ខិត្តប័ណ្ណចោទលោក ហ៊ុន សែន ថារៀបចំផែនការសម្លាប់រាស្ត្រ
2010.11.27
RFA/Sek Bandith |
ពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅស្ពានកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១០ |
អាជ្ញាធរខ្មែរកំពុងស្រាវជ្រាវរកមុខសញ្ញាក្រុមជនមិនស្គាល់មុខ ដែលបានលួចធ្វើសកម្មភាពបាចខិត្តប័ណ្ណជាច្រើនសន្លឹក នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានខ្លឹមសារចោទប្រកាន់រដ្ឋាភិបាលខ្មែរ ជាអ្នករៀបចំផែនការសម្លាប់ប្រជាពលរដ្ឋខ្មែរ នៅលើស្ពានកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឱ បូរិន បានមានប្រសាសន៍នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកាថា ខិត្តប័ណ្ណដែលមានខ្លឹមសារចោទប្រកាន់ និងប្រឆាំងនឹងរដ្ឋាភិបាលខ្មែរនោះ ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពលួចយកទៅបាចក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាទាបភ្លឺ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១០ ៖ «ក្រោមបញ្ជាលោកមេបញ្ជាការ ឧត្ដមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង គាត់ដាក់ឲ្យស្រាវជ្រាវឲ្យបានអ្នកដែលចែកខិត្តប័ណ្ណ ហើយមុខសញ្ញាមកពីភ្នំពេញយើងកំពុងធ្វើការតាមដាន»។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍ថា ខិត្តប័ណ្ណនោះត្រូវបានគេនាំយកមកពីទីក្រុងភ្នំពេញ ៖ «តាមរយៈអ្នកម៉ូតូឌុបមួយដែលឲ្យព័ត៌មាន ស្លៀកជាសង្ឃ យើងមិនដឹងថាជាសង្ឈពិតប្រាកដ ឬមិនពិតប្រាកដទេ មកដល់គាត់ចុះ ហើយបន្តដំណើរទៅស្វាយចេកទៀត តែឥឡូវអ្នកម៉ូតូឌុបគាត់បានមករាយការណ៍ប្រាប់ហើយ ប្រាប់ថាលោកសង្ឃឥឡូវយើងកំពុងតាមរក ឥឡូវសមត្ថកិច្ចកំពុងរាយកម្លាំងតាមរក លោកហ្នឹងហើយជាលោកពិត ឬក៏លោកក្លែងក្លាយ»។
នៅក្នុងខិត្តប័ណ្ណនោះ នៅដើមទំព័រខាងលើ មានដាក់រូបសញ្ញាប្រាសាទកំពូលបី ហើយសរសេរដាក់ចំណងជើងធំៗ នៅផ្នែកខាងក្រោមថា «យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះខ្មែរ ក្នុងសោកនាដកម្មគួរឲ្យរន្ធត់ ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរ នាថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ប្រមាណជិត៥០០នាក់ និងរបួសជាច្រើនរយនាក់ ក្នុងពិធីបុណ្យអុំទូកនោះ យើងខ្ញុំទាំងអស់គ្នា ជាអ្នកស្នេហាជាតិ ជាអ្នកប្រជាធិបតេយ្យ មានការសោកសង្រេង និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតខ្មែរដ៏ច្រើននេះ»។
ខិត្តប័ណ្ណនោះបានបន្តថា «យើងខ្ញុំសូមថ្កោលទោសចំពោះរបបឃាតកអាយ៉ងយួន ហ៊ុន សែន និងពួកតិរច្ឆានយួនកុម្មុយនិស្ត ដែលបានរៀបចំផែនការសម្លាប់ប្រជាពលរដ្ឋខ្មែរ។ នេះមិនមែនជាឧបទ្ទវហេតុទេ តែជាគម្រោងផែនការសម្លាប់ខ្មែររបស់ពួកយួនកុម្មុយនិស្ត»។
ខ្លឹមសារក្នុងខិត្តប័ណ្ណបានចោទប្រកាន់ថា «បើសិនជាគ្មានការបាញ់ថ្នាំពុល និងបង្កប់ខ្សែភ្លើងដែលធ្វើឡើងដោយពួកប៉ូលិស និងប៉េអិមទេ (ពួកបម្រើយួន នឹងយួនក្លែងភេទជាខ្មែរ) វាក៏មិនអាចបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារខ្សែភ្លើងឆក់ស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះដែរ»។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានចាត់ទុកខិត្តប័ណ្ណនោះថាបង្កឡើងដោយក្រុមសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ៖ «ពួកឆ្លៀតឱកាសនិយម យើងដឹងហើយ ក្នុងរដ្ឋាភិបាលក៏ធ្លាប់និយាយករណីហ្នឹង ពួកសកម្មជនដែលទាក់ទិនប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែប្រជាពលរដ្ឋគេអត់ពេញចិត្តទេ ទាំងមន្ត្រីរាជការគេក្ដៅក្រហាយណាស់ ពេលគេឃើញត្រាក់ហ្នឹងឡើង ព្រោះឥឡូវគេកំពុងគគ្រឹកគគ្រេងដើម្បីចូលរួមជាថវិកា ជាអំណោយ ជាមូលនិធិបាយ័ន មូលនិធិស៊ីធីអ៊ិន គេទៅព្រោងព្រាតគ្មានសល់ចន្លោះ ចូលរួមកាន់មរណទុក្ខ មកប្រើភាសាហ្នឹងគេអត់សប្បាយចិត្ត»។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រមូលខិត្តប័ណ្ណអាណាមឹកប្រឆាំងនឹងរដ្ឋាភិបាលនេះបានចំនួន ២៤សន្លឹក ហើយបានរាយការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋាភិបាល ដើម្បីចាត់វិធានការស្រាវជ្រាវរកមុខសញ្ញាក្រុមជនមិនស្គាល់អត្តសញ្ញាណ៕