លាវ​បញ្ជូន​ពលករ​ខ្មែរ​១៩​នាក់​មក​កម្ពុជា​វិញ

អាជ្ញាធរ​ប្រទេស​លាវ បាន​ចាប់​ពលករ​ខ្មែរ ១៩​នាក់ បញ្ជូន​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​១៤ កក្កដា ខណៈ​ដែល​ពលករ​ទាំង​នោះ​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ក្នុង​ប្រទេស​លាវ ក្នុង​បំណង​ទៅ​ស្វែង​រក​ការងារ​ស៊ី​ឈ្នួល​គេ​នៅ​ក្នុង​ប្រទេស​ថៃ។
ដោយ គង់ យុទ្ធនា
2010-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ព្រំដែន​កម្ពុជា​-​លាវ ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១០
ទិដ្ឋភាព​ព្រំដែន​កម្ពុជា​-​លាវ ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១០
RFA/Sek Bandith

នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នគរបាល​ខេត្ត​ស្ទឹងត្រែង លោក ភៀន ភើយ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ថា ប្រទេស​លាវ​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ១៩​នាក់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា កន្លង​មក ក្នុង​ពេល​ដែល​ពួក​គេ​ព្យាយាម​ឆ្លង​កាត់​ទឹក​ដី​លាវ ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

លោក​ឲ្យ​ដឹង​បន្ត​ថា ក្នុង​ចំណោម​ពលករ​ទាំង​នោះ មាន​មួយ​ចំនួន​រស់​នៅ​ឃុំ​ព្រះរំកិល និង​ខ្លះ​ទៀត​រស់​នៅ​ឃុំ​អូរស្វាយ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ជាមួយ​គ្នា។ រី​ឯ​បុរស​ម្នាក់​ដែល​សង្ស័យ​ថា ជា​មេ​ខ្យល់​នោះ មាន​ឈ្មោះ វ៉ាន់ តៀក ក៏​រស់​នៅ​ភូមិ​ឈើ​ទាល​តូច ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់​ដែរ។

លោក ភៀន ភើយ ឲ្យ​ដឹង​ដូច្នេះ ៖ «អា​ប៊ុន វា​ទៅ​មុន​ហ្នឹង វា​ទៅ​ចាំ​នៅ​ស្រែ​ក្រសាំង ឲ្យ​អា​តៀក​ហ្នឹង​ដឹក​ទៅ​តាម​ក្រោយ​ទៅ​ជួប​ជុំ​គ្នា​ឯ​ណោះ សមត្ថកិច្ច​លាវ គេ​ឃើញ​ទៅ​គេ​ឃាត់​ទាន់​បញ្ជូន​មក​ឲ្យ​កម្ពុជា យើង​វិញ។ សួរ​ទៅ​បាន​ដឹង​ថា ពួក​នេះ​គេ​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​បណ្ដោយ»

លោក ភៀន ភើយ បាន​រៀប​រាប់​ទៀត​ថា វ៉ាន់ តៀក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់ និង​ជួញ​ដូរ។ វ៉ាន់ តៀក បាន​យក​ប្រាក់​ពី​ពលករ​ទាំង​នោះ​ម្នាក់ ៥​ម៉ឺន​រៀល សម្រាប់​សេវា​ជូន​ឆ្លង​ទៅ​ប្រទេស​ថៃ។

លោក ភៀន ភើយ ឲ្យ​ដឹង​ដូច្នេះ​ទៀត​ថា ៖ «តាម​ច្បាប់​ជួញ​ដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ មាត្រា​ទី​១៨ អំពើ​នាំ​មនុស្ស​ដោយ​ខុស​ច្បាប់ ជាប់​ទោស​ពី ៧​ឆ្នាំ ទៅ ១៥​ឆ្នាំ»

លោក​បាន​បញ្ជាក់​បន្ថែម​ថា ពលករ ១៩​នាក់​នេះ គឺ​ជា​ក្រុម​ទី​២ ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ដោយ​ឡែក​ក្រុម​ទី​១ មាន​គ្នា ៧​នាក់ ដឹក​នាំ​ដោយ​មេ​ខ្យល់​ឈ្មោះ សៀន ប៊ុន បាន​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​លាវ រួច​ហើយ ហើយ​កំពុង​រង់ចាំ​ក្រុម​របស់ វ៉ាន់ តៀក នេះ ដើម្បី​បន្ត​ដំណើរ​ចូល​ទៅ​ប្រទេស​ថៃ ទាំង​អស់​គ្នា ហើយ​ក្រុម​របស់ សៀន ប៊ុន មិន​ទាន់​ត្រូវ​អាជ្ញាធរ​លាវ ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។

មេ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ លោក ម៉ាន់ លីហ៊ បាន​ថ្លែង​ថា ក្នុង​ចំណោម​ពលករ ១៩​នាក់ មាន ៦​នាក់​រស់​នៅ​ឃុំ​អូរស្វាយ។ ពួកគេ​មាន​ជីវភាព​ក្រីក្រ​តោក​យ៉ាក អាស្រ័យ​ដោយ​ដំណាំ​ផ្សេងៗ​ត្រូវ​បាន​បំផ្លាញ​អស់​ដោយ​ភាព​រាំង​ស្ងួត​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ។

លោក ម៉ាន់ លីហ៊ ឲ្យ​ដឹង​ថា ៖ «មូលហេតុ​រាំង​ឫស​អ៊ីចឹង​គ្នា​អត់​ដឹង​រក​អី​ធ្វើ​អី ដល់​អ៊ីចឹង​ទៅ​ក៏​មាន​អ្នក​មក​បបួល​ថា ទៅ​ថៃ ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ ក៏​គ្នា​ទៅ​តាម​គេ ហើយ​បង់​ម្នាក់ ៥​ម៉ឺន​(រៀល)»

អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូរ សំអុល បាន​បញ្ជាក់​ថា ភាព​ក្រីក្រ ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក និង​ខ្វះ​ការ​យល់​ដឹង ជា​កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​ពួកគាត់​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់។

លោក ហូរ សំអុល មាន​ប្រសាសន៍​ថា ៖ «ខ្មែរ​យើង​ស្លាប់​នៅ​ថៃ​ច្រើន​ណាស់។ គាត់​គេ​បោក​បញ្ឆោត​បន្ត​ទៅ​មួយ​កន្លែង​ទៅ​មួយ​កន្លែង។ ឧទាហរណ៍​គាត់​ទៅ​ដាំ​អំពៅ​ឲ្យ​គេ​អ៊ីចឹង គេ​មិន​បើក​ប្រាក់​ខែ​ឲ្យ គាត់​ត្រូវ​តែ​ទៅ​មួយ​កន្លែង​ទៀត។ មួយ​ទៀត​បើ​សិន​ជា​កម្មករ​ខាង​នេសាទ​វិញ ប្រធាន​ទូក​វា​ហ្នឹង​ត្រូវ​តែ​ចាត់​ការ​ហើយ គេ​ឲ្យ​ធាក់​ទម្លាក់​សមុទ្រ​ហ្នឹង ស្លាប់​ច្រើន​ណាស់»

ប្រជាពលរដ្ឋ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា បាន​ឆ្លង​ដែន​ខុស​ច្បាប់​រក​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ច្រើន​ជាង​ប្រជាពលរដ្ឋ​នៅ​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​ស្ទឹងត្រែង។ ពួកគេ​ប្រឈម​មុខ​ទៅ​នឹង​គ្រោះថ្នាក់​ជា​ច្រើន ដោយសារ​តែ​ការ​ចាញ់​ការ​ឃោសនា​របស់​មេ​ខ្យល់។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​បញ្ជូន​ពលករ​ទាំង​នោះ​ទៅ​កាន់​ទី​លំនៅ​វិញ​អស់​ហើយ លើក​លែង​តែ​បុរស​ម្នាក់​ជា​មេ​ខ្យល់​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ពី​បទ​ចោទ​ប្រកាន់​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់ និង​ជួញ​ដូរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល