អ្នក​ភូមិ​នៅ​អមលាំង​ត្រៀម​ត​ទល់​ក្ដី​ជាមួយ​ក្រុមហ៊ុន ​លី យ៉ុងផាត់

តំណាង​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ របស់​លោក លី យ៉ុងផាត់ គ្រោង​ប្ដឹង​តំណាង​អ្នក​ភូមិ​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដោយ​ចោទ​ថា បាន​បង្ខាំង​គាត់​ច្រើន​ម៉ោង និង​នាំ​ប្រជាជន​បះបោរ​រារាំង​រថយន្ត​តំណាង​ក្រុមហ៊ុន។ តំណាង​អ្នក​ភូមិ​ឲ្យ​ដឹង​ថា លោក​នឹង​តតាំង​ក្ដី​ជាមួយ​ក្រុមហ៊ុន ប្រសិន​បើ​មាន​ការ​ប្ដឹង​មែន។
ដោយ អ៊ុក សាវបូរី
2010-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៣-សីហា-២០១០: ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា ដោយ​បិទ​ផ្លូវ​លេខ ៥២ នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មិន​ឲ្យ​មាន​ការ​ចេញ​ចូល។ ការ​តវ៉ា​នេះ​កើត​មាន​ឡើង​ដោយសារ​ក្រុមហ៊ុន​វិនិយោគ​នៅ​តំបន់​នោះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល​ដល់​ដី​អ្នក​ស្រុក។
២៣-សីហា-២០១០: ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា ដោយ​បិទ​ផ្លូវ​លេខ ៥២ នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មិន​ឲ្យ​មាន​ការ​ចេញ​ចូល។ ការ​តវ៉ា​នេះ​កើត​មាន​ឡើង​ដោយសារ​ក្រុមហ៊ុន​វិនិយោគ​នៅ​តំបន់​នោះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល​ដល់​ដី​អ្នក​ស្រុក។
RFA/Kim Peou

លោក យូ ថូ អតីត​មេ​ភូមិ​អូរ​អង្គំ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដែល​ជា​អ្នក​ចេញ​មុខ​​ប្រឆាំង​ជាង​គេ​ក្នុង​ការ​តវ៉ា​រឿង​ជម្លោះ​ដី​រវាង​អ្នក​ស្រុក និង​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ (Phnom Penh Sugar) បាន​អះអាង​ថា លោក​នឹង​តតាំង​រឿង​ក្ដី​ជាមួយ​លោកស្រី ឈាង គឹមស៊ុន តំណាង​ក្រុមហ៊ុន​ស្ករ​ស​របស់​លោក លី យ៉ុងផាត់ ប្រសិន​បើ​លោកស្រី​នោះ​មាន​បំណង​ប្ដឹង​គាត់​ទាក់​ទង​នឹង​ទំនាស់​ដី​នេះ​បន្ត​ទៀត។

លោក យូ ថូ បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​គ្រា​ដែល​កាសែត​បរទេស​មួយ​ឈ្មោះ ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា​ថា តំណាង​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​របស់​លោក លី យ៉ុងផាត់ គំរាម​ប្ដឹង​អ្នក​ភូមិ​ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ នៅ​ចុង​សប្ដាហ៍​នេះ ដោយ​ចោទ​ថា បាន​បង្ខាំង​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​របស់​គេ​អស់ ១០​ម៉ោង។

លោក យូ ថូ បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា រូប​គាត់​បាន​ទៅ​ប្រជុំ​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ក្រុង​កំពង់ស្ពឺ។ លោក​មិន​បាន​ដឹង​ថា អ្នក​ភូមិ​អមលាំង​ច្រើន​នាក់​លើក​គ្នា​ឈរ​លើ​ផ្លូវ​លេខ​៥២ រារាំង​រថយន្ត​លោកស្រី ឈាង គឹមស៊ុន នៅ​ថ្ងៃ​នោះ​ទេ។ ក្រោយ​មក រូប​គាត់​រង​នូវ​ការ​ចោទ​ថា បាន​នាំ​ប្រជាជន​ឃុំ​អមលាំង​ច្រើន​នាក់ ទៅ​ឃាត់​រថយន្ត​លោកស្រី​តំណាង​ក្រុមហ៊ុន​ស្ករ​ស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​យល់​ព្រម​គ្នា​មួយ មិន​បន្ត​ប្រើ​គ្រឿងចក្រ​រឹប​អូស​ដី​អ្នក​ស្រុក​ត​ទៅ​ទៀត។

លោក​បន្ត​ថា ៖ «គេ​ថា ដោះស្រាយ​គ្នា​នៅ​ថ្ងៃ​២៥ (សីហា) នៅ​សាលា​ឃុំ។ ប្រជាជន​គាត់​អត់​ជឿ គាត់​ឲ្យ​គេ​ផ្តិត​មេដៃ​ឲ្យ​គាត់ បាន​គាត់​ព្រម។ គេ​អត់​ផ្ដិត​ឲ្យ ប្រជាជន​ឃាត់​ឡាន​ទុក​នៅ​ហ្នឹង។ ទុកៗ​ទាល់​តែ​ល្ងាច ប្រហែល​គេ​នោះ វា​យ៉ាប់​ពេក​ដែរ ចៅហ្វាយ​ស្រុក​ក៏​បាន​យល់​ព្រម​ផ្ដិត​មេដៃ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បាន​ប្រជាជន​បើក​ផ្លូវ​ឲ្យ​គេ​ចេញ​ទៅ។ ដល់​បើក​ផ្លូវ​ឲ្យ​ចេញ អ្នកស្រី ស៊ុន នោះ​គេ​ប្ដឹង​ពី​យើង​ថា យើង​ឃាត់​ខ្លួន​គេ​រយៈ​ពេល ៨​ម៉ោង ធ្វើ​ឲ្យ​គេ​អត់​បាយ ឥឡូវ​ធ្លាក់​ខ្លួន​ឈឺ គេ​គិត​ប្តឹង​ខ្ញុំ​បាទ​ហ្នឹង ហើយ​និង​ក្រុម​ខ្ញុំ​បាទ​ហ្នឹង»

ឆ្លើយ​តប​បញ្ហា​នេះ លោកស្រី ឈាង គឹមស៊ុន តំណាង​ឲ្យ​ក្រុមហ៊ុន​ស្ករ​ស​របស់​លោក លី យ៉ុងផាត់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​ថា គាត់​មិន​ទាន់​ដាក់​ពាក្យ​ប្តឹង​លោក យូ ថូ ទេ គឺ​រង់ចាំ​មេធាវី​របស់​ក្រុមហ៊ុន​ពិភាក្សា​អំពី​ផ្លូវ​ច្បាប់​ជាមុន​សិន។ លោកស្រី​បន្ត​ថា មាន​មនុស្ស​ជំនិត​របស់​លោក យូ ថូ បាន​បញ្ជា​ឲ្យ​អ្នក​ភូមិ​ឃាត់​រថយន្ត​លោកស្រី​អស់​ជា​ច្រើន​ម៉ោង។ ក្រោយ​មក​មាន​កិច្ច​អន្តរាគមន៍​ពី​សាលា​ស្រុក និង​អភិបាល​រង​ខេត្ត ទើប​រថយន្ត​គាត់​ត្រូវ​បាន​អ្នក​ភូមិ​ដោះលែង។

លោកស្រី ឈាង គឹមស៊ុន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ត្រូវ​ពិភាក្សា​ជាមួយ​មេធាវី​ឲ្យ​បាន​ច្បាស់​លាស់ តើ​គួរ​ធ្វើ​យ៉ាង​ម៉េច ឬ​យ៉ាង​ម៉េច ឲ្យ​ស្រប​ច្បាប់ តាម​ផ្លូវ​ច្បាប់? ដូច​គាត់​ឃុំ​ខ្ញុំ​អស់​ជាង ១០​ម៉ោង​អ៊ីចឹង»

មន្ត្រី​ស៊ើប​អង្កេត​ជម្លោះ​ដីធ្លី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក អ៊ូច ឡេង ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​លិខិត​ប្ដឹង​ផ្លូវការ​ពី​លោកស្រី​តំណាង​ក្រុមហ៊ុន លី យ៉ុងផាត់ ប្ដឹង​លោក យូ ថូ ប្រជាជន​ឃុំ​អមលាំង​នៅ​ឡើយ​ទេ។ លោក​ថា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​សីហា អ្នក​ភូមិ​ច្រើន​នាក់​បាន​តវ៉ា​ដោយ​សន្តិ​វិធី ឈរ​លើ​ផ្លូវ​ជាតិ​លេខ​៥២ រាំង​ផ្លូវ​រថយន្ត​តំណាង​ក្រុមហ៊ុន​ស្ករ​ស ប៉ុន្តែ​មិន​មាន​វត្ត​មាន​លោក យូ ថូ នៅ​ក្នុង​ការ​រារាំង​រថយន្ត​នោះ​ទេ។

រឿង​ទំនាស់​ដី​រវាង​អ្នក​ភូមិ​នៅ​ឃុំ​អមលាំង ជាមួយ​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០៧​មក​នោះ លើ​ផ្ទៃ​ដី​ជិត ១​ម៉ឺន​ហិកតា។

លោកស្រី ឈាង គឹមស៊ុន តំណាង​ក្រុមហ៊ុន លី យ៉ុងផាត់ បាន​អះអាង​ថា ដី​រដ្ឋ​សម្បទាន​មក​ឲ្យ​ក្រុមហ៊ុន​មាន​ផ្សេង និង​ដី​មួយ​ចំនួន​ទៀត​គាត់​បាន​ទិញ​ផ្ទាល់​ពី​អ្នក​មាន​ប្លង់​កម្មសិទ្ធិ។ លោកស្រី​មិន​បាន​បំពាន​ដី​អ្នក​ស្រុក​ទាំង​នោះ​ទេ។

លោកស្រី ឈាង គឹមស៊ុន បន្ត​​ដូច្នេះ ៖ «ហើយ​ចង់​ចាប់​ក្រុមហ៊ុន​ឲ្យ​ធ្វើ​ជា​ចំណាប់​ខ្មាំង អះអាង​មិន​ឲ្យ​គេ​យក​ដី​ដែល​គេ​លក់​ឲ្យ»

លោកស្រី​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ជម្លោះ​ជាមួយ​អ្នក​ភូមិ និង​រដូវ​ភ្លៀង​ធ្លាក់​ផង ធ្វើ​ឲ្យ​ការ​ដាំ​អំពៅ​យឺតយ៉ាវ។ ក្នុង​ពេល​នេះ ដំណាំ​អំពៅ​ទើប​ដាំ​បាន ៣០០ ទៅ ៤០០​ហិកតា​ទេ ប៉ុន្តែ​នៅ​ខែ​ខាង​មុខ​នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ពង្រីក​ដី​ដាំ​អំពៅ​ឲ្យ​បាន ៣​ពាន់​ហិកតា​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល