អ្នក​ភូមិ​ជិត​៤០០​គ្រួសារ ​រក​អន្តរាគមន៍ ចំពោះ​ការ​ដក​ដី​គ្មាន​សំណង

អ្នក​ភូមិ​ជិត ៤០០ គ្រួសារ ស្វែង​រក​អន្តរាគមន៍ ចំពោះ​ចំណាត់​ការ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ក្នុង​ការ​ដក​ហូត​ពី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​សំណង ដើម្បី​ពង្រីក​ព្រះលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។
ដោយ វិជ័យ អានន្ទ
2012.07.29

អ្នក​ភូមិ​ទាំង​នោះ មក​ពី​ភូមិ​ចំនួន ៣ គឺ ភូមិ​ថ្មគោល ភូមិ​ចំបក់ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ដោយ​ប្រមូល​គ្នា​ផ្ដិត​មេដៃ ដាក់​ជូន​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ចំពោះ​ចំណាត់​ការ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​នេះ។

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ការ​ទិញ​ដូរ​ដី​របស់​គាត់ មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អាជ្ញាធរ។  ហេតុ​នេះ​ពួក​គាត់​គួរ​បាន​សំណង​ត្រឡប់​វិញ ជា​ថ្នូរ​ទៅ​នឹង​ការ​ដក​ហូត​ដី​របស់​ពួក​គាត់។

ក្រោយ​ពី​សាលា​រាជ​ធានី​ភ្នំពេញ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០០ គ្រួសារ រុះរើ​ផ្ទះ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ២ សីហា ដើម្បី​រដ្ឋ​យក​ដី​ពង្រីក​លាន​យន្តហោះ​មក ប្រជាពលរដ្ឋ​បាន​ប្រមូល​គ្នា​ផ្ដិត​មេ​ដៃ ដើម្បី​ធ្វើ​សំណើ ដាក់​ជូន​សាលា​រាជ​ធានី​ភ្នំពេញ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អង្គការ​សិទ្ធិមនុស្ស​នានា សុំ​ឲ្យ​ជួយ​ដោះស្រាយ និង​ផ្ដល់​ជា​សំណង​ឲ្យ​បាន​ត្រឹម​ត្រូវ ចំពោះ​ការ​ដក​ហូត​ដី​របស់​ពួក​គាត់។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ភួង សុភាព ជា​ពលរដ្ឋ​ទើប​ត្រូវ​គេ​បណ្ដេញ​ចេញ​មក​ពី​តំបន់​បុរី​កីឡា ដែល​បាន​ទៅ​ទិញ​ដី នៅ​ភូមិ​ថ្មគោល អះអាង​ថា អ្នកស្រី​ទើប​មក​ទិញ​ដី​នៅ​ទី​នេះ ជិត​បាន​មួយ​ឆ្នាំ និង​ទើប​ខ្ចី​លុយ​ធនាគារ​យក​មក​សាងសង់​ផ្ទះ។ អ្នកស្រី​នៅ​សង​ធនាគារ​មិន​ទាន់​រួច​ផង ឥឡូវ​អាជ្ញាធរ​បញ្ជា​ឲ្យ​រុះរើ ដោយ​ឥត​ផ្ដល់​សំណង។

អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា កាល​គាត់​មក​ទិញ​ដី​នេះ គឺ​ទិញ​ពី​ក្រុមហ៊ុន​ស្រប​ច្បាប់​មួយ ឈ្មោះ គឹម សុខ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​បោះ​ត្រា​ទទួល​ស្គាល់​ការ​ទិញដូរ​នោះ​ថែម​ទៀត​ផង។ អ្នកស្រី ភួង សុភាព ថ្លែង​បន្ត​ថា បើ​សិន​ជា​ដី​នេះ ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ ហេតុ​អ្វី​អាជ្ញាធរ​មិន​ហាម​ឃាត់​ពលរដ្ឋ​ពី​ដំបូង លុះ​ឥឡូវ ទើប​អាជ្ញាធរ​មក​ចោទ​ពលរដ្ឋ​ថា មក​រស់​នៅ​ដោយ​អនាធិបតេយ្យ​ទៅ​វិញ។

ពលរដ្ឋ​ម្នាក់​ទៀត ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ រិះគន់​ថា អាជ្ញាធរ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​របស់​ខ្លួន ដែល​បាន​អនុវត្ត​រួច​ហើយ។ បន្ថែម​លើ​នេះ​ទៀត នៅ​ពេល​ពលរដ្ឋ​ជួប​បញ្ហា គេច​វេះ​មិន​ហ៊ាន​ជួប​មុខ​ពលរដ្ឋ និង​ព្យាយាម​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ ចៅ​សង្កាត់​ចោម​ចៅ លោក សុទ្ធ សាធ មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​នេះ មិន​មែន​ជា​តួនាទី​របស់​លោក​ក្នុង​ការ​ចាត់ចែង​ឡើយ គឺ​ជា​សមត្ថកិច្ច​របស់​សាលា​ខណ្ឌ។

ប្រតិកម្ម​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ ពលរដ្ឋ​ទាំង​នោះ​ឲ្យ​ដឹង​បន្ថែម​ថា ពួក​គាត់​កំពុង​ប្រមូល​គ្នា​ផ្ដិត​មេ​ដៃ ដាក់​ទៅ​អង្គការ និង​ស្ថាប័ន​រដ្ឋាភិបាល​សុំ​ឲ្យ​ជួយ​ធ្វើ​យ៉ាង​ណា ដោះ​ស្រាយ និង​ផ្ដល់​សំណង​ឲ្យ​សមរម្យ។

ពលរដ្ឋ​ថ្លែង​បន្ត​ថា ពួក​គាត់​មិន​មាន​ចេតនា​ធ្វើ​កូដកម្ម​ណា​មួយ​ប្រឆាំង​ការ​អភិវឌ្ឍ​របស់​រដ្ឋ​នោះ​ឡើយ។ សកម្មភាព ដែល​ពួក​គាត់​កំពុង​ធ្វើ គឺ​ដើម្បី​សុំ​ឲ្យ​មាន​សំណង​សមរម្យ កុំ​ឲ្យ​ពួក​គាត់​ខាត​បង់​ច្រើន​ពេក។ ពលរដ្ឋ​បន្ថែម​ថា បើ​សិន​ជា​សកម្មភាព​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្វើ​ហើយ មិន​បាន​ទទួល​ជោគជ័យ គាត់​នឹង​ប្រមូល​គ្នា​ដង្ហែ​ជា​ក្បួន ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍។

ភ្ជាប់​ទៅ​នឹង​ករណី​នេះ​ដែរ អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​រក​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ ជា​ជាង​បញ្ជា​កង​កម្លាំង​សមត្ថកិច្ច ទៅ​បណ្ដេញ​ពលរដ្ឋ​ដោយ​បំពាន។

លោក​បន្ថែម​ថា ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល​នៅ​ពេល​កន្លង​មក ត្រូវ​ក្រុម​សង្គម​ស៊ីវិល​ជាតិ អង្គការ​អន្តរជាតិ និង​មជ្ឈដ្ឋាន​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង។ ដូច្នេះ​រដ្ឋាភិបាល គួរ​ដូរ​វិធីសាស្ត្រ​ដោះ​ស្រាយ​ជម្លោះ រវាង​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​នោះ​ចោល។

ម្យ៉ាង​ទៀត លោក​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​ទាំង​នោះ មុន​នឹង​ពួក​គាត់​ទិញ​ដី​តំបន់​នោះ ពួក​គាត់​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ទទួល​ស្គាល់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។ ហេតុនេះ​ការ​បណ្ដេញ​ពលរដ្ឋ ឬ​ដក​ហូត​កម្ម​សិទ្ធិ​ពលរដ្ឋ រដ្ឋាភិបាល​គួរ​ណាស់​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​សមរម្យ។

សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី ២៥ កក្កដា ឆ្នាំ ២០១២ ដែល​ចុះ​ហត្ថលេខា ដោយ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ទាំង ៣ ភូមិ គឺ​ភូមិ​ថ្ម​គោល ភូមិ​ចំបក់ និង​ភូមិ​ជី​សាក់ ដែល​នៅ​ជាប់​របង​ព្រះលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឲ្យ​រុះរើ​ផ្ទះ​ទាំង​អស់​នោះ​ចេញ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២ សីហា​ជា​កំហិត។

សេចក្ដី​ជូន​ដំណឹង​បន្ត​ថា ក្នុង​ករណី​ពលរដ្ឋ​រឹង​ទទឹង មិន​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ អាជ្ញាធរ​នឹង​ប្រើ​កម្លាំង​ចុះ​រុះរើ​ដោយ​ផ្ទាល់។ ចំណែក​ការ​បាត់បង់​ទ្រព្យ​របស់​ម្ចាស់​នីមួយៗ ដែល​រឹង​ទទឹង​មិន​ព្រម​រុះរើ​នោះ អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។