អ្នកភូមិ​នៅ​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​រំលោភ​យក​ដី​

ប្រជាពលរដ្ឋ​៤៦​គ្រួសារ​នៅ​ភូមិ​ចាន់ត្រក ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បាន​នាំ​គ្នា​តវ៉ា​ជា​ថ្មី​ម្តង​ទៀត ព្រម​ទាំង​ចោទ​ប្រកាន់​អាជ្ញាធរ​ថ្នាក់​ស្រុក​ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់។
ដោយ មណ្ឌលកែវ
2010-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ ឌៀប សុមេធ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា​ថា ដី​ជាង​៥០​ហិកតា​ដែល​ពួកគាត់​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៨៥ ត្រូវ​បាន​ឈ្មួញ​ឈ្មោះ ជួន ធៀប ធ្វើ​របង​ព័ទ្ធ​យក​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​ជួយ​ដោះស្រាយ តែ​អាជ្ញាធរ​បាន​ធ្វើ​ព្រងើយ​មិន​ព្រម​ធ្វើការ​ដោះស្រាយ​ឲ្យ​ពួកគាត់។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ភូមិ​មាន​មន្ទិល​សង្ស័យ​ថា អាជ្ញាធរ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ក្នុង​ការ​រំលោភ​យក​ដី​នោះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អូស​បន្លាយ​មិន​ព្រម​ដោះស្រាយ​នេះ បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ៖ «ឥឡូវ​នេះ​យើង​ខែ​១​ហើយ ឈាន​ជិត​ចូល​ដល់​ខែ​២​ហើយ ដល់​ខែ​៤ ខែ​៥​ហ្នឹង​ភ្លៀង​ធ្លាក់​មក អ៊ីចឹង​ប្រជាជន​នឹង​មាន​បញ្ហា​ក្នុង​ការ​ចូល​ធ្វើ​ស្រែ អ៊ីចឹង​សូម​ឲ្យ​សម្ដេច ក៏​ដូច​ជា​ថ្នាក់​ខេត្ត​ថ្នាក់​ស្រុក ជួយ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ជួយ​ប្រជាជន​យើង​ឲ្យ​បាន​ដីធ្លី​មក​ធ្វើ​ស្រែ​ដូច​ដើម​វិញ»

លោក ជួន ធៀប ជា​ឈ្មួញ​អ្នក​ទិញ​ដី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ៖ «ខ្ញុំ​ត្រូវ​មាន​ការ​សម្រួល​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​ជាតិ គឺ​ថា ខ្ញុំ​សម្បទាន​៧២​ហិកតា​ឲ្យ​ទៅ​គណៈកម្មការ​ហ្នឹង ដើម្បី​ចែក​ទៅ​ដល់​ប្រជាពលរដ្ឋ អ៊ីចឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​មិន​បាន​ទៅ​ចូល​រួម​ធ្វើ​ពាក្យ​បណ្ដឹង​ជាមួយ​គេ ហើយ​ដល់​ក្រោយ​មក​ឃើញ​គេ​មាន​ប្រយោជន៍ ប្រហែល​ជា​គាត់​មាន​បញ្ហា​នឹក​ឃើញ​ស្ដាយ​ក្រោយ ក៏​ចាប់​ផ្ដើម​រក​រឿង​ហេតុ​ដើម្បី​ប្ដឹង​យក​ដី​ហ្នឹង​ម្ដង​ទៀត ប៉ុន្តែ​ក្នុង​លក្ខណៈ​ហ្នឹង​ខុស​ហើយ ព្រោះ​យើង​បាន​ធ្វើ​លក្ខណៈ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ យើង​វាស់​តាម​ប្លង់ មាន GPS អី​គេ​ពី​សុរិយោដី​តាម​ប្លង់​ចាស់ ប្លង់​ដើម​របស់​គេ​តាម​គោល​អី តាម​ដែល​យើង​ទិញ​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ»

មេ​ភូមិ​ចាន់ត្រក គឺ​លោក សាធ សារិន និង​មេ​ឃុំ​ក្រាំងស្គារ លោក គង់ សំអ៊ីម ទទួល​ស្គាល់​ថា ឈ្មួញ​ឈ្មោះ ជួន ធៀប ពិត​ជា​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​មែន ប៉ុន្តែ​លោក​អះអាង​ថា រឿង​នេះ​ហួស​ពី​លទ្ធភាព​របស់​ភូមិ-​ឃុំ​ក្នុង​ការ​ដោះស្រាយ​ហើយ។ តែ​ទោះ​យ៉ាង​ណា​ក្តី លោក​បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ស្រុក​រួច​ហើយ ប៉ុន្តែ​ពុំ​ទាន់​ឃើញ​មាន​ដំណោះ​ស្រាយ​អ្វី​នៅ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ស្រុក​ទឹក​ផុស គឺ​លោក អ៊ូ សាខន បាន​ទេ នៅ​ល្ងាច​ថ្ងៃ​១៨ មករា​នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ទឹកផុស​និង​ជា​អតីត​អភិបាល​ស្រុក​នេះ គឺ​លោក ឈួង ឃឿន ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា ៖ «លោក​អភិបាល​លោក​ពន្យល់​អំពី​ការងារ​ហ្នឹង​ជា​បន្ត​បន្ទាប់ ហើយ​ចំពោះ​រឿង​ហ្នឹង​ខ្ញុំ​ក៏​បាន​ដឹង​ខ្លះ​ដែរ យើង​កំពុង​តែ​ធ្វើការ​ដោះស្រាយ​ជា​បន្ត​បន្ទាប់​ហើយ​ដែរ តែ​វា​មិន​ទាន់​បាន​សម្រេច​ទេ គ្រាន់​តែ​ខ្ញុំ​នឹង​គិត​គូរ​បន្ត​ទៀត»

ប្រភព​ពី​មន្ត្រី​ថ្នាក់​ខេត្ត​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​ដ៏​មាន​អំណាច​ម្នាក់​នៅ​ពី​ក្រោយ​ខ្នង​ឈ្មួញ​ឈ្មោះ ជួន ធៀប ដែល​សូម្បី​តែ​ថ្នាក់​ស្រុក​និង​ខេត្ត​ក៏​មាន​ការ​ញញើត​ដែរ ទើប​ដំណោះស្រាយ​មាន​ការ​អូស​បន្លាយ​ដូច្នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល