ទំនាស់​ដី​ធ្លី​រវាង​អ្នក​ភូមិ​និង​សមាគម​ជន​ពិការ​នៅ​ខែត្រ​ព្រះសីហនុ

ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​គេ​បារម្ភ​ថា នឹង​អាច​កើត​មាន​អំពើ​ហិង្សា​នៅ​លើ​ដី​ទំនាស់​ទំហំ​ជាង ១០​ហិកតា​ក្នុង​ខេត្ត​ព្រះសីហនុ រវាង​អ្នក​ភូមិ ២០​គ្រួសារ និង​សមាគម​ជន​ពិការ បាន​ធូរ​ស្រាល​បន្តិច​វិញ​ហើយ។
ដោយ វោហារ ជាតិ
2010-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ទំនាស់​ដី​ដ៏​តានតឹង​លើ​ទំហំ ១២​ហិកតា​រវាង​ប្រជាជន​ចំនួន ២០​គ្រួសារ​នៅ​ភូមិ​អន្លង់​ក្មេង​លេង ក្នុង​ឃុំ​អូរ​បាក់​រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ ជាមួយ​នឹង​សមាគម​ជន​ពិការ​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ មេសា​នេះ បាន​ធូរ​ស្រាល​បន្តិច​វិញ​ហើយ បន្ទាប់​ពី​អ្នក​ភូមិ ២០​គ្រួសារ​សុខ​ចិត្ត​ឈប់​ភ្ជួរ​ស្រែ​លើ​ដី​ទំនាស់​ដើម្បី​ចៀសវាង​អំពើ​ហិង្សា ហើយ​សម្រេច​ចិត្ត​ប្រើ​ផ្លូវ​ច្បាប់​វិញ ដោយ​ពួក​គាត់​បាន​លើក​គ្នា​ទៅ​ប្ដឹង​តវ៉ា​ដល់​ផ្ទះ​ប្រធាន​ភូមិ។

ប្រធាន​ភូមិ​អន្លង់​ក្មេង​លេង លោក ទឹម ហុង មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ មេសា​នេះ អះអាង​បន្ថែម​ថា ប្រជាជន​បាន​នាំ​គ្នា​ប្ដឹង​តវ៉ា​ទៅ​ថ្នាក់​លើ​តាម​រយៈ​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ។

លោក ទឹម ហុង បាន​បញ្ជាក់​ថា ៖ «ថ្ងៃ​នេះ​អត់​មាន​អី​ទេ ព្រោះ​យើង​ដក​កម្លាំង ប៉ុន្តែ​គេ​ព្រមាន​យើង​មិន​ឲ្យ​យើង​ភ្ជួរ បើ​យើង​ហ៊ាន​ភ្ជួរ នឹង​ត្រូវ​កាប់​គ្នា គេ​ថា​កាប់​យើង​មុន!»

ចំណែក​ប្រធាន​សមាគម​សង្គ្រោះ​ជន​ពិការ​កម្ពុជា លោក ទូច សឿលី ដែល​ជា​ភាគី​ទំនាស់​ម្ខាង​ទៀត​នោះ​ក៏​បាន​អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ មេសា​នេះ លោក​បាន​នាំ​គ្នា​ទៅ​ឃាត់​ប្រជាជន​ដែល​មក​ភ្ជួរ​លើ​ដី​ទំនាស់ ដែល​លោក​អះអាង​ថា ដី​នោះ​ជា​ដី​សមាគម​របស់​លោក ហើយ​មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​ឡើង​ទេ ៖ «ភ្ជួរ! មក​តើ! មក​គ្នា​ទាំង​ប្រុស​ទាំង​ស្រី​ប្រហែល ២០​នាក់។ ខ្ញុំ​សុំ​ថា​កុំ​អាល​ឲ្យ​ធ្វើ!»

ប្រធាន​ភូមិ​អន្លង់​ក្មេង​លេង លោក ទឹម ហុង មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ប្រជាជន​ទៅ​ដល់​សាលា​ឃុំ​អូរ​បាក់​រទេះ​ហើយ ហើយ​លោក​មេឃុំ​បាក់​រទេះ គឺ​លោក ពិន សេម បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ដដែល​នេះ​ថា លោក​ក៏​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​នោះ​ទៅ​សាលា​ស្រុក​កំពង់​សីលា​ហើយ ដោយ​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​ជម្លោះ​នេះ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ៗ​មុន​ធ្លាក់​ភ្លៀង​រដូវ​វស្សា ព្រោះ​ប្រជាជន​របស់​លោក​ត្រូវការ​ធ្វើ​ស្រែ​ឲ្យ​ទាន់​ពេល​វេលា​នៅ​រដូវ​ដក​ស្ទូង។

យ៉ាង​ណា​ក្ដី​ចៅហ្វាយ​ស្រុក​កំពង់​សីលា លោក ខេង តេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ដដែល​នេះ​ថា លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​នោះ​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៦ មេសា​នេះ ៖ «ចាំ​មើល​សំណុំ​រឿង​សិន ដី​ខាង​ណា​ខាង​ណី​ណា! ហើយ​បើ​របស់​ប្រជាជន យើង​ត្រូវ​ដោះស្រាយ​ឲ្យ​ប្រជាជន។ មិន​ដឹង​ជា​ទំនាស់​ជាមួយ​ខាង​ណា​ទេ បើ​(ពាក្យ​បណ្ដឹង)​មិន​ទាន់​មក​ដល់​ផង!»

ក្រុម​សិទ្ធិ​មនុស្ស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​បាន​តាម​ដាន​ករណី​ទំនាស់​ដី​នេះ បាន​អបអរ​ដែល​ទំនាស់​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ មេសា​នេះ មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ដូច​ដែលគេ​បាន​ព្រួយ​បារម្ភ​កាលពី​សប្ដាហ៍​មុន​នេះ។ ក៏​ប៉ុន្តែ​គេ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា អំពើ​ហិង្សា​នឹង​អាច​កើត​មាន​ឡើង​ជា​យថាហេតុ បើ​សិន​ជា​មិន​មាន​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌​ទេ​នោះ។ ម៉្យាង​វិញ​ទៀត នៅ​តំបន់​នេះ​មាន​ទំនាស់​ដី​ធ្លី​យ៉ាង​ស្រួចស្រាល់​ច្រើន​ករណី​ទៀត​ដែល​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ការពារ​ធនធាន​ធម្មជាតិ និង​សិទ្ធិ​ប្រជាពលរដ្ឋ ដែល​បាន​ចុះ​ទៅ​ឃ្លាំ​មើល​ទំនាស់​នេះ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ មេសា​នេះ នៅ​តែ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​ដែល​អាច​កើត​ឡើង។

លោក ជា ហ៊ាន បាន​ឲ្យ​ដឹង​ថា ៖ «បើ​តាម​ខ្ញុំ​សង្កេត​មើល​ទៅ​ក្នុង​តំបន់​នេះ​មាន​បញ្ហា​ច្រើន​ណាស់ ដូច​ជា​ការ​បាញ់ ការ​កាប់​សម្លាប់ ការ​ដុត​លំនៅ​ឋាន​ជា​ច្រើន​ករណី ហើយ​អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ»

ក្រុម​សិទ្ធិ​មនុស្ស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា ទំនាស់​ដី​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់ និង ២​នាក់​រង​របួស​រួច​ទៅ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​ករណី​ទំនាស់​ដី​នេះ​មាន​ភាព​ស្មុគស្មាញ ដោយសារ​តែ​តំបន់​ដី​ទំនាស់​នោះ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​មិន​ច្បាស់​លាស់ នៃ​ព្រំ​ប្រទល់​ខេត្ត​បី គឺ​ខេត្ត​ព្រះសីហនុ កំពត និង​កំពង់ស្ពឺ ហើយ​គេ​មិន​ដឹង​ថា ខេត្ត​មួយ​ណា​ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​ទំនាស់​នេះ​ពិតប្រាកដ​នៅ​ឡើយ​ទេ​មក​ទល់​ថ្ងៃ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល