រដ្ឋសភា​អនុម័ត​ច្បាប់​ការពារ​អ្នក​វិនិយោគ​ទុន​គូវ៉េត

រដ្ឋ​សភា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​អនុម័ត​ច្បាប់​ដើម្បី​ការពារ​អ្នក​វិនិយោគ​ទុន​គូវ៉េត​ដោយ​មាន​កូរ៉ុម​ចំនួន​១០៥​នាក់​ដើម្បី​ស្វែងរក​ការបណ្តាក់​ទុន​ពី​ប្រទេស​នេះ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ដឹកនាំ​គូវ៉េត​ជា​ច្រើន​លើក​ច្រើន​សា​កន្លង​មក​នៅ​កម្ពុជា។

0:00 / 0:00

ច្បាប់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​រវាង​ខ្មែរ​និង​គូវ៉េត​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការរកស៊ី​ផ្នែក​ប្រេង​និង​ការងារ​កសិកម្ម​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ។

អ្នក​តំណាង​រាស្រ្ត ជាម យៀប នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា ការតែង​ច្បាប់​នេះ​ឡើង​ដើម្បី​ធានា​ឲ្យ​មាន​ការកក់ក្តៅ​ដល់​អ្នក​វិនិយោគ​ទុន​គូវ៉េត ហើយ​លោក​គាំទ្រ​ចំពោះ​ច្បាប់​នោះ​ដោយ​សង្ឃឹម​ថា​នឹង​នាំ​ការរីក​ចម្រើន​ដល់​កម្ពុជា​លើ​ផ្នែក​បច្ចេកទេស​ប្រេង​និង​បង្កើន​ការងារ​ជា​ច្រើន​មក​ដល់​ពលរដ្ឋ​កម្ពុជា​ផ្នែក​កសិកម្ម។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «នេះ​គ្រាន់តែ​ជា​ការធានា​ដើម្បី​ពង្រឹង​និង​រក​ការងារ​លើក​ទឹក​ចិត្ត គឺ​ថា​ច្បាប់​វិនិយោគ​របស់​យើង គេ​ជឿ​ទុក​ចិត្ត​ឡើង»

ច្បាប់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​ជាមួយ​នឹង​គូវ៉េត​មាន​ចំនួន​៩​មាត្រា​រួម​ទាំង​ការនាំ​ចូល​ទំនិញ​គូវ៉េត និង​ការបង្កើត​ការការពារ​ពិសេស​ទៅ​ដល់​អ្នក​រកស៊ី​គូវ៉េត។

អ្នក​តំណាង​រាស្រ្ត សុន ឆ័យ នៃ​បក្ស​ប្រឆាំង​សមរង្ស៊ី​ដែល​មាន​វត្តមាន​នៅ​ក្នុង​ការជជែក​រឿង​ច្បាប់​នោះ​បាន​រិះគន់​ថា គូវ៉េត​បាន​ទាមទារ​ឲ្យ​មាន​ការការពារ​ពិសេស​ដល់​ពួក​គេ។

លោក​បន្ត​ទៀត​ថា ការវិនិយោគ​ផ្នែក​កសិកម្ម​ទៅ​លើ​ដី​ជា​ច្រើន​ម៉ឺន​ហិកតារ​ឲ្យ​ជនជាតិ​គូវ៉េត​រយៈពេល​៩៩​ឆ្នាំ​និង​ការរកស៊ី​ប្រេង​ដោយ​មាន​ការការពារ​ដល់​ថ្នាក់​ចែង​ជា​ច្បាប់​និង​នាំ​ឲ្យ​កម្ពុជា​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ​មិន​ខាន បើសិន​ជា​ការវិនិយោគ​នោះ​បែរ​ជា​បំផ្លាញ​ទៅ​ដល់​កម្ពុជា​ទៅ​វិញ។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «យើង​មើល​ទៅ​គ្មាន​រឿង​អី​ក្រៅពី​គេ​មក​រកស៊ី​ផ្នែក​ណា​មួយ​ដែល​មាន​ផល​ដល់​គេ​ឆាប់​ទេ ព្រោះ​យើង​អត់​មាន​ទៅ​រកស៊ី​ស្រុក​គេ​ផង​ហ្នឹង មាន​តែ​គេ​មក ហើយ​គេ​មក​ដូច​គូវ៉េត​អ៊ីចឹង រឿង​ប្រេង រឿង​ចង់​បាន​ដី​យើង​អ៊ីចឹង អត់​មាន​រឿង​គេ​មក​បង្កើត​ឧស្សាហកម្ម រោងចក្រ​អី ដើម្បី​ឲ្យ​កសិករ​យើង​មាន​ការងារ​ធ្វើ​អី អត់​ទេ។ ភាគ​ច្រើន​យើង​មើល​ទៅ​កម្មវិធី​ហ្នឹង​គឺ​មាន​តែ​មុខរបរ​ណា​ដែល​គេ​ចង់​បាន​ចំណេញ​ឆាប់​ហើយ​កេង​ប្រវ័ញ្ច​ពី​យើង​បាន​ផល​ទៅ​គេ​ច្រើន​ទេ។ អា​ហ្នឹង​ដែល​ជា​ការ​មួយ​ដែល​យើង​ពិបាក​ណាស់​ក្នុង​កាលៈទេសៈ​នេះ»

លោក សុន ឆ័យ បន្ថែម​ថា គេ​មិន​ដែល​ឃើញ​មាន​ច្បាប់​ការពារ​អ្នក​វិនិយោគ​ខ្មែរ​ទេ ហើយ​ក៏​មិន​ដែល​ឃើញ​ប្រទេស​ណា​មួយ​នៅ​ក្នុង​ពិភពលោក​បាន​ចែង​ជា​ច្បាប់​អនុម័ត​ដោយ​រដ្ឋសភា​ដោយ​គ្រាន់តែ​ចង់​បាន​អ្នក​វិនិយោគ​ទុន​ប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា បញ្ហា​នៅ​ត្រង់​អ្នក​វិនិយោគ​ទុន​បរទេស​មិន​ជឿ​ទុក​ចិត្ត​ដោយសារ​ការគោរព​ច្បាប់​និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។

គួរ​ជម្រាប​ជូន​ថា ប្រទេស​ចំនួន​ជាង​១០​ហើយ​ដែល​ចង់​មក​រកស៊ី​នៅ​កម្ពុជា​សុទ្ធតែ​ទទួល​បាន​នូវ​ច្បាប់​សម្រាប់​ការពារ​ដោយ​ពិសេស​សម្រាប់​អ្នក​វិនិយោគ​របស់​គេ។ បើ​ទោះ​បី​ជា​មាន​ការរិះគន់​របស់​មន្ត្រី​បក្ស​ប្រឆាំង​ក៏​ដោយ​រដ្ឋាភិបាល​នៅតែ​បន្ត​ការងារ​នេះ៕