អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​​នៅ​កំពង់ស្ពឺ​​​​ជួប​ពិភាក្សា​រក​វិធី​ដោះស្រាយ​បញ្ហា​ដី

ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​មិន​ទាន់​អាច​ដោះស្រាយ​ចេញ​នោះ បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ក្នុង​អង្គប្រជុំ​មួយ ដោយ​មាន​អាជ្ញាធរ​ដែនដី​ខេត្ត និង​ប្រជាជន​រង​គ្រោះ​បាន​លើក​បញ្ហា​មក​ពិភាក្សា​រក​វិធី​ដោះស្រាយ។
ដោយ អ៊ុក សាវបូរី
2010-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​មក​ពី​ជាង​​១០​ភូមិ ស្ថិត​ក្នុង​ឃុំ​អមលាំង នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​មក​ពី​ជាង​​១០​ភូមិ ស្ថិត​ក្នុង​ឃុំ​អមលាំង នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
RFA/Sek Bandith

តំណាង​ប្រជាពលរដ្ឋ ៧​ស្រុក ដែល​រង​គ្រោះ​ដោយ​កិច្ច​សម្បទាន​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ក្នុង​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​កញ្ញា ក្រោម​ការ​សម្រប​សម្រួល​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក អ៊ូច ឡេង បាន​ថ្លែង​ថា បំណង​ដែល​បង្កើត​ឲ្យ​មាន​ជា​សិក្ខាសាលា​លើក​ដំបូង ស្ដីពី​ការ​លើក​ស្ទួយ​សិទ្ធិ​ដីធ្លី និង​ការពារ​ធនធាន​ធម្មជាតិ នៅ​ខេត្ត​កំពង់ស្ពឺ គឺ​ចង់​ឲ្យ​ការ​ចរចា​ក្នុង​សិក្ខាសាលា​នេះ​ទទួល​បាន​នូវ​ដំណោះស្រាយ ទី​២ សុំ​បញ្ចៀស​ការ​ចាប់​ប្រជាជន​ដាក់​គុក ឬ​ឃុំ​ខ្លួន ទី​៣ សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិចារណា​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន តាម​បែប​ទន្ទ្រាន​ដី​ពី​ពលរដ្ឋ។

លោក​បន្ត​ថា មតិ​យោបល់​ក្នុង​សិក្ខាសាលា​នេះ​នឹង​លើក​ជូន​ថ្នាក់​ជាតិ​ពិចារណា​ផង​ដែរ ៖ «នៅ​ក្នុង​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ២​ស្រុក​នោះ​យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​សម្បទាន​ចំនួន ១០​តម្រៀប​ទន្ទឹម​គ្នា ទៅ​លើ​ដី​ស្រែ​ដី​ចម្ការ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ។ គឺ​ថា ប្លង់​របស់​ក្រុមហ៊ុន​នោះ គឺ​ទន្ទ្រាន​ទៅ​លើ​ភូមិ​ដី​ស្រែ​ចម្ការ​គ្រប​ដណ្ដប់​ទាំង ២​ស្រុក​តែម្ដង»

តំណាង​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ លោក ផល វណ្ណៈ រស់​នៅ​ភូមិ​គោក ឃុំ​អមលាំង បាន​លើក​ឡើង​ថា ៖ «ក្រុមហ៊ុន​ចូល​ដំបូង​ថា អភិវឌ្ឍន៍​ដូច​ជា​ស្បែក​ខ្លា ថា​ស្រែ​អ្នក​ណា​ទុក​ឲ្យ​ប្រជាជន​ធ្វើ​ត្រង់​ហ្នឹង ចុះ​ហេតុ​អី ពេល​បច្ចុប្បន្ន​អនុវត្ត​ជាក់​ស្តែង បែរ​ជា​ឈូស​ជុំវិញ​ស្រែ​ប្រជាពលរដ្ឋ ហើយ​ផ្លូវ​បិទ​មិន​ឲ្យ​មាន​ផ្លូវ​ចូល? ឈូស​ទៅ​ផុង បើក​គោយន្ត​ចូល​ស្រែ​មិន​កើត។ មិន​ត្រឹមតែ​ឈូស​ទេ គឺ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ដូរ​ចេញ​ទៀត អ៊ីចឹង​សុំ​ឲ្យ​លោក​ដោះស្រាយ​អំពី​បញ្ហា​ហ្នឹង»

តំណាង​ប្រជាជន​មក​ពី​ស្រុក​ឱរ៉ាល់ អ្នកស្រី វ៉ែន សាមីន ជនជាតិ​សួយ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​អេច្ឆ.អិល.អេច្ឆ អេហ្រ្គីខលឈ័រ (HLH Agriculture) ទើប​មក​សុំ​វិនិយោគ​ដាំ​ពោត​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​សោះ បែរ​ជា​ចោទ​ជនជាតិ​សួយ ដែល​រស់​នៅ​ក្នុង​តំបន់​ទឹកពុះ តាំង​ពី​យូរ​មក​ហើយ​ថា បាន​រំលោភ​ដី​ក្រុមហ៊ុន​នោះ​ទៅ​វិញ ៖ «បញ្ហា​ក្រុមហ៊ុន​អេច្ឆ.អិល.អេច្ឆ បឹង​តាសុក​ហ្នឹង គេ​កំពុង​តែ​គាប​សង្កត់ ក៏​គេ​បិទ​ផ្លូវ​បាត់​ទៅ​ហើយ បិទ​ផ្លូវ​បឹង​តាសុក»

អភិបាល​រង​ខេត្ត​កំពង់ស្ពឺ និង​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា ស្ដីពី​ការ​លើក​ស្ទួយ​សិទ្ធិ​ដីធ្លី និង​ការពារ​ធនធាន​ធម្មជាតិ លោក ប៉ែន សំបូរ បាន​ថ្លែង​ថា កិច្ច​អភិវឌ្ឍន៍​គឺ​ធ្វើ​ឡើង​ដើម្បី​​ការវិវឌ្ឍន៍​នៃ​ប្រទេស។

មន្ត្រី​សុរិយោ​ដី​ខេត្ត​កំពង់ស្ពឺ និង​ជា​វាគ្មិន លោក ម៉ាង តារ៉ា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​ជម្រាប​ជូន​បាន​អំពី​វិធានការ​ដោះស្រាយ​បញ្ហា​ណា​មួយ ដែល​ប្រជាជន​បាន​ចោទ​សួរ​ទេ។

ប្រភព​ពី​សមាគម​អាដហុក ឲ្យ​ដឹង​ថា តាម​ច្បាប់​វិនិយោគ​គឺ​ក្រុមហ៊ុន​១ សុំ​វិនិយោគ​អាច​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ​តែ ១​ម៉ឺន​ហិកតា​ទេ តែ​ក្រុមហ៊ុន លី យ៉ុងផាត់ ឈ្មោះ​ភ្នំពេញ​ស៊ូហ្គា និង​កំពង់ស្ពឺ​ស៊ូហ្គា មាន​ទំហំ​ដី​វិនិយោគ​ប្រមាណ ១​ម៉ឺន​៨​ពាន់​ហិកតា លើស​ច្បាប់​ដែល​បាន​ចែង និង​កាន់​តែ​លើស​ច្រើន​ទៀត បើ​រាប់​បញ្ចូល​ក្រុមហ៊ុន​នេះ​វិនិយោគ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ផ្សេងៗ​ទៀត​នោះ។

ប្រជាជន ៧​ស្រុក ចូល​រួម​ក្នុង​សិក្ខាសាលា​នៅ​ខេត្ត​កំពង់ស្ពឺ មាន ៨០​នាក់​មក​ពី​ស្រុក​ឱរ៉ាល់ ថ្ពង ភ្នំស្រួច សំរោងទង ច្បារមន បរសេដ្ឋ និង​ស្រុក​គងពិសី៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល