អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ​ស្នើ​សុំ​ភ្ជួរ​រាស់​លើ​ដី​២២៣​ហិកតារ

អ្នក​ភូមិ​ថ្ម​ដប់ ឃុំ​សំបួរ ជិត​១០០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មេសា​នេះ បាន​លើក​គ្នា​ទៅ​សាលា​ស្រុក​មង្គល​បុរី ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជលផល​ខេត្ត​បន្ទាយមានជ័យ​អនុញ្ញាត​ឲ្យ​ពួក​គាត់​អាច​ភ្ជួរ​រាស់​ដី​បង្ក​បង្កើន​ផល​នៅ​លើ​ដី​ទំហំ ២២៣​ហិកតារ​ដែល​ពួក​​គាត់​ធ្លាប់​បាន​អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។
ដោយ សួន សុផលមុន្នី
2010-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក លន់ បូ អនុ​ភូមិ​ថ្ម​ដប់ បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ចំនួន ១៦០​គ្រួសារ​បាន​ផ្ដិត​មេ​ដៃ​រួម​គ្នា ដើម្បី​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​បន្ទាយមានជ័យ​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ដាំ​ដុះ​នៅ​លើ​ដី​នោះ​ឲ្យ​ទាន់​ដើម​រដូវ​វស្សា។

លោក លន់ បូ បាន​បញ្ជាក់​ថា ៖ «សុំ​ស្នើ​ឲ្យ​គាត់​អនុគ្រោះ អនុញ្ញាត​ឲ្យ​ដើម្បី​នឹង​បង្ក​បង្កើន​ផល​បន្ត​ទៅ​ទៀត ព្រោះ​រដូវ​នេះ​រដូវ​ភ្ជួរ​រាស់​ហើយ។ ប្រជា​ពលរដ្ឋ​ទាំង​អស់​នេះ​គ្រាន់តែ​សំណូមពរ​ថា ឲ្យ​បាន​ជា​បន្ទាន់!»

លោក ព្រំ សំ អាយុ ៧៨​ឆ្នាំ ជា​អ្នក​ភូមិ​ថ្ម​ដប់ មាន​ប្រសាសន៍​ថា រដូវ​បង្ក​បង្កើន​ផល​ចាប់ផ្ដើម​បណ្ដើរ​ៗ​ហើយ​តាំង​ពី​ខែ​មេសា ហើយ​ក្រុម​អ្នក​ភូមិ​បាន​ស្នើ​សុំ​យក​ដី​ដែល​ពួក​គេ​ធ្លាប់​បាន​បង្ក​បង្កើន​ផល​នោះ​មក​វិញ។

លោក ព្រំ សំ បាន​អះអាង​ថា ៖ «ប្រជា​ពលរដ្ឋ​គ្រាន់តែ​សុំ​ទាមទារ​ដី​ដែល​គាត់​បង្ក​បង្កើន​ផល​ហ្នឹង មិន​សុំ​ជា​កម្មសិទ្ធិ​ទេ សុំ​ថា បើ​សិន​ជា​ដី​ណា​ជា​ដី​របស់​ជលផល សុំ​កំណត់​ឲ្យ​ច្បាស់លាស់ ដី​ដែល​បង​ប្អូន​ខំ​ធ្វើ​បាន​មក​ហើយ សុំ​ឲ្យ​បង​ប្អូន​ធ្វើ​ត​ទៅ​ទៀត ឬ​យ៉ាង​ម៉េច? ឲ្យ​ច្បាស់លាស់​មក!»

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បន្ទាយមានជ័យ លោក លី វេង មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ជុំវិញ​ការ​ទាមទារ​របស់​អ្នក​ភូមិ​ខាង​លើ។ ប៉ុន្តែ​លោក មាស សំណាង អភិបាល​រង​ស្រុក​មង្គល​បុរី បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បន្ទាយមានជ័យ​បាន​ជួប​ជាមួយ​ក្រុម​អ្នក​ភូមិ​ទាំង​នោះ ដោយ​ថែម​ទាំង​អះអាង​ថា នឹង​បញ្ជូន​សំណើ​ខាង​លើ​នេះ​ទៅ​ថ្នាក់​លើ​ជា​អ្នក​សម្រេច។

ក្រុម​អ្នក​ភូមិ​ថ្ម​ដប់​ទាំង​នោះ​បាន​ថ្លែង​ថា ពួក​គាត់​មិន​អាច​ចុះ​ភ្ជួរ​រាស់​ដី ធ្វើ​ការ​បង្ក​បង្កើន​ផល​នៅ​លើ​ដី​ទំហំ ២២៣​ហិកតារ​ដែល​ពួក​គេ​ធ្លាប់​ដាំ​ដុះ​ជា​បន្ត​បន្ទាប់ តាំង​ពី​ឆ្នាំ​១៩៩៨​មក​ហើយ​នោះ បាន​ទៀត​ទេ ដោយសារ​មន្ត្រី​ជលផល​ខេត្ត​ហាម​ឃាត់​ថា ទី​នោះ​ជា​តំបន់​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ ហើយ​ស្ថិត​នៅ​ក្នុង​ដែន​នេសាទ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល