន​ខ្លះ​គាត់​ធ្វើ​មិន​បាន។ គេ​ដឹង​ពី​បាន​ស្រូវ ដែល​យើង​ធ្វើ​ខូច​អី​គេ​អត់​ដឹង​ទេ គេ​ដឹង​តែ​បាន​សំណង​ទៅ​គេ​វិញ តែ​បង​ប្អូន​ខ្លះ​ចង​ការ​លុយ​រដ្ឋ យក​ទៅ​ទិញ​ស្រូវ​សង​ក្រុមហ៊ុន។ យក​ដី​ប្រជាពលរដ្ឋ ហើយ​យក​មក​ជួល​ឲ្យ​ប្រជាពលរដ្ឋ​វិញ»

ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​រស់​នៅ​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ធ្លាប់​បាន​តវ៉ា​មិន​ព្រម​ចាក​ចេញ​ពី​ទី​លំនៅឋាន​ទៅ​នៅ​កន្លែង​ថ្មី បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៤.០៩៥​ហិកតារ នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ ទៅ​ឲ្យ​ក្រុម​ហ៊ុន សួន មានសម្បត្តិ វិនិយោគ​លើ​ដំណាំ​កសិឧស្សាហកម្ម។

លោក អ៊ូ គីម ជំទប់​ទី២ ឃុំ​សន្តិភាព បាន​ថ្លែង​ថា ក្រុមហ៊ុន សួន មានសម្បត្តិ បាន​យក​ដី​ពី​ប្រជាពលរដ្ឋ ហើយ​យក​មក​ជួល​ឲ្យ​ប្រជាពលរដ្ឋ​វិញ។ ក្រុមហ៊ុន​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយ​ហិកតារ យក​ស្រូវ ៥០០​គីឡូ៖ «បើ​និយាយ​តាម​វិទ្យុ តាម​ទូរទស្សន៍ សុទ្ធ​តែ​ល្អ​ណាស់ សុទ្ធ​តែ​គោរព​គោលការណ៍​នីតិរដ្ឋ​ប្រជាធិបតេយ្យ សមភាព យុត្តិធម៌ ក៏ប៉ុន្តែ​ពួក​នេះ​អនុវត្ត​អត់​ទេ ថា​ម្នាក់ ៥​ហិកតារ អ៊ីចឹង​របស់​គាត់​មាន ៥​ហិកតារ គាត់​ឲ្យ​តែ​បី​ហិកតារ។ អ្នក​ខ្លះ​មាន ១០​ហិកតារ យក​របស់​គាត់​នៅ​សល់ ៤​ហិកតារ អ៊ីចឹង​ទៅ អា​គោល​នយោបាយ​ផ្ដល់​សំណង​សមរម្យ គឺ​អត់​មាន»

អ្នកស្រី មូរ សុខហួរ ជា​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា ក្រុមហ៊ុន សួន មានសម្បត្តិ បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។ ការ​អភិវឌ្ឍ​នោះ ត្រូវ​ធ្វើ​ឡើង​ក្នុង​គោលដៅ​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ឥឡូវ​នេះ​ស្រាប់​តែ​ក្រុមហ៊ុន​យក​ដី​នោះ ទៅ​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​វិញ។ ករណី​នេះ អ្នកស្រី​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ស្រែ​លើ​ខ្នង​ប្រជា​កសិករ ហើយ​បាន​រំលោភ​បំពាន​លើ​គោលការណ៍​អភិវឌ្ឍន៍។

អ្នកស្រី មូរ សុខហួរ៖ «ខ្ញុំ​សូម​ឲ្យ​មាន​ការ​អន្តរាគមន៍​ជា​បន្ទាន់​ពី​រាជ​រដ្ឋាភិបាល ហើយ​ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ណាស់​ដែល​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ រដ្ឋ​អំណាច​ទាំង​នៅ​មូលដ្ឋាន​ក្ដី រដ្ឋ​អំណាច​នៅ​ស្រុក នៅ​ខេត្ត​ក្ដី មិន​ដែល​ធ្វើ​របាយការណ៍​ជូន​ទៅ​ដល់​រដ្ឋាភិបាល​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ ប្រជាកសិករ​ទៅ​ខ្ចី​លុយ​ពី​ប្រភព​ដទៃ​ទៀត អ្នក​ខ្លះ​ត្រូវ​ទៅ​ចង​ការ និង​ជាប់​បំណុល​ជា​ខ្លាំង ដើម្បី​យក​មក​សង​ក្រុមហ៊ុន»

កាល​ពី​ខែ​មីនា ឆ្នាំ​២០១១ ក្រុមហ៊ុន សួន មានសម្បត្តិ បាន​ស្នើសុំ​រាជ​រដ្ឋាភិបាល​យក​ដី​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូន​សំ ក្នុង​ភូមិសាស្ត្រ​ស្រុក​សំពៅលូន និង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃ​ដី​ចំនួន ៤.០៩៥​ហិកតារ ក្នុង​រយៈពេល ៧០​ឆ្នាំ។ ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ ការ​អភិវឌ្ឍ​នោះ​នៅ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ ហើយ​ក្រុមហ៊ុន​បាន​យក​ដី​ជួល​ទៅ​ឲ្យ​កសិករ​ក្នុង​មួយ​ហិកតារ​យក​ស្រូវ ៥០០​គីឡូ​ក្នុង​មួយ​រដូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល