លោក​ហ៊ុន​សែន​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី​នៅ​អម​លាំង?

អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់ ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​នាំ​គ្នា​ទៅ​ជួប​ប្រជុំ​នៅ​ខាង​មុខ​ស្នាក់​ការ​ក្រុមហ៊ុន​ស្ករ​ស​ ភ្នំពេញ (Phnom Penh Sugar) របស់​លោក លី យ៉ុង​ផាត់ ក្នុង​បំណង​យក​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​អាន​ឲ្យ​តំណាង​ក្រុមហ៊ុន​ស្ដាប់។
ដោយ ខែ សុណង
2010-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន
នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន
AFP Photo

អ្នក​ភូមិ​ប្រមាណ​ជាង​៥០០​នាក់ ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ សីហា បាន​នាំ​គ្នា​យក​លិខិត​ឆ្លើយ​តប​ជា​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​អាន​ឲ្យ​តំណាង​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ​របស់​លោក លី យ៉ុង​ផាត់ ស្ដាប់​ដើម្បី​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ដីធ្លី​របស់​ពួក​គាត់ ដែល​ពុំ​ទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ​នោះ។

លោក រិត សុផាត ដែល​អះអាង​ថា​ជា​តំណាង​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​ពន្លៅ ឃុំ​អម​លាំង បាន​ថ្លែង​ថា ពួក​គាត់​នាំ​គ្នា​យក​លិខិត​ឆ្លើយ​តប​របស់​រាជ​រដ្ឋាភិបាល​ទៅ​នឹង​ការ​ជជែក​សួរ​ដេញ​ដោល​ពី​សមាជិក​ទាំង ៧​នាក់ នា​ពេល​កន្លង​មក ដែល​ពួក​គាត់​ទើប​ទទួល​បាន​នោះ ទៅ​អាន​នូវ​ចំណុច​ខ្លះ ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​ឡើង​ផ្ទុយ​ទៅ​នឹង​លិខិត​នេះ ដូច​ជា​ករណី​ក្រុមហ៊ុន​បន្ត​ការ​ឈូស​ឆាយ​លើ​ដី​ប្រជា​ពល​រដ្ឋ​ជា​ដើម ៖ «ចំណារ​ហ្នឹង​ថា​ហ៊ុន​សែន​គាត់​ប្រកាស​ថា​ឲ្យ​ដី​ប្រជា​ពល​រដ្ឋ​តាម​ផ្លូវ​៥២​ហ្នឹង​ចំនួន​២០០ សង​ខាង ហើយ​ហ្នឹង​ដី​ស្រែ​ដី​ចម្ការ​កុំ​ឲ្យ​ប៉ះ​ពាល់ ឥឡូវ​ហ្នឹង​ដល់​យក​ដី​ស្រែ​ដី​ចម្ការ​ហ្នឹង​អស់​ហើយ គាត់​យក​អា​ដី​តាម​ផ្ទះ ដី​តាម​ថ្នល់​ហ្នឹង​ទៀត ចង់​អាន​ពាក្យ​ហ្នឹង​ឲ្យ​ក្រុមហ៊ុន​ឮ​តែ​តំណាង​ក្រុមហ៊ុន​អត់​មាន​នៅ​អី​ម្នាក់​ផង»

លិខិត​ឆ្លើយ​តប​ជា​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋ​សភា បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​អ្នក​តំណាង​រាស្ត្រ​ទាំង​៧​នាក់​នោះ ក្នុង​ចំណុច​មួយ​បាន​សរសេរ​ថា ចំពោះ​ផ្ទៃ​ដី​ពាក់ព័ន្ធ​ជា​មួយ​ប្រជា​ពល​រដ្ឋ និង​តំបន់​ដែល​ត្រូវ​រក្សា​ទុក និង​តំបន់​ដែល​ត្រូវ​ការ​ពារ​ផ្សេងៗ ចំនួន​១.០៥០​ហិកតារ​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ផ្ទៃ​ដី​ក្រុមហ៊ុន​នៅ​សល់​សម្រាប់​ធ្វើ​អាជីវកម្ម​បាន​តែ​ចំនួន​៨.៣៤៣​ហិកតារ​ប៉ុណ្ណោះ និង​បាន​ធ្វើ​ការ​កាត់​ដី​ពាក់ព័ន្ធ​ចំនួន​២០០​ម៉ែត្រ​សង​ខាង ផ្លូវ​លេខ​៥២ ពី​ស្រុក​ឧត្តុង្គ ទៅ​ស្រុក​ឱរ៉ាល់​ជូន​ប្រជា​ពល​រដ្ឋ​បន្ថែម​ទៀត។

ទាក់​ទង​បញ្ហា​នេះ លោក​ស្រី ឈួន គឹម​ស៊ុន តំណាង​ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ​របស់​លោក លី យ៉ុង​ផាត់ បាន​ឆ្លើយ​តប​ថា ប្រជា​ពល​រដ្ឋ​ដែល​ចង់​ទៅ​អាន​ឲ្យ​តំណាង​ក្រុមហ៊ុន​បាន​ឮ​ពី​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នោះ គឺ​ជា​ក្រុម​ដែល​រំលោភ​ដី​គេ​ទាំង​អស់ ៖ «គឺ​គេ​ទុក​ពី​ចម្ងាយ​សង​ខាង​ផ្លូវ ២០០​ម៉ែត្រ ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ តែ​ទាល់​តែ​ម្ចាស់​កម្មសិទ្ធិ​ដែល​គេ​មាន​នៅ​លើ​ហ្នឹង​តែ​ម្ដង តែ​បើ​សិន​ណា​ប្រជា​ជន​មួយ​ចំនួន​ទៅ​នៅ​លើ​ដី​កម្មសិទ្ធិ​គេ ម្ចាស់​កម្មសិទ្ធិ​គេ​ត្រូវ​តែ​ប្ដឹង​ហើយ»

ក៏​ប៉ុន្តែ​មន្ត្រី​ស៊ើប​អង្កេត​ដីធ្លី​សមាគម​អាដ​ហុក លោក អ៊ូច ឡេង ដែល​បាន​ចូល​រួម​ឃ្លាំ​មើល​ករណី​ដីធ្លី មាន​មតិ​ថា លោក​សង្កេត​ឃើញ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ឯកភាព​ទៅ​នឹង​ចំណុច​ខ្លះ​ក្នុង​លិខិត​នេះ ក៏​ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​មាន​ភាព​លំអៀង​ខ្លាំង​ទៅ​ខាង​ក្រុមហ៊ុន​ទៅ​វិញ ៖ «នៅ​ក្នុង​លិខិត​ហ្នឹង គឺ​មាន​ហត្ថលេខា​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ហ្នឹង​គឺ​អ្នក​ដែល​សរសេរ​ហាក់​ដូច​ជា​លំអៀង​ខ្លាំង​ទៅ​លើ​ខាង​ក្រុមហ៊ុន កន្លង​មក​ដោយ​គាត់​មិន​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​ផល​ប៉ះ​ពាល់​ទៅ​លើ​ជីវភាព​ទៅ​លើ​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​វាយ​ប្រហារ​ប្រជា​ជន​ថា មិន​យល់​ពី​នីតិ​វិធី​នៃ​ការ​ផ្ដល់​ដី​សម្បទាន ធ្វើ​បាតុកម្ម​ដោយ​អនាធិបតេយ្យ​កន្លង​មក​ពី​ម្ង៉ៃ​ទៅ​ម្ង៉ៃ ព្រម​ទាំង​វាយ​ប្រហារ​ទៅ​លើ​ខាង​សង្គម​ស៊ីវិល​ទៀត​ផង ដែល​គាត់​បាន​គាំទ្រ​ទៅ​លើ​សង្គម​ស៊ីវិល​កន្លង​មក»

ប្រភព​ពី​មន្ត្រី​សង្គម​ស៊ីវិល​បាន​អះ​អាង​ថា ក្រុមហ៊ុន​ភ្នំពេញ Sugar របស់​លោក លី យ៉ុង​ផាត់ នេះ នៅ​មិន​ទាន់​មាន​សិទ្ធិ​សម្បទាន​ពេញ​លេញ​នៅ​ឡើយ​ទេ ដោយ​សារ​ពុំ​មាន​លិខិត​ជា​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល ហើយ​ក្រុមហ៊ុន​នេះ​គ្រាន់​តែ​បាន​ទទួល ស. ជ. ណ. ឬ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩ ដែល​ពួក​គេ​បាន​ហៅ​ថា ផ្ទុយ​ពី​នីតិ​វិធី​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។ ហើយ​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ចំនួន​១០​ភូមិ មាន​ចំនួន​១០៩៩​គ្រួសារ ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កំពុង​ជួប​ការ​លំបាក​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ ពុំ​ទាន់​មាន​ការ​ដោះ​ស្រាយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល