មាន​ការ​ប៉ះ​ទង្គិច​ជា​ថ្មី​រវាង​អ្នក​ភូមិ​នៅ​អមលាំង​និង​ក្រុមហ៊ុន

មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​ទៀត​ហើយ នៅ​ថ្ងៃ​ពុធ ទី​២៣ មិថុនា​នេះ រវាង​អ្នក​ស្រុក​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជាមួយ​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។
ដោយ គឹម ពៅ
2010.06.24
ជម្លោះ​ដី​កំពង់ស្ពឺ​៣០៥ ២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​មក​ពី​ជាង​​១០​ភូមិ ស្ថិត​ក្នុង​ឃុំ​អមលាំង នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
RFA/Sek Bandith

ប្រភព​ពី​អ្នក​ស្រុក​បាន​ឲ្យ​ដឹង​ថា បុរស​អ្នក​ភូមិ​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​គេ​ដោះ​លែង​មក​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល ក្រោយ​ពី​បុរស​នោះ​បាន​ព្យាយាម​បញ្ឈប់​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ៍ ដែល​ចេះ​តែ​បន្ត​ឈូស​ឆាយ​លំនៅ​របស់​អ្នក​ស្រុក។

លោក ហ៊ុន ពៅ កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ចំនួន ១០​ភូមិ ដែល​កំពុង​តែ​ទទួល​រង​នូវ​ការ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី បាន​រៀប​រាប់​ថា ៖ «ឈូស​ឆាយ​ដី​លំនៅ​ឋាន​គាត់ ហើយ​គាត់​ការពារ​ដី​មិន​ឲ្យ​គេ​ឈូស។ ការ​ឈូស​ហ្នឹង​មិន​មែន​នៅ​ឆ្ងាយ​ទេ គឺ​ឈូស​កៀក​នឹង​ផ្ទះ​ហ្នឹង​តែម្ដង»

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា បុរស​នោះ​ត្រូវ​គេ​ចាប់​វាយ​ដំ ហើយ​ក៏​ដោះ​លែង​មក​វិញ​នៅ​ពេល​រសៀល​ថ្ងៃ​២៣ មិថុនា​នេះ ហើយ​ព្រមាន​ឲ្យ​ឈប់​ចូល​ទៅ​តវ៉ា​នៅ​កន្លែង​នោះ​ទៀត។ លោក​បន្ត​ថា លោក​ក៏​កំពុង​តែ​បារម្ភ​ដល់​ការ​បំផ្លិច​បំផ្លាញ​លំនៅ​របស់​លោក បើ​សិន​ជា​សកម្មភាព​នេះ​ចេះ​តែ​បន្ត​គ្មាន​ការ​ទប់​ស្កាត់។

ក្រុម​ប្រឹក្សា​ឃុំ​អមលាំង លោកស្រី ហែម រ៉េង បាន​ទទួល​ស្គាល់​ថា មាន​ការ​ចាប់​អ្នក​ស្រុក​ម្នាក់​មែន ប៉ុន្តែ​អ្នកស្រី​អះអាង​ថា ការ​ចាប់​ខ្លួន​បុរស​នោះ គឺ​បាន​ដោះ​លែង​មក​វិញ​ហើយ គឺ​មិន​ទាក់​ទង​នឹង​ការ​ឈូស​ឆាយ​ដីធ្លី​របស់​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ​ទេ។

លោកស្រី ហែម រ៉េង មាន​ប្រសាសន៍​ដូច្នេះ ៖ «អ៊ីចេះ​ទេ វា​មាន​សំណុំ​រឿង​ជាមួយ​មនុស្ស​ម្នាក់​ដែល​ឈរ​ជិត​ត្រាក់ទ័រ ធ្លាប់​មាន​ប្រវត្តិ​ទាក់ទង​រឿង​ម៉ាស៊ីន​អារ​ឈើ​អី​ណា​នោះ​ទេ អ៊ីចឹង​ទៅ​វា​ចង់​ទៅ​រក​រឿង​អា​ហ្នុង អា​ហ្នុង​វា​ឈរ​ក្បែរ​អាត្រាក់​ហ្នុង ក្បែរ​ម្ចាស់​អាត្រាក់ ដល់​អ៊ីចឹង​ក៏​រក​រឿង​ម្នាក់​ហ្នុង ក៏​សមត្ថកិច្ច​យើង​ចាប់​យក​មក។ ឥឡូវ​ធ្វើ​ក្រដាស​ស្នាម​កិច្ចសន្យា​ដោះលែង​វិញ​ហើយ អត់​មាន​អី​ទេ វា​គុំ​អ៊ីចឹង​ទេ វា​អត់​មាន​គុំ​ជាមួយ​នឹង​ការ​ឈូស​ឆាយ​ទេ»

លោកស្រី​បាន​បញ្ជាក់​បន្ត​ថា ជម្លោះ​នៅ​ឃុំ​អមលាំង ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​ជិត​ចប់​ទៅ​ហើយ ដោយ​ប្រគល់​ដី​ស្រែ​ភ្ជួរ​ហើយ​ឲ្យ​អ្នក​ស្រុក​ទៀត​ផង។

បើ​ទោះ​បី​ជា​មន្ត្រី​អាជ្ញាធរ​ឃុំ​អះអាង​ដូច្នេះ​ក៏ដោយ ប៉ុន្តែ​អ្នក​ភូមិ​ដដែល​និយាយ​ផ្ទុយ​ថា គ្មាន​ការ​ដោះស្រាយ​អ្វី​ទេ​ចាប់​តាំង​ពី​ជម្លោះ​នោះ​កើត​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​គំរាម​ដាក់​គុក​ដល់​អ្នក​តវ៉ា​ថែម​ទៀត ហើយ​ការ​គំរាម​នេះ​កំពុង​នាំ​អ្នក​ភូមិ​សំងំ​ស្ងៀម​លែង​ហ៊ាន​ងើប​ឡើង​ប្រឆំាង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។