អាជ្ញាធរ​បោះ​បង្គោល​កំណត់​ព្រំ​ឧទ្យាន​អង្គរ

ឧទ្យាន​អង្គរ​ដែល​មាន​ទំហំ​ផ្ទៃ​ដី​ជាង ៤០០​គីឡូ​ម៉ែត្រ​ការ៉េ​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ផ្តើម​ចាត់​វិធានការ​ការពារ​យ៉ាង​ម៉ឺង​ម៉ាត់​បំបាត់​ការ​កាប់បំផ្លាញ​ព្រៃ​ឈើ​និង​ទន្រ្ទានយក​ដី​ធ្វើ​កម្មសិទ្ធិ។
ដោយ ហង្ស សាវយុត
2010-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រាសាទ​អង្គរ​វត្ត​ថត​នៅ​ឆ្នាំ​២០០២។
ប្រាសាទ​អង្គរ​វត្ត​ថត​នៅ​ឆ្នាំ​២០០២។
RFA/Thai Sothea

មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បូរាណ និង​អាជ្ញាធរ​ខេត្ត​សៀមរាប ​ជា​មួយ​បុគ្គលិក​ពាក់ព័ន្ធ​ការងារ​ថែរក្សា​តំបន់​អង្គរ​ជា​ច្រើន​រយ​នាក់​ទៀត បាន​ចូល​រួម​ធ្វើ​ពិធី​បើក​ស្បៃ​របាំង​ប្រោះ​ព្រំ​បង្គោល​ឧទ្យាន ដែល​កំណត់​ព្រំដែន​ការពារ​តំបន់​អង្គរ​ក្នុង​បំណង​បង្ហាញ​ឲ្យ​ឃើញ​ផ្លូវ​ច្បាប់​ជាក់​លាក់​មួយ មិន​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ ឬ​ក៏​ការ​ចូល​រុក​រាន​ចាប់​យក​ដី​ជា​កម្មសិទ្ធិ​នៅ​ក្នុង​ទី​តាំង​ដែល​មាន​សញ្ញា​សម្គាល់​រួច​ហើយ​នោះ​ទៀត​ទេ។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​បាន​កំណត់​តំបន់​១ និង​តំបន់​២ សម្រាប់​ឧទ្យាន​នៅ​តំបន់​អង្គរ។ តំបន់​ប្រាសាទ​បន្ទាយស្រី និង​តំបន់​ប្រា​សាទ​បូរាណ​រលួស​ទំហំ​ផ្ទៃ​ដី ៤០១​គីឡូ​ម៉ែត្រ​ការ៉េ គឺ​ជា​ឧទ្យាន​បូរាណវត្ថុ​ដែល​ត្រូវ​ការពារ និង​ទប់​ទល់​លើ​ការ​ប្រើប្រាស់​ដី​ធ្លី​ផ្តេស​ផ្តាស និង​ការ​អភិវឌ្ឍ​មិន​សម​ស្រប ព្រោះ​ជា​តំបន់​ទ្រនាប់​សម្រាប់​ការ​ពារ​រមណីយ​ដ្ឋាន​ដែល​មាន​ប្រាសាទ​បូរាណ។

លោក ប៊ុន ណារិទ្ធិ មាន​ប្រសាសន៍​ថា ៖ «​ពេល​ដែល​យើង​សុំ​ដាក់​ប្រាសាទ​អង្គរ​ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ហ្នឹង គឺ​វា​មាន​លក្ខខណ្ឌ​មួយចំនួន​ដែល​យើង​ត្រូវ​បំពេញ​គឺ​ថា ត្រូវ​មាន​កំណត់​តំបន់​ការពារ​ពី​ត្រឹម​ណា​ទៅ​ណា។ មាន​ផែន​ទី​មួយ​ណា ហើយ​យើង​កំណត់​ដោយ​ព្រះ​រាជក្រឹត្យ​លេខ ០០១​ហ្នឹង ខេត្ត​សៀមរាប​គេ​ចែក​ជា ៥​តំបន់។ ទី១ គឺ​តំបន់​ប្រាសាទ ទី២ គឺ​តំបន់​ជុំវិញ​ប្រាសាទ​ដែល​ជា​តំបន់​ទ្រនាប់​នោះ​ណា៎! ដែល​យើង​បោះ​បង្គោល​ហ្នឹង គឺ​តំបន់​២ ហើយ​ខាង​នេះ​ផុត​តំបន់​ហើយ​គឺ​ជា​ក្រុង​សៀមរាប​ហើយ»

មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​អាជ្ញាធរ​បាន​ធ្វើការ​បោះ​បង្គោល​កំណត់​ព្រំ​តំ​បន់​ការពារ​នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​តាម​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ប៉ុណ្ណោះ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​​២០០៤ ដោយសារ​ចលនា​ទិញ​លក់​ដី​បាន​កើត​ឡើង​ខ្លាំង គឺ​អាជ្ញាធរ​អប្សរា​បាន​បោះ​បង្គោល​ព្រំ​កំណត់​តំបន់​ការពារ​រមណីយដ្ឋាន​ថែម​ទៀត​រហូត​ដល់​ចំនួន​ជាង ៥៩០​បង្គោល​នៅ​តំបន់​ដែល​ត្រូវ​ការ​​ពារ គឺ​ប្រាសាទ​បូរាណ​រលួស​លើ​ផ្ទៃ​ដី ៣០​គីឡូ​ម៉ែត្រ​ការ៉េ តំបន់​ប្រាសាទ​បន្ទាយ​ស្រី​លើ​ផ្ទៃ​ដី​ទំហំ ២០​គីឡូ​ម៉ែត្រ​ការ៉េ និង​តំបន់​អង្គរ​លើ​ផ្ទៃ​ដី​ជាង ៣៥០​គីឡូ​ម៉ែត្រ​ការ៉េ។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា តំបន់​អង្គរ​ដែល​មាន​ប្រា​សាទ​​បូរាណ​ជា​ច្រើន​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​តែង​ទៅ​ធ្វើ​ពិធី​បន់ស្រន់ និង​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យ​ជួយ​សម្រេច​តាម​បំណង​អ្វី​មួយ។ ដូច្នេះ​ទឹក​ដី​ទាំង​នោះ​គឺ​ជា​ទី​របស់​អាទិទេព​ដែល​ត្រូវ​ការពារ​មិន​ត្រូវ​ឲ្យ​មាន​ការ​ចូល​កាប់​ព្រៃ​ឈើ និង​ការ​រុករាន​យក​ដី​ជា​កម្ម​សិទ្ធិ​ឯក​ជន ឬ​ក៏​ធ្វើ​ឲ្យ​មាន​ភាព​កខ្វក់​នោះ​ទេ។

លោក ស៊ូ ភិរិន្ទ មាន​ប្រសាសន៍​ថា ៖ «នេះ​គឺ​ជា​រឿង​អរិយធម៌​របស់​យើង​រុងរឿង​ដោយសារ​វប្បធម៌​យើង​ខ្លាំង​អ៊ីចឹង។ វេលា​ដល់​ហើយ​ជំនាន់​ក្រោយ​ពួក​យើង​នឹង​មាន​ភ័ព្វ​សំណាង​កើត​មក​ជា​ខ្មែរ​អង្គរ។ អ៊ីចឹង​យើង​គិត​នៅ​ការពារ​អង្គរ។ នៅ​ក្នុង​ព្រះ​រាជក្រឹត្យ​ឆ្នាំ១៩៩៤ ទុក​ឲ្យ​តំបន់​ឧទ្យាន​ជា​ដី​អាទិទេព ដី​ព្រះ ដី​ជួយ​យើង​ឲ្យ​រុង​រឿង កុំ​ប៉ះ»

មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ដី​មួយ​ចំនួន​ដែល​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ និង​សំណង់​របស់​រដ្ឋ​ខ្លះ​បាន​ស្ថិត​នៅ​ក្នុង​តំបន់១ និង​តំបន់​២ ដែល​ត្រូវ​ហាម​ឃាត់​ក៏​ដោយ ក៏​ផ្ទះ​ទាំង​អស់​ដែល​មាន​ពី​មុន​មក​អាច​បន្ត​រស់​នៅ​ត​ទៅ​ទៀត​ដោយ​មិន​មាន​ការ​ដេញ​ឲ្យ​ចាកចេញ​ពី​ភូមិ​ទេ។

ប្រជា​ពលរដ្ឋ​អាច​រុះ​រើ ជួស​ជុល​ផ្ទះ​ទ្រុឌ​ទ្រោម ឬ​សង់​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ដោយ​មាន​ការ​សុំ​អនុញ្ញាត​មក​សមត្ថ​កិច្ច​អាជ្ញាធរ​អប្សរា។ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ផ្ទេរ​ដី​កម្មសិទ្ឋិ​ទៅ​ឲ្យ​សាច់​ញាតិ​កូន​ចៅ ឬ​អាច​លក់​ទៅ​ឲ្យ​អ្នក​ភូមិ​រស់​នៅ​បន្ត​បាន លើក​លែង​តែ​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​យក​ចំណេញ​ពី​ក្រុមហ៊ុន ឬ​ក៏​សាងសង់​សណ្ឋាគារ​ភោជនីយដ្ឋាន ខារ៉ាអូខេ​ ជាដើម៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Thank you so much for taking care our properties so well.

Jan 21, 2010 02:38 PM

គេហទំព័រ​ទាំងមូល