មន្ត្រី​បក្ស​ប្រជាជន​ខែត្រ​កណ្ដាល​រង​ការ​ចោទ​ថា​យក​ដី​ប្រឡាយ​ធ្វើ​ទី​ស្នាក់ការ

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ឃុំ​គគីរធំ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មករា ដោយ​ចោទ​ប្រកាន់​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​យក​ដី​ប្រឡាយ​ធ្វើ​ស្នាក់ការ​គណបក្ស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​រដូវ​វស្សា​នៅ​តាម​ប្រឡាយ​នោះ។
ដោយ ទីន ហ្សាការីយ៉ា
2010-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ប៉ៃ ស៊ីផេង បាន​និយាយ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ខែត្រ​កណ្តាល លោក អ៊ុក ដាមរី បាន​យក​ដី​ប្រឡាយ​ដែល​ជា​ទី​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ដឹក​កសិផល​តាម​ទូក​ធ្វើ​ជំនួញ​នៅ​រដូវ​វស្សា​តាម​ប្រឡាយ​នោះ ធ្វើ​ជា​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ។

អ្នកស្រី ប៉ៃ ស៊ីផេង បាន​ឲ្យ​ដឹង​ថា ៖ «ពី​មុន​ដី​សាធារណៈ ប្រឡាយ​ទឹក ប្រជាពលរដ្ឋ​ដឹក​អំពៅ ដឹក​ឧស​អី​លក់​ខែ​ទឹក​ហ្នឹង​ណា៎! ហើយ​ឥឡូវ​គេ​ធ្វើ​បិទ​ចំ​ត្រង់​ហ្នឹង​តែម្ដង»

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​បាន​អះអាង​ដែរ​ថា ប្រឡាយ​នោះ​គឺ​មាន​តាំង​ពី​របប​ខ្មែរ​ក្រហម​មក ដែល​ជា​ប្រភព​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ហើយ​ការ​សង់​ទីស្នាក់ការ​គណបក្ស​នេះ​គឺ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ដែល​ពួក​គេ​ព្រួយ​បារម្ភ​ខ្លាច​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​បាន​នៅ​រដូវ​វស្សា។

ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា ៖ «ឥឡូវ​គេ​ធ្វើ​ជាប់​ប្រឡាយ​ហ្នឹង​ណា៎ គេ​បិទ​លើ​ប្រឡាយ​តែម្ដង ហើយ​ប្រឡាយ​ហ្នឹង​ជា​ប្រភព​សេដ្ឋកិច្ច​របស់​ប្រជាជន ដឹក​ទូក​យក​មក​ដល់​ត្រង់​ហ្នឹង​ហើយ លី​ឡើង​លើ​ថ្នល់​លក់។ បើ​គេ​ធ្វើ​ត្រង់​ហ្នឹង​ទៅ ប្រជាជន​ទៅ​លក់​ឯ​ណា!»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ុក ដាមរី តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ខែត្រ​កណ្តាល បាន​ទេ នៅ​ថ្ងៃ​ទី​២១ មករា។

មេ​ឃុំ​គគីរធំ លោក នុត សាអ៊ុន បាន​មាន​ប្រសាសន៍​ថា ដី​នោះ​ឃុំ​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក ដែល​គេ​គ្រោង​ធ្វើ​ទី​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​គគីរធំ តាំង​ពី​មុន​មក។

លោក​មេ​ឃុំ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​មក គេ​ផ្អាក​សាងសង់​បណ្តោះ​អាសន្ន​ហើយ ដែល​គេ​ទើប​បាន​បុក​គ្រឹះ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ។

លោក នុត សាអ៊ុន បាន​អះអាង​ថា ៖ «អា​ហ្នឹង​ទឹក​លិច​មក​វា​ត្រូវ​ហើយ ទឹក​លិច​មក ទឹក​វា​ចូល​មក ទឹក​វា​លិច​ដល់​ជើង​ថ្នល់ អា​ត្រង់​ហ្នឹង​រាង​ជ្រៅ​ជាង​គេ ដូច្នេះ​អា​ហ្នឹង​ក៏​ថា ប្រឡាយ​ទៅ។ ប៉ុន្តែ​ប្រឡាយ​ហ្នឹង ប្រឡាយ​តាំង​ពី ប៉ុល ពត ឯ​ណោះ! និយាយ​រួម​ទៅ ហើយ​ដី​ហ្នឹង​ខាង​ភូមិ​ខាង​អី​គេ​បែងចែក​សម្រាប់​ការ​សាងសង់​អនុ​វិទ្យាល័យ​អីៗ​ទាំង​អស់​ហ្នឹង មួយ​ជួរ​ហ្នឹង មណ្ឌល​សុខភាព​ស្អីៗ​ហ្នឹង គេ​រៀបចំ​តាំង​ពី​ពេល​ហ្នឹង​មក វា​រហូត​មក​ហ្នឹង វា​យូរ​មក​ហើយ ដល់​វា​គ្មាន​អី វា​ចេះ​តែ​ឈឹងៗ លែង​ដឹង​ឮ​អី​ទាំង​អស់​គ្នា​ទៅ ហើយ​ដល់​អ្នក​នេះ​ហ្នឹង​វា​ចេះ​តែ​ថា ដី​ហ្នឹង​ជា​ដី​ប្រឡាយ ដី​អី!»

ប្រជាពលរដ្ឋ​បាន​អះអាង​ទៀត​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​រៀបចំ​សាងសង់​ស្នាក់ការ​បក្ស​ម្តង​រួច​មក​ហើយ ប៉ុន្តែ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ក៏​ផ្អាក​មួយ​រយៈ​សិន។

ប្រជាពលរដ្ឋ​ដដែល​បាន​សំណូមពរ​ដល់​លោក អ៊ុក ដាមរី ឲ្យ​បញ្ឈប់​ការ​សាងសង់​ស្នាក់ការ​បក្ស​នៅ​ទី​កន្លែង​នោះ បើ​មិន​ដូច្នេះ​ទេ​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​លក់ដូរ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពួក​គេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល