ដំណោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​កំពង់ឆ្នាំង​ឈាន​ដល់​ភាព​ទាល់​ច្រក

ដំណោះស្រាយ​ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​ក្រុមហ៊ុន ខេឌីស៊ី (KDC) បាន​ឈាន​ដល់​ចំណុច​ទាល់​ច្រក​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេសា នៅ​ឯ​ទី​វាល​មួយ​មុខ​ទីស្នាក់ការ​សាលា​ស្រុក។
ដោយ មណ្ឌល កែវ
2010-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​ក្រុមហ៊ុន ខេឌីស៊ី លោក​ស្រី ជា ខេង មាន​ប្រសាសន៍​ក្នុង​ឱកាស​ជួប​ប្រជុំ​ជាមួយ​ប្រជា​ពលរដ្ឋ​ប្រមាណ ៧១​នាក់ ថា លោក​ស្រី​សុំ​បញ្ចប់​រាល់​ការ​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង​ចាប់​ពី​ពល​នេះ​ត​ទៅ។ លោក​ស្រី​បន្ត​ថា រាល់​ការ​រក​ដំណោះស្រាយ​ទាំងឡាយ​ណា​ដែល​ពុំ​ឈរ​លើ​អង្គ​ច្បាប់ ពោល​គឺ​ឯកសារ​កម្មសិទ្ធិ​នោះ លោក​ស្រី​ពុំ​ទទួល​យក​ឡើយ។

លោក​ស្រី ជា ខេង បាន​បញ្ជាក់​ថា ៖ «បរិហារ​កេរ្តិ៍​ក្រុមហ៊ុន បរិហារ​កេរ្តិ៍​ខ្ញុំ! ខ្ញុំ​ខាត​ពេល ខ្ញុំ​សុខ​ចិត្ត​មក! ខ្ញុំ​មក​ដោះស្រាយ​ជូន​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​ដោះ​ពី​ព្រឹក​មក​ដល់​ឥឡូវ គឺ​ខ្ញុំ​ឃើញ​ថា ឯកសារ បើ​ខ្ញុំ​បង្ហាញ​មែនទែន សុទ្ធតែ​ភូត​កុហក​ទាំង​អស់។ អ៊ីចឹង​គឺ​ខ្ញុំ​សុំ​ឈប់​ថា ខ្ញុំ​មិន​ដោះស្រាយ​ទេ! បើ​បង​ណា​ហ៊ាន​ប្ដឹង​ខ្ញុំ អត់​អី​ទេ! ទៅ​តុលាការ​មួយ​ៗ ហើយ​ខ្ញុំ​ប្ដឹង​ជំងឺ​ចិត្ត ៥០​លាន​(រៀល)​ក្នុង​ម្នាក់!»

នេះ​ជា​ការ​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​២ រវាង​ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ ប្រជាពលរដ្ឋ​បាន​ចោទ​ក្រុមហ៊ុន ខេឌីស៊ី ថា បាន​រំលោភ​យក​ដី​ធ្លី​របស់​គាត់ ឯ​ភាគី​ក្រុមហ៊ុន​បាន​សំអាង​ថា ខ្លួន​មាន​ឯកសារ​កាន់កាប់​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។ កាល​ពី​ថ្ងៃ​២៩ មករា​កន្លង​ទៅ មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក គឺ​លោក ចាន់ សុវ៉េត សាកល្បង​ស្វែងរក​ដំណោះស្រាយ​ដោយ​ធ្វើ​ការ​ចរចា​ជាមួយ​ប្រធាន​ក្រុមហ៊ុន ខេឌីស៊ី លោក​ស្រី ជា ខេង ភរិយា​លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម។

ការ​ជួប​នៅ​លើក​ទី​១ បាន​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ខ្លះ​ៗ​ដល់​ប្រជា​ពលរដ្ឋ ដោយ​លោក​ស្រី​ប្រធាន​ក្រុមហ៊ុន​សន្យា​ថា ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ផ្ដល់​ភស្តុតាង​ច្បាស់លាស់​ពី​ការ​កាន់កាប់​ដី​ធ្លី​របស់​ខ្លួន​នោះ លោក​ស្រី​នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន។ តែ​ក្ដី​សង្ឃឹម​ត្រូវ​បាន​រលាយ​សូន្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេសា​នេះ នៅ​គ្រា​ដែល​លោក​ស្រី​ពុំ​ព្រម​ទទួល​យក​ការ​ដោះស្រាយ​តាម​អង្គហេតុ​ដែល​ប្រជា​ពលរដ្ឋ​បាន​ផ្តល់​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក អ៊ុន សំអុល នៅតែ​បន្ត​ផ្ដល់​ក្ដី​សង្ឃឹម​ចំពោះ​ប្រជា​ពលរដ្ឋ ដោយ​លោក​មាន​ប្រសាសន៍​ថា ៖ «អ៊ំ ពូ មីង បង​ប្រុស បង​ស្រី​ទាំង​អស់ យើង​បន្ត​នូវ​រាល់​អ្វី​ដែល​ឯកសារ​សុំ​ឲ្យ​ស្រាវជ្រាវ​បន្ថែម ឬ​ក៏​ភស្តុតាង​អ្វី​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​ដល់​ផល​ប្រយោជន៍​បង​ប្អូន​ទៅ​លើ​ដី​ធ្លី​នេះ សុំ​បន្ត​ថែម​ទៀត ហើយ​យើង​រៀបចំ​ជូន​មក​លោក​អភិបាល​ស្រុក​ដែល​នៅ​ទី​នេះ ដើម្បី​លោក​បន្ត​ទាក់ទង​ជាមួយ​នឹង​ខេត្ត។ យើង​បន្ត​កិច្ចការ​នេះ​ដោះស្រាយ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​បន្ត​ទៀត»

មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ ចាន់គា មាន​ប្រសាសន៍​ថា ដំណោះស្រាយ​ជម្លោះ​ដី​រវាង​ក្រុមហ៊ុន ខេឌីស៊ី និង​ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង ត្រូវ​យក​ទាំង​អង្គ​ហេតុ និង​អង្គ​ច្បាប់ មក​ពិចារណា​ទើប​រក​ច្រក​ចេញ​បាន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល