ក្រុម​យោធិន​ពិការ​នៅ​កំពង់ធំ​អស់​សង្ឃឹម​ចំពោះ​ការ​សន្យា​ផ្ដល់​ដី​របស់​អាជ្ញាធរ

ក្រុម​យោធិន​ពិការ​នៅ​ភូមិ​ថ្មសំលៀង​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៧ ឧសភា​នេះ​ថា ពួក​គាត់​អស់​សង្ឃឹម​ចំពោះ​អាជ្ញាធរ​ខែត្រ​កំពង់ធំ ដែល​ធ្លាប់​សន្យា​ជាមួយ​ពួក​គាត់​ថា នឹង​ចែក​ដី​ចម្ការ​ជូន​ក្នុង​មួយ​គ្រួសារ​មួយ​ហិកតារ​ជា​ច្រើន​ដង​មក​ហើយ តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​ខែត្រ​នៅ​មិន​ទាន់​បាន​ផ្ដល់​ដី​ជូន​ពួក​គេ​នៅ​ឡើយ។
ដោយ ទីន ហ្សាការីយ៉ា
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យោធិន​ពិការ​កាប់​ឆ្ការ​ព្រៃ​នៅ​លើ​ដី​លំនៅ​ឋាន ក្នុង​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។
យោធិន​ពិការ​កាប់​ឆ្ការ​ព្រៃ​នៅ​លើ​ដី​លំនៅ​ឋាន ក្នុង​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។
RFA/Tin Zakariya

យោធិន​ពិការ​ជើង​មួយ​រូប​ឈ្មោះ ចន្ថា បាន​និយាយ​ថា អាជ្ញាធរ​ខែត្រ​បាន​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ដង ហើយ​ក៏​បាន​សន្យា​ថា នឹង​ផ្ដល់​ដី​ចម្ការ ម្ដង​ថា​ខែ​នេះ ខែ​នោះ និង​ចុង​ក្រោយ​សន្យា​ថា យ៉ាង​យូរ​នៅ​ដើម​សប្ដាហ៍​នៃ​ខែ​ឧសភា ប៉ុន្តែ​ការ​សន្យា​នោះ​ជា​ការ​ភូត​កុហក ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​គ្មាន​ដី​ធ្វើ​ចម្ការ និង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ដាច់​ស្បៀង ដោយ​អ្នក​ខ្លះ​មាន​ជំងឺ ហើយ​គ្មាន​លុយ​ទៅ​ព្យាបាល។

លោក ចន្ថា បាន​អះអាង​ថា ៖ «ខ្ញុំ​បម្រើ​ជាតិ​ណា៎! គាត់​នឹក​ឃើញ​ខ្ញុំ​ផង នឹក​ឃើញ​ពួក​ខ្ញុំ​ផង មិន​មែន​នឹក​ឃើញ​បុគ្គល​ខ្ញុំ​ទេ! សម្ដេច ហ៊ុន សែន ចំ​តែម្ដង គាត់​មើល​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពិការ និង​គ្រួសារ​យោធិន​រំសាយ និង​គ្រួសារ​យោធិន​ដែល​ស្លាប់​ទៅ ឲ្យ​គាត់​ជួយ​ផង!»

យោធិន​ពិការ​មួយ​រូប​ទៀត​បាន​លើក​ឡើង​ថា មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​រង់ចាំ​អាជ្ញាធរ​ខែត្រ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក មិន​ហ៊ាន​ចេញ​ទៅ​ណា​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​ការ​អត់​បាយ មាន​អ្នក​ភូមិ​មួយ​ចំនួន​ចេញ​ទៅ​រក​ស៊ីឈ្នួល​គេ ៖ «ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ខ្លាំង​ពេក​ហើយ! ឥឡូវ​ចេញ​ចង់​អស់​ហើយ​ពួក​នៅ​ដី​ថ្មី​ហ្នឹង!»

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២២ ឧសភា​ខាង​មុខ លោក​នឹង​ធ្វើ​ការ​បូក​សរុប​ផ្ទៃ​ដី​ចម្ការ​ដែល​បម្រុង​ចែក​ជូន​ប្រជា​ពលរដ្ឋ ថា ផ្ទៃ​ដី​ដែល​មាន​ហើយ​ចំនួន​ប៉ុន្មាន និង​ខ្វះ​ដី​ចំនួន​ប៉ុន្មាន​ហិកតារ​ទៀត ហើយ​នឹង​ត្រូវ​ដកហូត​ពី​ប្រជា​ពលរដ្ឋ​ដែល​កាន់កាប់​នៅ​តំបន់​ថ្មសំលៀង​នោះ​ប៉ុន្មាន​ហិកតារ​ទៀត ដើម្បី​បង្គ្រប់​ចំនួន​សម្រាប់​ចែក​ឲ្យ​យោធិន​ពិការ​នោះ។

លោក អ៊ុត សំអន បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​យឺតយ៉ាវ​ដូច្នេះ ៖ «ដី​ហ្នឹង​ជា​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​ឡើយ ដែល​ការ​ដក​ហូត​របស់​ខែត្រ​មិន​ទាន់​បាន​ធ្វើ​អនុប្រយោគ ដែល​សំណូមពរ​ពី​អ្នក​បច្ចេកទេស ចេញ​ពី​ជំនាញ​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ»

លោក អ៊ុត សំអន បាន​បញ្ជាក់​ទៀត​ថា ចំនួន​យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​នៅ​លើ​ដី​ថ្មសំលៀង​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៦០០​គ្រួសារ។ ក្រៅពី​ការ​ផ្ដល់​ដី លោក អ៊ុត សំអន បាន​អះអាង​ទៀត​ថា នៅ​ខែ​មិថុនា​ខាង​មុខ លោក​នឹង​ទៅ​រៀបចំ​សាង​សង់​ប៉ុស្តិ៍​សុខភាព និង​សាលា​រៀន​ជូន​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង​ផង​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត បាន​បញ្ជាក់​ថា ការ​ពន្យារ​ពេល​ផ្ដល់​ដី​ជូន​ប្រជា​ពលរដ្ឋ​នេះ ជា​ការ​បង្ក​ផល​វិបាក​ដល់​យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​ដី​សម្រាប់​ធ្វើ​ចម្ការ ហើយ​រដូវ​បង្ក​បង្កើន​ផល​បាន​មក​ដល់​ហើយ​ដែរ អាជ្ញាធរ​ខែត្រ​កំពង់ធំ​គួរ​រក​មធ្យោបាយ និង​គោរព​នូវ​ការ​សន្យា​របស់​ខ្លួន។

លោក អំ សំអាត បាន​បញ្ជាក់​ថា ៖ «រហូត​មក​ទល់​ពេល​នេះ បើ​យើង​គិត​អំពី​រដូវ​ធ្វើ​ស្រូវ គឺ​ដល់​ពេល​ដែល​គាត់​ត្រូវ​ធ្វើ​ហើយ ហើយ​អត់​មាន​សម្រាប់​ពួក​ទៀត! បើ​យើង​គិត​តាំង​ពី​ដេញ​គាត់​មក វា​អស់​រយៈពេល ៥​ខែ​ហើយ»

យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​ប្រមាណ ១០០០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​បណ្ដេញ​ចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន​នៅ​ភូមិ​បន្ទាយរងៀង ឃុំ​ក្រយា ស្រុក​សន្ទុក ប្រគល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ តាន់ បៀន ដាំ​ដើម​កៅស៊ូ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ហើយ​ឲ្យ​ទៅ​នៅ​លើ​ដី​ក្នុង​ភូមិ​ថ្មសំលៀង​បច្ចុប្បន្ន ដោយ​ចែក​ដី​ភូមិ​ឲ្យ​ក្បាល ២០​ម៉ែត្រ គុណ​នឹង ៤០​ម៉ែត្រ ហើយ​នៅ​ថ្ងៃ​ទី​២២ ឧសភា​ខាង​មុខ ក្រុម​យោធិន​ពិការ​នឹង​រង់ចាំ​មើល​ទៀត​ថា អាជ្ញាធរ​ខែត្រ​ធ្វើ​ដូច​ការ​សន្យា​របស់​ខ្លួន​ដែរ​ឬ​យ៉ាង​ណា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល