ជម្លោះ​ដី​រវាង​ពលរដ្ឋ​២​ភូមិ​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង

មនុស្ស​ជិត​១០០​នាក់ ប្រដាប់​ដោយ​កាំបិត ខ្វែវ ផ្គាក់ ពូថៅ បាន​លើក​គ្នា​មក​ដក​បង្គោល​ព្រំ​ដែល​ក្រុម​អាជ្ញាធរ​ទើប​ចុះ​ទៅ​បោះ​ថ្មីៗ​ចេញ​ពី​ដី​មាន​ទំនាស់​រវាង​ភូមិ​ទួលស្នួល​និង​ភូមិ​បឹងសង្កែ ក្នុង​ឃុំ​ក្តុលតាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2010-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
Photo: RFA

លោក រស់ ឈាន មេ​ឃុំ​ក្តុលតាហែន បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មីនា អ្នក​ភូមិ​ទួលស្នួល​ជិត ១០០​នាក់ បាន​ប្រឆាំង​នឹង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ធ្វើការ​បោះ​បង្គោល​កំណត់​ព្រំ​ដី ដោយ​ចោទ​ថា ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទួលស្នួល​ខាត​បង់​ដី​ច្រើន។

លោក រស់ ឈាន មាន​ប្រសាសន៍​ដូច្នេះ ៖ «បញ្ហា​ខាត​បង់​ខាង​ទួលស្នួល ហើយ​បើ​សិន​ជា​យក​តាម​ការ​តវ៉ា​ម្សិលមិញ (២៧ មីនា) ៤៩​នៅ​ខាង​ជើង បឹង​សង្កែ​មាន​ការ​អស់​ដី​ច្រើន​ជាង​ទួលស្នួល។ ក្រោយ​មក​លេង​ពូថៅ​កាំបិត»

មេ​ភូមិ​ទួល​ស្នួល លោក ណែម សង មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​ដែល​ក្រុម​អ្នក​ភូមិ​ជិត ១០០​នាក់​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ មីនា នេះ​បាន​ទេ។

មេ​ឃុំ​ក្តុលតាហែន លោក រស់ ឈាន បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​ទួលស្នួល​ចំនួន ៨០​នាក់​បាន​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ដើម្បី​សុំ​ដក​បង្គោល​ព្រំ​ដី​ដែល​បាន​បោះ​លើ​ដី​ទំនាស់​នោះ​ចេញ​កាល​ពី​ថៃ​សៅរ៍។

លោក ចៅ ប៊ន តំណាង​អ្នក​ភូមិ​បឹងសង្កែ បាន​ថ្លែង​ថា ភូមិ​បឹង​សង្កែ​និង​ភូមិ​ទួលស្នួល បាន​ឯកភាព​គ្នា​ថា នឹង​ចុះ​ទៅ​បោះ​បង្គោល​ព្រំ​ដី​តាម​ស្មារតី​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា។ អ្នក​ភូមិ​បឹងសង្កែ​ជាង ២០​នាក់​ក្រោយ​មក​ក៏​បាន​ចុះ​ទៅ​បោះ​បង្គោល ប៉ុន្តែ​មិន​ឃើញ​អ្នក​ភូមិ​ទួលស្នួល​ចុះ ស្រាប់​នៅ​វេលា​ម៉ោង​ជិត ១១​ព្រឹក​ថ្ងៃ​ដដែល អ្នក​ភូមិ​ទួលស្នួល​ជិត ១០០​នាក់​ប្រដាប់​ដោយ​កាំបិត ពូថៅ ចុះ​ទៅ​ប្រឆាំង​ការ​បោះ​បង្គោល​កំណត់​ព្រំដី។

លោក ចៅ ប៊ន បាន​ឲ្យ​ដឹង​ថា ៖ «ថ្ងៃ​ម៉ោង ១១​ជាង​ជិត​១២ បាន​គេ​មក​ដល់ មក​គ្នា​ជាង ១០០​នាក់ មាន​ខ្វែវ​គ្រប់​ដៃ ហើយ​និង​ពូថៅ ខ្វែវ​មួយ​ពូថៅ​១​សៀត​ចង្កេះ មក​រក​កាប់។ ពី​ម្សិលមិញ​បាន​ប៉េអឹម​២​នាក់​ការពារ​កុំ​អី​វា​សម្លាប់​ចោល​អស់​ហើយ»

លោក អ៊ិន ប៊ុនម៉ាត់ នាយ​រង​ក្រុម​អធិការកិច្ច​សាលា​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​ទួលស្នួល មិន​គោរព​កិច្ចសន្យា​ដែល​ពួកគេ​បាន​ព្រមព្រៀង ដែល​បាន​សម្រេច​កាល​ពី​ពេល​ថ្មីៗ ៖ «មិន​គោរព​កិច្ចសន្យា​ហើយ​អា​ហ្នឹង ព្រោះ​ថ្ងៃ​ហ្នឹង​គាត់​យល់​ព្រម​ផ្ដិត​មេដៃ​ទាំង​អស់​គ្នា ទាំង​មេ​ភូមិ​អី​ទៅ​ហើយ»

លោក​បន្ត​ថា អាជ្ញាធរ​នឹង​ប្រជុំ​ដោះ​ស្រាយ​គ្នា​លើ​បញ្ហា​ខាង​លើ​បន្ត​ទៀត។

លោក ទឹម ដារ៉េត អភិបាល​ស្រុក​បវេល បាន​មាន​ប្រសាសន៍​ថា បើ​សិន​ក្រុម​អ្នក​ភូមិ​មិន​ទទួល​យក​តាម​ការ​ដោះស្រាយ អាជ្ញាធរ​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

លោក ទឹម ដារ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «ពីព្រោះ​គាត់​បាន​ប្រើប្រាស់​រូបភាព​មនុស្ស​ច្រើន កាំបិត ខ្វែវ ដែល​ជា​ការ​ផ្ដួច​ផ្ដើម​អំពើ​ហិង្សា។ យើង​មិន​ឲ្យ​មាន​អ៊ីចឹង​ទេ»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា អ្នក​ភូមិ​ទួលស្នួល និង​អ្នក​ភូមិ​បឹងសង្កែ បាន​ផ្តិត​មេដៃ​ទទួល​យក​ដី​តាម​ការ​បែង​ចែក​របស់​អាជ្ញាធរ តាម​ស្មារតី​កំណត់​ហេតុ​ឆ្នាំ​២០០៤ ដែល​មាន​ផ្ទៃ​ដី​សរុប​ទំហំ​ជាង ១២៥​ហិកតារ ស្ថិត​ក្នុង​ឃុំ​ក្តុលតាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង ដែល​អាជ្ញាធរ​នឹង​ចុះ​បោះ​ព្រំ​ប្រទល់​ចែក​គ្នា​ជា​ពីរ គឺ​ភូមិ​បឹង​សង្កែ​បាន ៥០% និង​ភូមិ​ទួលស្នួល​បាន ៥០% ដូច​គ្នា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល