អាជ្ញាធរ​ហាម​មិន​ឲ្យ​កសិករ​២៤​គ្រួសារ​ធ្វើ​ស្រែ​នៅ​តំបន់​ព្រៃ​លិច​ទឹក

ក្រុម​ប្រជា​កសិករ ២៥​គ្រួសារ​នៅ​ភូមិ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​សហគមន៍​នេសាទ និង​មន្ត្រី​សង្កាត់​ជលផល ហាម​ឃាត់​មិន​ឲ្យ​ចូល​ធ្វើ​ស្រែ​លើ​ផ្ទៃ​ដី​ចំនួន ៤១​ហិកតារ​នៅ​តំបន់​ព្រៃ​លិច​ទឹក​បាន​ទេ​ក្នុង​ឆ្នាំ​នេះ។
ដោយ ហង្ស សាវយុត
2010-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២១-កក្កដា-២០១០: ក្រុម​ប្រជា​កសិករ​លើក​គ្នា​មក​កាន់​វាល​ស្រែ នៅ​ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ដើម្បី​ចង្អុល​បង្ហាញ​ដី​ស្រែ​ស្រូវ​ឡើង​ទឹក​របស់​ពួក​គេ ឲ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ពិនិត្យ​មើល​ពី​ភូមិសាស្ត្រ ដែល​អាជ្ញាធរ​បោះ​បង្គោល​ការពារ​ដែន​សហគមន៍​នេសាទ និង​ដែន​ការពារ​ព្រៃ​លិច​ទឹក។
២១-កក្កដា-២០១០: ក្រុម​ប្រជា​កសិករ​លើក​គ្នា​មក​កាន់​វាល​ស្រែ នៅ​ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ដើម្បី​ចង្អុល​បង្ហាញ​ដី​ស្រែ​ស្រូវ​ឡើង​ទឹក​របស់​ពួក​គេ ឲ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ពិនិត្យ​មើល​ពី​ភូមិសាស្ត្រ ដែល​អាជ្ញាធរ​បោះ​បង្គោល​ការពារ​ដែន​សហគមន៍​នេសាទ និង​ដែន​ការពារ​ព្រៃ​លិច​ទឹក។
RFA/Hang Savyouth

ប្រជា​កសិករ​ចំនួន ២៥​គ្រួសារ​នៅ​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ដី​ស្រែ​ឡើង​ទឹក​​របស់​ពួក​គេ ចំនួន​ជាង ៤១​ហិកតារ ដែល​ស្ថិត​ក្នុង​ដែន​ការពារ​ព្រៃ​លិច​ទឹក ហើយ​ត្រូវ​សហគមន៍​នេសាទ និង​មន្ត្រី​ជលផល​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​ឆ្នាំ​នេះ នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ចេញ​បញ្ជា​ឲ្យ​ការពារ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទី​២ និង ៣ ជុំវិញ​បឹង​ទន្លេ​សាប​ឡើង​វិញ​កាល​ពី​ពេល​ថ្មី​ៗ។

ក្រុម​កសិករ​ខ្លះ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ភូមិ​របស់​គេ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែ​កក្កដា​​កន្លង​មក ដោយ​និយាយ​ថា គេ​មាន​ដី​ស្រែ​តែ​នៅ​តំបន់​នោះ​មួយ​គត់​សម្រាប់​ដាំ​ស្រូវ​ឡើង​ទឹក​ចិញ្ចឹម​ជីវិត​ជា​រៀងរាល់​ឆ្នាំ។ ពួក​គេ​និយាយ​ទៀត​ថា បើ​ពួក​គេ​មិន​បាន​ចូល​ធ្វើ​ស្រែ​ឆ្នាំ​នេះ​ទេ គេ​នឹង​ជួប​បញ្ហា​ខ្វះ​ជីវភាព​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ​ៗ ៖ «...ឆ្នាំ​នេះ​អត់​បាន​ធ្វើ​ទេ ព្រោះ​គេ​ហាម​ឃាត់​ដាច់​ប៉ិត មិន​ឲ្យ​ធ្វើ! ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដែល​អត់​ស្រែ​ធ្វើ​នេះ​ឯង។ ...ខ្ញុំ ២​ហិកតារ​គេ​ហាម​ឃាត់​អត់​ឲ្យ​ប្រជាជន​ធ្វើ​តែម្ដង។ ក្រុម​សហគមន៍​គេ រោង​មួយ​គេ​ដេក​យាម​ចាំ! បើ​ហ៊ាន​ធ្វើ គេ​ប្ដឹង​ឡើង​តុលាការ។ ...មិន​មាន​អី​ធ្វើ ក៏​ខ្ញុំ​មិន​មាន​អី​ចិញ្ចឹម​កូន កូន​ក៏​មិន​មាន​អី​ចិញ្ចឹម​ខ្ញុំ! ធ្វើ​អា​នោះ​ឯង ក៏​បាន​ហូប​ទៅ ធ្វើ​បុណ្យ​ផង​ទៅ!»

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ទទួល​ស្គាល់​ថា តំបន់​ដី​ស្រែ​របស់​ពួក​គេ​នោះ កាល​ពី​មុន​ពិត​ជា​តំបន់​ព្រៃ​លិច​ទឹក ហើយ​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​កាប់​រាន​ធ្វើ​ស្រែ​ឡើង​ទឹក កាល​ពី​អំឡុង​ឆ្នាំ​២០០២​ខ្លះ និង​ស្រែ​ធ្លាប់​មាន​ពី​មុន​មក​ខ្លះ ដោយ​គ្មាន​អាជ្ញាធរ​ណា​ហាម​ឃាត់​ទេ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា​កន្លង​មក ក្រុម​ប្រជា​កសិករ​ចំនួន ២៥​គ្រួសារ​បាន​នាំ​គ្នា​ផ្ដិត​មេ​ដៃ​លើ​លិខិត​មួយ ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី តាម​រយៈ​អាជ្ញាធរ​ឃុំ​សំបួរ អាជ្ញាធរ​ស្រុក​ក្រឡាញ់ និង​អ្នក​តំណាង​រាស្ត្រ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​ពួក​គេ​បាន​ចូល​ធ្វើ​ស្រែ​​របស់​ពួក​គេ​វិញ។

លោក អ៊ាន ឃុន អភិបាល​ស្រុក​ក្រឡាញ់ មិន​បាន​អធិប្បាយ​យ៉ាង​ណា​ជុំវិញ​បញ្ហា​នេះ​ទេ។ ក៏​ប៉ុន្តែ​ចំណារ​របស់​លោក ចុះ​ថ្ងៃ​ទី​២១ ខែ​មិថុនា ភ្ជាប់​នៅ​ខាង​ក្រោយ​ខ្នង​លិខិត​ស្នើសុំ​របស់​ក្រុម​កសិករ​ទាំង​នោះ បាន​បំភ្លឺ​ថា ដី​ស្រែ​ដែល​កសិករ​ស្នើសុំ​ទាំង​នោះ គឺ​ជា​ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​តំបន់​៣ ត្រូវ​ការពារ ដែល​កំណត់​ដោយ​អាជ្ញាធរ​បឹង​ទន្លេ​សាប។

លោក ទឹម សាវុធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប នៃ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាង​ជើង​បឹង​ទន្លេ​សាប បាន​មាន​ប្រសាសន៍​ថា តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​១៨ខែ​ឧសភា ឆ្នាំ​២០១០ ស្នើ​ឲ្យ​ទប់ស្កាត់​ការ​ធ្វើ​ស្រែ​ប្រាំង​នៅ​តំបន់​ទី​២ និង​ទី​៣ ជុំវិញ​បឹង​ទន្លេ​សាប សម្រាប់​ឆ្នាំ​២០១០ និង ២០១១ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អាជ្ញាធរ​បឹង​ទន្លេ​សាប កំពុង​រៀបចំ​គណៈកម្មការ​ចម្រុះ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​ចុះ​អង្កេត​ជាក់ស្ដែង​មុន​នឹង​ធ្វើ​ការ​កំណត់​តំបន់​ទី​៣ នៃ​បឹង​ទន្លេ​សាប និង​ការ​រំលាយ​ចោល​អាង​ទឹក​មួយ​ចំនួន។

លោក ទឹម សាវុធ បាន​បញ្ជាក់​ថា ៖ «ឥឡូវ​យើង​ធ្វើ​ការ​ទប់​ស្កាត់​បណ្ដើរ​ៗ​អ៊ីចឹង ដល់​ពេល​មាន​ប្រតិកម្ម​អី ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​លិខិត​មក​ស្រុក មក​ខេត្ត មក​ណា ប្រសិន​បើ​វា​ប៉ះ​ពាល់ ព្រោះ​នេះ​វា​ជា​បទបញ្ជា!»

ទោះ​ជា​យ៉ាង​ណា លោក សួស ណារិន អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​រដ្ឋាភិបាល​ដែល​ប្រឹងប្រែង​ការពារ​ព្រៃ​លិច​ទឹក ប៉ុន្តែ​គួរ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឲ្យ​ការពារ​បាន​ទាំង​ត្រី​ទន្លេ​សាប និង​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​បាយ​ហូប​ផង។

លោក សួស ណារិន បាន​បញ្ជាក់​ថា ៖ «រដ្ឋាភិបាល​គួរតែ​ថ្លឹងថ្លែង​ដែរ មិន​ត្រូវ​គិត​តែ​រឿង​ត្រី​ពេក ហើយ​ឲ្យ​ប្រជា​ពលរដ្ឋ​អត់​ស្រូវ​អង្ករ​ហូប ក៏​អត់​បាន​ដែរ! ព្រោះ​មនុស្ស​រស់​វា​ត្រូវការ​ពឹង​ទាំង​ស្រូវ ពឹង​ទាំង​ត្រី! អ៊ីចឹង​បើ​ទុក​ព្រៃ​លិច​ទឹក ហើយ​ឲ្យ​ប្រជា​ពលរដ្ឋ​អត់​បាយ​ហូប វា​ក៏​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ប្រជា​ពលរដ្ឋ​ដែរ»

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​សៀមរាប​មាន​ផ្ទៃ​ទឹក​បឹង​ទន្លេ​សាប​ទំហំ​ជាង ២.២១០​គីឡូ​ម៉ែត្រ​ការ៉េ ដែល​មាន​តំបន់​ត្រូវ​ការពារ​ជាប់​បឹង​ទន្លេ​សាប​ប្រវែង​ជាង ៨២​គីឡូ​ម៉ែ​ត្រ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល