អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​បុគ្គលិក​ខ្លួន

អស់​រយៈ​ពេល ១​ខែ​មក​ហើយ​ដែល​បុគ្គលិក​ម្នាក់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក ក្រោម​បទ​ចោទ​ថា បាន​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។
ដោយ សុខ សេរី
2010-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ
គេហទំព័រ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ
http://www.licadho-cambodia.org

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា បាន​ទទូច​សុំ​ឲ្យ​តុលាការ​សាលាឧទ្ធរណ៍ ធ្វើ​យ៉ាង​ណា​បើក​សវនាការ​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​បុគ្គលិក​របស់​ខ្លួន​ម្នាក់​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​តុលាការ​ខេត្ត​តាកែវ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ដោយ​អយុត្តិធម៌ ក្រោម​បទ​ចោទ​ថា បាន​បាច​ត្រាក់​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

បុគ្គលិក​របស់​អង្គការ​លីកាដូ ឈ្មោះ លាង សុខជឿន កំពុង​តែ​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ ខេត្ត​តាកែវ មក​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​វិញ កាល​ពី​សប្ដាហ៍​ថ្មីៗ​នេះ។

លោក​មាន​សុខភាព​ធម្មតា​នៅ​ក្នុង​គុក​ខេត្ត​កណ្ដាល ក្រោយ​ពី​បាន​ដួល​សន្លប់​បាត់​ស្មារតី​នៅ​ក្នុង​ការ​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស កាល​ពី​ចុង​ខែ​សីហា កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​លីកាដូ ដែល​បាន​ចូល​ទៅ​សួរ​សុខ​ទុក្ខ​ថ្មីៗ​នេះ។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ថា លោក លាង សុខជឿន បាន​រង​ការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ដោយ​អយុត្តិធម៌​កន្លង​មក ៖ «ព្រោះ​អី​ខ្ញុំ​ឃើញ​ការ​កាត់​ទោស សុខជឿន នៅ​តុលាការ​តាកែវ អត់​មាន​ភស្តុតាង​អី​សោះ ដែល​អាច​ចោទ​ប្រកាន់​បាន ដូច្នោះ សុខជឿន ជា​មនុស្ស​គ្មាន​ទោស»

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក លាង សុខជឿន គឺ​លោក ហម ស៊ុនរិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «អំពាវនាវ​សុំ​ឲ្យ​តុលាការ​ខេត្ត​តាកែវ បញ្ជូន​សំណុំ​រឿង​កូន​ក្ដី​យើង​ហ្នឹង​មក​សាលា​ឧទ្ធរណ៍​ឲ្យ​បាន​ឆាប់»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លង​ទៅ​នេះ តុលាការ​ខេត្ត​តាកែវ បាន​កាត់​ទោស​ជន​សង្ស័យ​ចំនួន ៤​នាក់​ឲ្យ​ជាប់​គុក​ម្នាក់ៗ​រវាង​ពី ២​ឆ្នាំ ទៅ ៣​ឆ្នាំ និង​រង​ការ​ផាក​ពិន័យ​រវាង ២​លាន​រៀល ទៅ ៦​លាន​រៀល ក្រោម​បទ​ចោទ​ថា បាន​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយសារ​តែ​បាន​បាច​ត្រាក់ ឬ​ខិត្តប័ណ្ណ​កន្លង​មក​ប្រឆាំង​រដ្ឋាភិបាល និង​ប្រឆាំង​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ថា ជា​ថ្ងៃ​ដែល​យួន​ឈ្លាន​ពាន​កម្ពុជា។

ក្រឡា​បញ្ជី​ម្នាក់​ដែល​កាន់​សំណុំ​រឿង​នេះ​នៅ​តុលាការ​ខេត្ត​តាកែវ បាន​ពន្យល់​ថា លោកស្រី​កំពុង​តែ​ចាត់​ការ​បញ្ជូន​សំណុំ​រឿង​នេះ​មក​តុលាការ​សាលាឧទ្ធរណ៍​នៅ​ពេល​ខាង​មុខ ៖ «រយៈពេល ១​ខែ ទុក​ឲ្យ​ប្ដឹង​ឧទ្ធរណ៍។ យើង​មិន​ទាន់​ដឹង​ថា ភាគី​ខាង​ណា​ខ្លះ​គេ​ត្រូវ​ប្ដឹង។ អ៊ីចឹង​យើង​អត់​ទាន់​បញ្ជូន​ទៅ​ទេ ខ្លាច​វា​ខុស»

តុលាការ​ខេត្ត​តាកែវ បាន​កាត់​ទោស​ឲ្យ​លោក លាង សុខជឿន បុគ្គលិក​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ជាប់​គុក​រយៈ​ពេល ២​ឆ្នាំ ផាក​ពិន័យ​ចំនួន ២​លាន​រៀល។ កាត់​ទោស​កំបាំង​មុខ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម ថាច់ កុងភួង ឲ្យ​ជាប់​គុក​រយៈពេល ៣​ឆ្នាំ ផាក​ពិន័យ​ចំនួន ៦​លាន​រៀល ជា​មេ​ខ្លោង។

តុលាការ​ដដែល​បាន​កាត់​ទោស​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ឈ្មោះ ថាច់ ទ្បេ ជា​អ្នក​រត់​ម៉ូតូ​ឌុប ជាប់​គុក​រយៈ​ពេល ២​ឆ្នាំ ផាក​ពិន័យ​ចំនួន ២​លាន​រៀល និង​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ថាច់ វណ្ណៈ បាន​រង​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈ​ពេល ២​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ២​លាន​រៀល។

ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​នាក់​ខាង​លើ​នោះ បាន​រង​ការ​កាត់​ទោស​ដោយ​គ្មាន​មេធាវី​ការពារ​ក្ដី​ឡើយ។ បច្ចុប្បន្ន ពួកគាត់​កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ខេត្ត​តាកែវ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា កន្លង​ទៅ​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ឈ្មោះ Human Rights Watch បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ទទូច​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក លាង សុខជឿន ឲ្យ​បាន​ឆាប់ និង​គ្មាន​លក្ខខណ្ឌ ដោយសារ​តែ​បាន​ឃុំ​ខ្លួន​ខុស​ច្បាប់ និង​បាន​រំលោភ​បំពាន​មួយ​ចំនួន​លើ​នីតិវិធី​ស៊ើប​អង្កេត និង​នៅ​ក្នុង​សវនាការ​ជម្រះ​ក្ដី​កន្លង​មក។

លោក​ឧត្ដមសេនីយ៍​ឯក គៀត ចន្ថារិទ្ធ ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ខេត្ត​តាកែវ ដែល​បាន​ចាត់​សំណុំ​រឿង​នេះ មាន​ភស្តុតាង​គ្រប់គ្រាន់​កន្លង​មក៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

he deserved that.

Sep 30, 2010 09:52 PM

គេហទំព័រ​ទាំងមូល