អង្គការ​លីកាដូ​ចោទ​អាជ្ញាធរ​ថា​ឃុំ​ខ្លួន​បុគ្គលិក​របស់​ខ្លួន​ខុស​នីតិ​វិធី

អង្គការ​លីកាដូ (LICADHO) ថ្កោល​ទោស​អាជ្ញាធរ​កម្ពុជា ដែល​បាន​ចាប់​ខ្លួន​បុគ្គលិក​របស់​ខ្លួន​ម្នាក់ ដាក់​គុក​អស់​រយៈ​ពេល ៣​ខែ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។
ដោយ ឡេង ម៉ាលី
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកដូ (LICADHO)។
គេហទំព័រ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកដូ (LICADHO)។
Photo: RFA

ការ​ថ្កោល​ទោស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​ព័ត៌មាន​មួយ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ សីហា ឆ្នាំ​២០១០ ទាក់​ទង​ទៅ​នឹង​បុគ្គលិក​របស់​ខ្លួន​ម្នាក់ ឈ្មោះ លាង សុខ​ជឿន ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ទាក់​ទង​នឹង​ហេតុ​ការណ៍​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល នៅ​ខែត្រ​តាកែវ កាល​ពី​ខែ​មករា ឆ្នាំ​២០១០​កន្លង​ទៅ។

ប្រធាន​បច្ចេកទេស​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​លើ​សេចក្ដី​ថ្លែង​ការណ៍​ថា របាយ​ការណ៍​ស៊ើប​អង្កេត​មិន​បាន​បញ្ជាក់​ច្បាស់​ថា លោក លាង សុខ​ជឿន ពាក់ព័ន្ធ​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ទេ ហើយ​ការ​ចាប់​ឃុំ​ខ្លួន​នោះ​ខុស​នីតិ​វិធី ៖ «ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន គឺ​ឈ្មោះ លាង សុខ​លី ហៅ ជឿន ជន​ជាតិ​វៀតណាម រស់​នៅ​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​នៅ​ពេល​ដែល​ទៅ​ចាប់ គឺ​ចាប់​លោក លាង សុខ​ជឿន នៅ​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ។ អ៊ីចឹង​ឃើញ​តែ​ប៉ុណ្ណឹង បើ​និយាយ​ពី​នីតិ​វិធី​គឺ​ផ្ទុយ។ អ៊ីចឹង​បាន​ន័យ​ថា​ការ​នាំ​មនុស្ស​នេះ​ខុស​ដីកា»

លោក លាង សុខ​ជឿន ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា។

សេចក្ដី​ថ្លែង​ការណ៍​អង្គការ​លីកាដូ ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ ដែល​តុលាការ​គ្រោង​នាំ​លោក លាង សុខ​ជឿន ទៅ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១០ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ សេចក្ដី​ថ្លែង​ការណ៍​អង្គការ​លីកាដូ បាន​សរសេរ​ថា ខ្លួន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ខែត្រ​តាកែវ ក្នុង​ការ​នាំ​ខ្លួន​លោក លាង សុខ​ជឿន ទៅ​កាត់​ទោស ទោះ​បី​ជា​ពុំ​មាន​ភស្តុតាង​គ្រប់​គ្រាន់ នៅ​ក្នុង​របាយ​ការណ៍​ស៊ើប​អង្កេត និង​ខុស​ការ​ពិត​ក៏​ដោយ។

លោក អំ សំអាត ប្រធាន​បច្ចេកទេស​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា មូល​ហេតុ​ពុំ​មាន​ភស្តុតាង​គ្រប់​គ្រាន់ និង​មាន​កំហុស​នីតិ​វិធី​នេះ លោក​សុំ​ឱ្យ​តុលាការ​ដោះ​លែង​លោក លាង សុខ​ជឿន ៖ «តាម​ផ្លូវ​ច្បាប់ ហើយ​តាម​ភស្តុតាង​ដែល​មាន គ្មាន​អ្វី​ដែល​ជា​ការ​ដាក់​បន្ទុក​ទៅ​លើ​លោក លាង សុខ​ជឿន ថា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ថា​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ទេ។ ដូច្នេះ តុលាការ​ដោះ​លែង​លោក លាង សុខ​ជឿន ឱ្យ​រួច​ផុត​ពី​បទ​ចោទ និង​ដោះ​លែង​ជា​បន្ទាន់»

ព្រះ​រាជ​អាជ្ញា​អម​តុលាការ​ខែត្រ​តាកែវ លោក មាស សុភ័ក្ត មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​អំពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​សីហា ឆ្នាំ​២០១០៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ភាពគ្មានការទទួលខុសត្រូវរបស់អញ្ញាធរមានសមត្ថកិច្ច​និងមន្រីតុលាការ។​ អ្នកទាំងនោះគួរទទួលខុសត្រូវ​

Aug 29, 2010 10:43 AM

គេហទំព័រ​ទាំងមូល