សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​៤​នៅ​រតនគិរី​ដំណើរការ​ឡើង​វិញ

អ្នក​ភូមិ​ឲ្យ​ដឹង​ថា រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ចំនួន ៤​ទីតាំង បាន​ចាប់​ដំណើរការ​ឡើង​វិញ​ហើយ។ ចំណែក​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​ចូល​រោង​សិប្បកម្ម​ទាំង​នោះ ធ្វើ​ឡើង​តាម​រូប​ភាព​ដឹក​ជញ្ជូន​ដោយ​ម៉ូតូ​នៅ​វេលា​យប់។
ដោយ រដ្ឋា វីសាល
2010-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៤-ឧសភា-២០១០: រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​មួយ​កន្លែង ដែល​បើក​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់ នៅ​ក្នុង​ភូមិ​១ សង្កាត់​ឡាបានសៀក ខេត្ត​រតនគិរី។
២៤-ឧសភា-២០១០: រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​មួយ​កន្លែង ដែល​បើក​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់ នៅ​ក្នុង​ភូមិ​១ សង្កាត់​ឡាបានសៀក ខេត្ត​រតនគិរី។
RFA/រដ្ឋា វីសាល

អ្នក​ភូមិ​រស់​នៅ​ភូមិ​១ សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី ឈ្មោះ ឈុំ សេង បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​ឧសភា ថា នៅ​ចំណុច​ខាង​ជើង​អតីត​រោងចក្រ​អារ​ឈើ​តៃវ៉ាន់ រោង​សិប្បកម្ម​ទាំង​នោះ​បើក​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​ខ្លាច​ញញើត ហើយ​នៅ​វេលា​យប់​ពួក​គេ​ដឹក​ជញ្ជូន​ឈើ​ចូល​រោង​សិប្បកម្ម រំខាន​ដល់​អ្នក​ជិត​ខាង​នៅ​តំបន់​នោះ។

លោក ឈុំ សេង បាន​ឲ្យ​ដឹង​ថា ៖ «បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ តាំង​ពី​សម្តេច​តេជោ ហ៊ុន សែន ដែល​គាត់​ប្រកាស​តាម​ទូរទស្សន៍ គឺ​មាន​ដឹក​ហូរ​ហែ មាន​ឡាន មាន​ម៉ូតូ ចូល​ជា​បន្ត​បន្ទាប់!»

សេចក្ដី​រាយ​ការណ៍​របស់​មន្ត្រី​ប៉ូលិស​ក្រុង​បានលុង​ឲ្យ​ដឹង​ថា សិប្បកម្ម​ឈើ​ប្រណីត​ទាំង​ធំ ទាំង​តូច មិន​តិច​ជាង ២០​កន្លែង​បាន​បិទ​ទ្វារ ចាប់​ពី​យុទ្ធនាការ​បង្ក្រាប​ការ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​កាល​ពី​ខែ​មីនា ឆ្នាំ​២០១០។

អធិការ​ប៉ូលិស​ក្រុង​បានលុង លោក ឯម វុន មាន​ប្រសាសន៍​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​ឧសភា​នេះ សិប្បកម្ម​គ្រឿង​សង្ហារិម​ទាំង​នោះ​ប្រមាណ ៤០% បើក​ដំណើរការ​ឡើង​វិញ ដោយ​មិន​មាន​ការ​ជូន​ដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន។

លោក ឯម វុន បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​បា​នទៅ​ទាក់ទង​គ្នា និង​ទាក់ទង​គ្នា​នៅ​ខាង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​គេ​យក​គោលការណ៍​ណា​មួយ​ដែល​ទាក់ទិន​ទៅ​នឹង​ជំនាញ​របស់​គាត់​ហ្នឹង ប៉ុន្តែ​មក​ដល់​ពេល​នេះ គឺ​ខាង​ហ្នឹង​គេ​អត់​ទាន់​ឆ្លើយ​តប​មក​ទេ»

នាយ​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ប្រចាំ​ក្រុង​បានលុង លោក ឡេង យុគ មាន​ប្រសាសន៍​ថា មិន​មាន​ការ​អនុញ្ញាត​ឲ្យ​បើក​ទីតាំង​សិប្បកម្ម​ទាំង​នោះ​ទេ ហើយ​មន្ត្រី​ជំនាញ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ករណី​នេះ ៖ «ខ្ញុំ​ជាប់​បេសកកម្ម​ប្រជុំ​នៅ​ភ្នំពេញ ចាំ​ខ្ញុំ​តេ​ទៅ​សង្កាត់»

អ្នក​សម្រប​សម្រួល និង​អង្កេត​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា មន្ត្រី​លោក​បាន​ចុះ​ទៅ​ទីតាំង​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​ឧសភា​នេះ ឃើញ​ជាក់ស្ដែង​រោង​សិប្បកម្ម​កំពុង​ដំណើរការ។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​អះអាង​ថា ៖ «ការ​បង្ក្រាប​វា​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធភាព អ៊ីចឹង​ហើយ​មាន​ការ​ចាប់​កម្រើក​សិប្បកម្ម​មក​វិញ។ យើង​ឃើញ​ថា មាន​ដឹក​ជញ្ជូន​ឈើ​អី​ចូល​មក​សិប្បកម្ម តាម​ការ​រាយ​ការណ៍ រហូត​ដល់​អ្នក​រាយ​ការណ៍​មាន​ការ​គំរាម​កំហែង​ទៀត!»

ប្រភព​អ្នក​ភូមិ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ឈើ​ដែល​ដឹក​ជញ្ជូន​ចូល​រោង​សិប្បកម្ម​ទាំង​នោះ ធ្វើ​ឡើង​តាម​រយៈ​មនុស្ស​មួយ​ក្រុម រស់​នៅ​ភូមិ​៤ ចម្ការ​កៅស៊ូ ខេត្ត​រតនគិរី។ ពួក​គាត់​ដឹក​ជញ្ជូន​ឈើ​ដោយ​ម៉ូតូ​ប្រមាណ ៤​គ្រឿង ទៅ ៦​គ្រឿង​ពី​តំបន់​ជំរំ​បី​ស្រុក ក្នុង​ស្រុក​លំផាត់ មក​ស្តុក​ទុក​នៅ​លំនៅ​ឋាន​ពួក​គេ ហើយ​ដឹក​ជញ្ជូន​ចូល​រោង​សិប្បកម្ម​នៅ​ពេល​យប់​ជ្រៅ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល