មន្ត្រី​បរិស្ថាន​អនុញ្ញាត​ឲ្យ​អ្នក​ស្រុក​សំពៅលូន​​ធ្វើ​ស្រែ​លើ​ដី​ពួក​គាត់​វិញ

អ្នក​ភូមិ​ជិត​២០០​គ្រួសារ​នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ជ្រៃសីម៉ា ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង​ បាន​ចាប់​ផ្តើម​ភ្ជួរ​រាស់​ដី​ស្រែ​បង្ក​បង្កើន​ផល​វិញ​ហើយ បន្ទាប់​ពី​បាន​ខកខាន​មិន​បាន​ធ្វើ​​មួយ​រយៈ​ដោយសារ​តែ​មន្ត្រី​បរិស្ថាន​នៅ​ទី​នោះ​ហាម​ឃាត់។
ដោយ សួន សុផលមុន្នី
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ភូមិ​ចំនួន​១៦៨​គ្រួសារ​​បាន​ចាប់​ផ្តើម​យក​ត្រាក់​ទ័រ​ចុះ​ភ្ជួរ​រាស់​ដី​ស្រែ​ទំហំ​៦៩២​ហិកតា​​ជា​ធម្មតា​​ឡើង​​វិញ​​បន្ទាប់​ពី​ខកខាន​មិន​បាន​បង្ក​បង្កើន​ផល​អស់រយៈ​ពេល​ជា​ច្រើន​ខែ​​ដោយសារ​តែ​ការ​ហាម​ឃាត់​របស់​លោក​មេភូមិ​និង​​មន្ត្រី​បរិស្ថាន។

លោក អ៊ុក មឿយ អយុ​៥៥​ឆ្នាំ​ បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​បាន​ប្រើ​ប្រាស់​ត្រាក់ទ័រ​ចំនួន​៦​គ្រឿង​ចុះ​ភ្ជួររាស់​ដី​ទំហំ​៦៩២​ហិក​តា​បង្ក​បង្កើន​ផល​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា ការ​ដែល​អ្នក​ភូមិ​ចុះ​ភ្ជួររាស់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សម្រេច​របស់​លោក ជុំ ស៊ីប អភិបាល​ស្រុក​ សំពៅលូន​កាល​ពី​ថ្មីៗ​នេះ។

លោក អ៊ុក មឿយ បញ្ជាក់​ថា ៖ «អភិបាល​ស្រុក​ចុះ​មក គាត់​នាំ​បរិស្ថាន​មក​ផង​។ គាត់​និយាយ​ថា លោក​បរិស្ថាន​នៅ​ហ្នឹង​ឥឡូវ​អនុញ្ញាត​ឲ្យ​បង​ប្អូន​ធ្វើ​បង្ក​បង្កើន​ផល​ទៅ ​ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​លើ​ដី​ព្រៃ»

ដី​ទំហំ​៦៩២​ហិក​តា​ស្ថិត​នៅ​ភូមិ​ស្រឡៅជ្រុំ ឃុំ​ជ្រៃសីមា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ត្រូវ​បាន​​អ្នក​ភូមិ​ចំនួន​១៦៨​គ្រួសារ ចូល​ទៅ​កាន់កាប់​រស់នៅ​និង​ប្រើប្រាស់​ដី​នោះ​បង្ក​បង្កើន​ផល​ដាំ​ស្រូវ​ សណ្តែក ​តាំង​ពី​ឆ្នាំ​២០០១​រហូត​មក​ ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​មហាផ្ទៃ​។

ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា នៅ​ក្រោយ​រដូវ​ប្រមូល​ស្រូវ​កាល​ពី​ចុង​ឆ្នាំ​២០០៩​កន្លង​ទៅ ​ស្រាប់​តែ​មេ​ភូមិ​​និង​មន្ត្រី​បរិស្ថាន​បាន​ធ្វើ​ការហាម​ឃាត់​មិន​ឲ្យ​ភ្ជួរ​រាស់​លើ​ដី​ដែល​ពួកគាត់​​ធ្លាប់​បង្ក​បង្កើន​ផល ​ដោយ​​សំអាង​ថា ដី​នោះ​ជា​ដី​ព្រៃ​របស់​រដ្ឋ​ស្ថិត​ក្នុង​ដី​ព្រះរាជ្យ​ក្រឹត្យ​រនាមដូនសំ។

ក្រុម​អ្នក​ភូមិ​ចោទ​ថា មេភូមិ​និង​​មន្ត្រី​បរិស្ថាន​ប្រើ​លេស​ខាង​លើ​ដើម្បី​បង្ខំ​អ្នក​ភូមិ​ឲ្យ​បង់​អង្ករ​ឬ​លុយ​ឲ្យ ៖ «មុន​ទារ​លុយ​ទារ​អង្ករ​ បើ​បាន​អង្ករ​ឲ្យ​ក្នុង​១ឡូ​៥០​គីឡូក្រាម​ បើ​មិន​បាន​អង្ករ​ទេ​ប្រាក់​៥០០​បាត​ ទៅ​សុំ​មេ​ភូមិ មេ​ភូមិ​ឲ្យ​ទៅ​សុំ​បរិស្ថាន»

លោក ទឹម ប៊ុនយ៉ុង មេភូមិ​ស្រឡៅជ្រុំ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​បរិស្ថាន​ជា​អ្នក​យក​លុយ​ពី​អ្នក​ភូមិ​កាល​ពី​​៤​ឆ្នាំ​មុន ៖ «រយៈពេល​កន្លង​មក​នេះ​ខ្ញុំ​មិន​មាន​សិទ្ធិ​អី​ហាម​ឃាត់​បង​ប្អូន​ទេ ដី​វា​ស្ថិត​ក្នុង​ដី​ព្រះរាជ្យ​ក្រឹត្យ​រនាមដូនសំ អ៊ីចឹង​​ហើយ​ខ្ញុំ​បាន​ជម្រាប​គាត់​វិញ ​មិន​មែន​ជា​តួនាទី​របស់​ខ្ញុំ​ទេ​ខាង​បរិស្ថាន​ជា​អ្នក​គ្រប់គ្រង»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​បរិស្ថាន​ដើម្បី​សុំ​ការ​បញ្ជាក់​ទាក់​ទិន​បញ្ហា​ខាង​លើ​នេះ​បាន​ទេ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី បាន​មាន​ប្រសាសន៍​ថា តំណាង​អ្នក​ភូមិ​ខ្លះ​ត្រូវ​បាន​គេ​ចោទ​ថា ជា​សមាជិក​បក្ស​ប្រឆាំង ៖ «ទី​មួយ​ខ្ញុំ​បាន​សំណូមពរ​ទៅ​លោក​អភិបាល​ស្រុក​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ ជា​ពិសេស​ទៅ​លើ​តំណាង​ពី​រឿង​ក្រុម​បះបោរ​គ្រាន់​តែ​ធ្វើការ​តវ៉ា​ជា​គណ​បក្ស​ប្រឆាំង​អី​អ៊ីង។ សុំ​កុំ​ឲ្យ​លាប​ពណ៌​គ្នា។ ទី​ពីរ​ខ្ញុំ​សុំ​ឲ្យ​អភិបាល​ស្រុក​អន្តរាគមន៍​ឲ្យ​ប្រ​ជា​ពល​រដ្ឋបាន​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​ដែល​គាត់​ធ្លាប់​ធ្វើ​តាំង​ពី​ឆ្នាំ​២០០១​និង​២០០២​មក»

លោក ម៉ុក ម៉ារ៉េត រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​កាល​ពី​ខែ​មីនា ឆ្នាំ​២០០៩​កន្លង​ទៅ ​ធ្លាប់​បាន​ចុះ​ទៅ​ប្រកាស​ឲ្យ​អ្នក​ភូមិ​ស្រឡៅជ្រុំ បង្ក​បង្កើន​ផល​លើ​ដី​នោះ​ដោយ​គ្មាន​ការ​ដក​ហូត​ទេ។

ទោះ​យ៉ាង​នេះ​ក្តី​ក្រុម​អ្នក​ភូមិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ផែន​ការ​ថ្មី​​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​រៀប​ចំ​រដ្ឋ​បាល​ភូមិ​នៅ​ទី​នោះ​ឡើង​វិញ ​អាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​នៅ​ទី​នោះ​បាត់​បង់​ដី​ស្រែចម្ការ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល