រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​អនុក្រឹត្យ​ផ្ដល់​សិទ្ធិ​ឲ្យ​ជន​បរទេស​កាន់កាប់​អគារ

រដ្ឋាភិបាល​បាន​អនុម័ត​សេចក្ដី​ព្រាង​អនុក្រឹត្យ​ផ្ដល់​សិទ្ធិ​ឲ្យ​ជន​បរទេស​ទិញ និង​កាន់កាប់​អគារ​សហ​កម្មសិទ្ធិ​ចំនួន ៧០% ប៉ុន្តែ​អ្នក​វិភាគ និង​គណបក្ស​ប្រឆាំង មិន​ទាន់​មាន​ជំនឿ​នៅ​ឡើយ​ទេ​ថា វិស័យ​អចលនវត្ថុ និង​សេដ្ឋកិច្ច អាច​នឹង​រីក​ចម្រើន​ដោយសារ​អនុក្រឹត្យ​នេះ។
ដោយ យន់ សាមៀន
2010-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ដើរ​នៅ​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៨។
កម្មករ​ដើរ​នៅ​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៨។
AFP File

គណៈ​រដ្ឋមន្ត្រី​របស់​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ ទី​១៦ កក្កដា បាន​អនុម័ត​សេចក្ដី​ព្រាង​អនុក្រឹត្យ​របស់​ក្រសួង​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ អនុញ្ញាត​ឲ្យ​ជន​បរទេស​អាច​មាន​សិទ្ធិ​លើ​កម្មសិទ្ធិ​នៃ​ចំណែក​ឯកជន​របស់​អគារ​សហ​កម្មសិទ្ធិ​ចំនួន ៧០%។

រដ្ឋាភិបាល​សង្ឃឹម​ថា អនុក្រឹត្យ​នេះ​នឹង​អាច​ជំរុញ​ឲ្យ​មាន​អ្នក​វិនិយោគ​ទុន​បរទេស​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ជាង​មុន។

អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោកស្រី នន់ ធានី មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១៧ កក្កដា ថា អនុ​ក្រឹត្យ​របស់​ក្រសួង​នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​លូត​លាស់ ហើយ​និង​ធានា​ការ​ងើប​ឡើង​វិញ​នូវ​វិស័យ​អចលវត្ថុ ដូច​ជា​ដី​ធ្លី ផ្ទះ និង​អគារ ឲ្យ​មាន​តម្លៃ​ឡើង​វិញ។ វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៩ បាន​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​វិស័យ​ដី​ធ្លី ផ្ទះ និង​អគារ​នៅ​កម្ពុជា​ធ្លាក់​ថ្លៃ។

លោកស្រី​បន្ថែម​ថា បើ​ទោះ​បី​ជន​បរទេស​មាន​សិទ្ធិ​កាន់កាប់​អគារ​សហ​កម្មសិទ្ធិ​ចំនួន ៧០%​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​នឹង​មិន​បាត់​បង់​ដី​ទេ ពីព្រោះ​ជន​បរទេស​មាន​សិទ្ធិ​កាន់កាប់​ផ្ទះ​ចាប់​ពី​ជាន់​ទី​១​ទៅ។ ជន​បរទេស​មិន​មាន​សិទ្ធិ​ទិញ​អគារ​នៅ​ជាប់​ដី​ទេ។

អគ្គ​នាយក ប៊ុណ្ណា រៀលធីគ្រុប (Bunna Realty Group) លោក ស៊ឹង ប៊ុណ្ណា នៅ​ថ្ងៃ​សៅរ៍ សម្ដែង​សេចក្ដី​សង្ឃឹម​តិចតួច​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​រីក​ចម្រើន​ដោយសារ​កម្ពុជា​នៅ​កំពុង​ទទួល​រង​វិបត្តិ​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ឡើយ។ លោក​ថា វិស័យ​អចលវត្ថុ​នៅ​កម្ពុជា​ឥឡូវ​នេះ​កំពុង​ធ្លាក់​ដល់​បាត​ទៅ​ហើយ។ ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​នេះ​នឹង​ទាមទារ​រយៈពេល​យូរ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ថា ទោះ​បី​ជា​រដ្ឋាភិបាល​បាន​អនុម័ត​អនុក្រឹត្យ​នេះ​ក៏​ដោយ វា​នៅ​មិន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​ការ​ទាក់ទាញ​វិនិយោគ​ទុន​មក​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា​ត្រឹម​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទុន​មាន​ការ​ជឿ​ទុក​ចិត្ត ដោយ​លុប​បំបាត់​អំពើ​ពុក​រលួយ​ជា​មុន​សិន។

ច្បាប់​ស្ដីពី​ការ​ផ្ដល់​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហ​កម្មសិទ្ធិ​ដល់​ជន​បរទេស អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ មាន​កម្មសិទ្ធិ​លើ​អគារ​ចាប់​ពី​ជាន់​ទី​១​ឡើង​ទៅ។ ប៉ុន្តែ​អគារ​ទាំង​ឡាយ​នោះ​ត្រូវ​សង់​ឲ្យ​ឆ្ងាយ​ពី​ព្រំដែន​គោក​ចម្ងាយ ៣០​គីឡូ​ម៉ែត្រ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ជន​បរទេស​អាច​នៅតែ​មាន​សិទ្ធិ​ទិញ​អគារ​សហ​កម្មសិទ្ធិ​នៅ​តាម​ព្រំដែន ប្រសិន​បើ​អគារ​ទាំង​នោះ​ឋិត​ក្នុង​តំបន់​ឧស្សាហកម្ម​សេដ្ឋកិច្ច​ពិសេស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល