ក្រសួង​បរិស្ថាន​សម្រេច​​ឲ្យ​ដេញ​ថ្លៃ​លក់​ដើម​បេង​អាយុ​រាប់​រយ​ឆ្នាំ

ដើម​បេង មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មួយ​ដើម ដែល​គេ​លួច​កាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០០៥ បំណង​អារ​ច្រៀក​លក់​ចេញ​ទៅ​ទី​ផ្សារ ប៉ុន្តែ​ត្រូវ​ឆ្មាំ​ឧទ្យាន​ជាតិ​រក​ឃើញ និង​រក្សា​ទុក​ដើម​បេង​នោះ​ជា​ច្រើន​ឆ្នាំ​មក​នេះ ពេល​នេះ​មាន​សេចក្ដី​រាយ​ការណ៍​ថា ក្រសួង​បរិស្ថាន​អនុញ្ញាត​ឲ្យ​ដេញ​ថ្លៃ​លក់​ចេញ​ទៅ​ទី​ផ្សារ​ហើយ។
ដោយ រដ្ឋា វីសាល
2010.05.22
ការ​កាប់​ឈើ305 រថយន្ត​ដឹក​ឈើ​ប្រណីត​ដែល​ក្រឡាប់​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០០៩។
RFA Photo/Ratha Visal

មន្ត្រី​ខេត្ត​រតនគិរី​ឲ្យ​ដឹង នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​ឧសភា ឆ្នាំ​២០១០ ថា ក្រសួង​បរិស្ថាន​បាន​សម្រេច​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម​បេង​អាយុ​កាល​រាប់​រយ​ឆ្នាំ​មួយ​ដើម​រួច​ហើយ។ ការ​ដេញ​ថ្លៃ​ដើម​បេង​ដ៏​កម្រ​នោះ បាន​ជាង​៥០០០​ដុល្លារ។

ប្រភព​អ្នក​ដែល​បាន​ឃើញ​ដើម​បេង​នោះ​ឲ្យ​ដឹង​ថា មាន​មុខ​កាត់​ជាង ២​ម៉ែត្រ និង​មាន​បណ្ដោយ ពី​៤​ទៅ​៦​ម៉ែត្រ។ ជា​ដើម​ឈើ​ប្រណិត មាន​ទំហំ​ធំ​កម្រ​មាន ត្រូវ​គេ​លួច​កាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​វរជ័យ ជាប់​នឹង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០០៥។ ក្រុម​អនុរក្ស​ឧទ្យាន​ជាតិ បាន​រក​ឃើញ​ករណី​នេះ ហើយ​ការ​ពារ​មិន​ឲ្យ​ក្រុម​ទុច្ចរិត​លួច​បន្ត​អារ​ច្រៀក​ដើម​បេង​នេះ នាំ​ចេញ​ទៅ​ទី​ផ្សារ​បាន​ឡើយ ហើយ​ក្រុម​ឆ្មាំ​ឧទ្យាន​ទាំង​នោះ ក៏​មិន​អាច​រក​ឃើញ​អ្នក​កាប់​រំលំ​ដើម​បេង​នោះ​ឃើញ​ដែរ។

អ្នក​ដេញ​ថ្លៃ​បាន​ជោគជ័យ​ដើម​បេង​នោះ ឈ្មោះ នាង មាន​ប្រសាសន៍​ថា ការ​ដេញ​ថ្លៃ​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ដោយ​មាន​អ្នក​ដេញ​ថ្លៃ ៦​នាក់​ចូល​រួម​ដេញ​ថ្លៃ។ តម្លៃ​ដែល​ដេញ​បាន​មាន​ចំនួន ៥១០០​ដុល្លារ។

លោក​បន្ត​ថា មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​បេង​មួយ​ដើម​នេះ មាន​ការ​លំបាក​ណាស់ ពី​ព្រោះ​ដើម​បេង​នេះ ត្រូវ​គេ​លួច​កាប់​នៅ​តំបន់​ជ្រោះ​ជ្រលង​ភ្នំ មិន​អាច​មាន​ឧបករណ៍​អ្វី​អាច​ចូល​ទៅ​ដល់​ដើម្បី​ដឹក​ជញ្ជូន​ចេញ​បាន​ងាយ​ស្រួល​ឡើយ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ឈើ​ហ្នឹង យើង​កំពុង​តែ​រៀបចំ​ធ្វើ​ផ្លូវ​ធ្វើ​អី​វា។ ឧទ្យាន​ជាតិ​ឆ្ងាយ​ដែរ។ តម្លៃ​ឈើ​វា​មិន​ជា​តុល្យភាព​ថ្លៃ​ប៉ុន្មាន​ទេ គ្រាន់​ថា​សំខាន់ យើង​ចំណាយ​ការ​ដឹក​ជញ្ជូន គ្រាន់​តែ​ធ្វើ​ផ្លូវ​អស់ ២​ទៅ​៣០០០​ហើយ​បង»

មិន​មាន​ការ​អធិប្បាយ​ណា​មួយ​ទាក់​ទិន​មូលហេតុ ដែល​នាំ​ឲ្យ​ក្រសួង​បរិស្ថាន​សម្រេច​ចិត្ត​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម​បេង​ទេវតា​មួយ​នេះ​ទេ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ជូ សុភ័ក្រ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ ហើយ​ជំរុញ​ឲ្យ​សួរ​រឿង​នេះ ទៅ​គណៈកម្មការ​ដេញ​ថ្លៃ​ដើម​បេង​នេះ​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​គណៈកម្មាធិការ​ដេញ​ថ្លៃ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក មុំ សារឿន ក្នុង​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​២២ ឧសភា ឆ្នាំ​២០១០។ ក៏​ប៉ុន្តែ​សមាជិក​គណៈកម្មការ​ដេញ​ថ្លៃ​មួយ​រូប និង​ជា​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​រតនគិរី លោក ទឹម សុថារ័ត្ន មាន​ប្រសាសន៍​ថា ប្រាក់​ដែល​បាន​ពី​ការ​ដេញ​ថ្លៃ បាន​បង់​ចូល​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ដាក់​ចូល​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ​សម្រាប់​ថវិកា​ជាតិ។

អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដេញ​ថ្លៃ​បាន​ដឹក​ជញ្ជូន​ដើម​បេង​ចេញ​ពី​បរិវេណ​តំបន់​ឧទ្យាន​ជាតិ ក៏​ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​អនុញ្ញាត​ដឹក​ជញ្ជូន​ផល​ព្រៃ​ឈើ​នេះ ដោយ​ក្រសួង​កសិកម្ម​នៅ​ឡើយ។

លោក​បន្ត​ថា ដើម​បេង​នោះ​នឹង​ត្រូវ​គេ​អារ​ច្រៀក​ជា​បំណែក និង​ត្រូវ​ការ​ចំណាយ​ប្រាក់​ប្រមាណ ២០.០០០ ដុល្លារ ទើប​អាច​នាំ​មក​កាន់​ទី​ផ្សារ​បាន ៖ «ក្រសួង​បរិស្ថាន​គេ​ឲ្យ​ទុក​យក​មក​ធ្វើ​បេតិកភណ្ឌ​ដែរ ដាក់​នៅ​មន្ទីរ​បរិស្ថាន​ហ្នឹង​ណា​ទាំង​មូល​មក​បញ្ឈរ​ទៅ ប៉ុន្តែ​វា​អត់​មាន​លទ្ធភាព ឲ្យ​គេ ១០.០០០​ដុល្លារ គេ​ដឹក​អត់​រួច​ផង។ ការ​ពិត​អត់​មាន​ឡាន​ណា ដែល​ត្រូវ​ដាក់​ចុះ​ផង ចុង​វា​ធំ​ពេក»

ប្រភព​អ្នក​ធ្វើ​អាជីវកម្ម​ឈើ​បេង​ឲ្យ​ដឹង​ថា បេង​មួយ​ដើម​នេះ ជា​ប្រភេទ​ឈើ​កម្រ មាន​តម្លៃ​ទីផ្សារ​ប្រមាណ ៦០.០០០ ទៅ​១០០.០០០​ដុល្លារ​អាមេរិក។

មន្ត្រី​ខេត្ត​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ដើម​បេង​នេះ មន្ត្រី​អាជ្ញាធរ​ខេត្ត​មាន​បំណង​រក្សា​ទុក​ជា​កេតនភណ្ឌ​ជាតិ​ដ៏​កម្រ និង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ ក៏​ប៉ុន្តែ​ច្រើន​ឆ្នាំ​កន្លង​មក​នេះ មិន​មាន​លទ្ធភាព​ធ្វើ​ការ​ដឹក​ជញ្ជូន​ដើម​បេង​ទាំង​មូល​មក​កាន់​ទី​រួម​ខេត្ត​បាន។ ប្រភព​ឲ្យ​ដឹង​ថា ការ​ដាក់​ដេញ​ថ្លៃ​ដើម​បេង​ដ៏​ពិសិដ្ឋ​នេះ គឺ​ជា​ការ​បាត់​បង់​កេតនភណ្ឌ​ជាតិ​ដ៏​កម្រ​មួយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។