អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅ​ព្រៃនប់

អង្គការ​សិទ្ធិ​មនុស្ស លីកាដូ នៅ​ថៃ្ង​ពុធ​នេះ​បាន​ទទូច​សុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា​ដោយ​យោធា និង​ការ​ឈូស​ឆាយ​ដោយ​ខុស​ច្បាប់​ទៅ​លើ​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។
ដោយ សុខ សេរី
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​នៅ​ថៃ្ង​ពុធ​នេះ ថា  ប្រជាពលរដ្ឋ​ចំនួន ៤​នាក់​បាន​រង​របួស​នៅ​ក្នុង​អំពើ​ហិង្សា​មួយ កាល​ពី​ថៃ្ង​ច័ន្ទ​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ។

លោក អំ សំអាត បាន​បញ្ជាក់​ថា ៖ «ក្រុមហ៊ុន​បាន​ធ្វើ​ការ​ឈូស​ឆាយ​ដោយ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។ ក្រុមហ៊ុន​បាន​យក​កម្លាំង​យោធា​ទៅ​ទៀត​ដើម្បី​ធ្វើ​ការ​ការពារ​ក្នុង​ការ​ឈូស​ឆាយ​របស់​ខ្លួន​នេះ។ អ្វី​ដែល​យើង​ព្រួយ​បារម្ភ បើ​សិន​ជា​ករណី​នេះ​មិន​បាន​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ទេ យើង​បារម្ភ​ថ្ងៃ​ក្រោយ​ខ្លាច​មាន​អំពើ​ហិង្សា​កើត​ឡើង​កាន់​តែ​ខ្លាំងក្លា ហើយ​នឹង​មាន​ការ​ចាប់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ»

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក មាស វុទ្ធី បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​នៅ​ទ្បើយ​ទេ ជុំវិញ​អំពើ​ហិង្សា​ខាង​លើ​នេះ ដោយសារ​តែ​លោក​បាន​ជាប់​រវល់ ៖ «ខ្ញុំ​ទើបតែ​មក​ពី​សន្និបាត​វប្បធម៌ ខ្ញុំ​ទើប​មក​ពី​ក្រសួង...»

សុខ សេរី ៖ ពូ​មិន​ទាន់​បាន​ជ្រាប​រឿង​ហ្នឹង​ទេ? មាស វុទ្ធី ៖ បាទៗ ខ្ញុំ​ទើប​តែ​មក​ពី​ភ្នំពេញ នៅ​តាម​ផ្លូវ។

កាល​ពី​ថៃ្ង​ច័ន្ទ ទី​២៥ ខែ​មករា​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ចំនួន ៤​នាក់​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​អំពើ​ហិង្សា​មួយ ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ ដោយសារ​តែ​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ការពារ​ដី​ធ្លី​របស់​ខ្លួន​មិន​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ យីជា ចាប់ផ្តើម​ឈូស​ឆាយ​លើ​ដី​ធ្លី​ចំនួន ៣៣០០​ហិកតា លើ​ដី​សម្បទាន​នៅ​ក្នុង​ឧទ្យាន​ជាតិ​រាម​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា។

ប្រជាពលរដ្ឋ​ឈ្មោះ អឹង គីមអាង អាយុ ៤៦​ឆ្នាំ នៅ​ក្នុង​ភូមិ​ថ្មធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​មាន​ម្តាយ​អាយុ ៦៨​ឆ្នាំ បាន​រង​របួស​នៅ​ក្នុង​អំពើ​ហិង្សា​កាល​ពី​ថៃ្ង​ច័ន្ទ​នោះ បាន​ថែ្លង​ថា ៖ «អត់​ស្ងប់ស្ងាត់​ទេ វា​នៅតែ​ធ្វើ​បន្ត ម្សិលមិញ​ក៏​ធ្វើ​បន្ត​ដែរ។ ខ្ញុំ​ហៅ​ខាង​ស្រុក ខាង​ខេត្ត ចុះ​មក វា​ចុះ​កិច្ច​សន្យា​ថា វា​អត់​ធ្វើ​ទេ អា​ដី​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ហ្នឹង។ ខ្ញុំ​សូម​ជម្រាប​ទៅ​លោក​ពូ ជួយ​ដោះស្រាយ​ពី​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ម៉ាក់​ខ្ញុំ​និង​លើ​ប្រជាជន សូម​កុំ​ឲ្យ​ធ្វើ​អ៊ីចឹង​ទៀត!»

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​ជាង ១០០​គ្រួសារ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​អំពី​បញ្ហា​ដី​ធ្លី​នោះ​ដោយ​ក្រុមហ៊ុន។ នៅ​សល់​គ្រួសារ​ចំនួន ២​ទៀត​តែ​ប៉ុណ្ណោះ មិន​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ទើប​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​ការពារ​ក្រុមហ៊ុន​និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ការពារ​ដី​ធ្លី​របស់​ខ្លួន​មិន​ឲ្យ​ឈូសឆាយ​ប៉ះពាល់​នោះ។

រឿង​វិវាទ​ដី​ធ្លី​រវាង​ក្រុមហ៊ុន យីជា បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ​២០០៩​កន្លង​មក ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ថ្មធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​ចំនួន ៣.៣០០​ហិកតា នៅ​គ្រា​ដែល​គ្រួសារ​ប្រជាពលរដ្ឋ​ចំនួន​ជាង ១០០​គ្រួសារ ត្រូវ​បាន​ទទួល​ស្គាល់​ថា រស់​នៅ​ស្រប​ច្បាប់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល