ព្រៃ​លិច​ទឹក​៩០​ហិកតារ​នៅ​ពោធិ៍សាត់​ត្រូវ​គេ​កាប់​យក​ដី​ធ្វើ​កម្មសិទ្ធិ

អ្នក​ដឹក​នាំ​សហគមន៍​អភិរក្ស​ជីវចម្រុះ​កោះ​ទន្លេ​ក្រៅ បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​អាជ្ញាធរ​ដែន​ដី និង​អាជ្ញាធរ​ជំនាញ​ថា បាន​បណ្ដោយ​ឲ្យ​មាន​ការ​រាន​ព្រៃ​លិច​ទឹក ក្នុង​ភូមិ​កំពង់ធ្គោល ឃុំ​អន្សាចំបក់ ពី​សំណាក់​ជន​ខិល​ខូច​មួយ​ចំនួន។
ដោយ មណ្ឌល កែវ
2010-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រៃ​លិច​ទឹក​នៅ​ក្នុង​បឹង​ទន្លេ​សាប
ព្រៃ​លិច​ទឹក​នៅ​ក្នុង​បឹង​ទន្លេ​សាប
RFA/Hang Savyouth

ប្រធាន​សហគមន៍​អភិរក្ស​ជីវចម្រុះ​កោះ​ទន្លេ​ក្រៅ គឺ​លោក តោ សាមឿន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា​ថា ព្រៃ​លិច​ទឹក​ប្រមាណ ៩០​ហិកតារ នៅ​ភូមិ​កំពង់ធ្គោល ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។ លោក​បន្ត​ថា មួយ​ចំណែក​ទៀត គេ​បាន​រាន​ព្រៃ​លិច​ទឹក ដើម្បី​ធ្វើ​ជា​កន្លែង​ធ្វើការ​នេសាទ​ត្រី​ខុស​ច្បាប់​ដោយ​ឧបករណ៍​ម្យ៉ាង​ឈ្មោះ «ណរបរ៉ាវ» ដោយ​គ្មាន​អាជ្ញាធរ​ដែន​ដី ឬ​អាជ្ញាធរ​ជំនាញ​ណា​មក​ជួយ​ទប់​ស្កាត់​ឡើយ។

លោក តោ សាមឿន មាន​ប្រសាសន៍​បន្ត​ថា ៖ «មិន​មែន​ខុស​មក​ពី​ប្រជាជន​ទេ។ បើ​សិន​ជា​យើង​ឈប់​ឲ្យ​ប្រជាជន​ធ្វើ គាត់​ឈប់​ហើយ។ អ៊ីចឹង គាត់​បើក​ឲ្យ​គេ​ធ្វើ​រួច គាត់​ធ្វើ​មិន​ដឹង។ ហើយ​ក្រែង​លោ​គាត់​បាន​ទៅ គាត់​ឲ្យ​ទៅ​ផុត​ទៅ...»

មេភូមិ​កំពង់ធ្គោល គឺ​លោក សាត សាខន ទទួល​ស្គាល់​ថា ពិត​ជា​មាន​កាប់​រាន​យក​ដី​ធ្វើ​ស្រែ និង​ធ្វើ​នេសាទ ក្នុង​តំបន់​ព្រៃ​លិច​ទឹក ភូមិ​កំពង់ធ្គោល​មែន។ លោក​ថា អាជ្ញាធរ​ភូមិ​បាន​ទៅ​ធ្វើ​ការ​ហាម​ឃាត់​ដែរ តែ​ជន​ខិល​ខូច​ទាំង​នោះ សំអាង​ខ្នង​បង្អែក​ពួក​គេ​មិន​ស្ដាប់​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ភូមិ​ទេ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «បាទ! តាម​ខ្ញុំ​បើ​មាន​វិធានការ​ទប់​ស្កាត់​នោះ មាន​តែ​ខាង​ជំនាញ​យើង​ជួយ​ខាង​ខ្ញុំ​ទេ។ បើ​ខាង​ខ្ញុំ មាន​ប្រដាប់​អាវុធ​ណា​ជួយ​ការពារ។ ហ្នឹង​ចុះ​ទៅ​ប្រឡូក​ការ​លែង​ពិភព​គុន​អស់​ហ្នឹង​អត់​បាន​ទេ។ ព្រោះ​ទៅ​ស្រុក​ឥឡូវ​ហ្នឹង​មិន​ស្រួល ត្រូវ​ខ្វែវ​របស់​គេ​ឥឡូវ​ហ្នឹង...»

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់ លោក សេង ស៊ុនហួត និង​នាយ​ផ្នែក​ជលផល​ស្រុក​ក្រគរ លោក ជ្រឹង តាំងលី មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ មេសា ដោយ​ការ​ទាក់​ទង​តាម​ទូរស័ព្ទ​ជា​ច្រើន​ដង ទូរស័ព្ទ​រោទ៍ តែ​គ្មាន​អ្នក​លើក។

យ៉ាង​ណា​ក៏​ដោយ អភិបាល​រង​ស្រុក​ក្រគរ គឺ​លោក ពិន មួន បាន​អះអាង​ថា អាជ្ញាធរ​ស្រុក បាន​ធ្វើ​ការ​ទប់​ស្កាត់​ការ​កាប់​ព្រៃ​ក្នុង​ភូមិសាស្ត្រ​តំបន់​ព្រៃ​លិច​ទឹក​នានា ក្នុង​ស្រុក​ក្រគរ បាន​ជា​ស្ថាពរ​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​យល់​ច្បាស់​ពី​ក្ដី​កង្វល់​របស់​សហគមន៍។ លោក​សំណូម​ពរ​សុំ​ឲ្យ​សហគមន៍​បន្ត​សហការ​ឲ្យ​បាន​ជា​ប្រចាំ ជា​មួយ​អាជ្ញាធរ ក្នុង​ការ​ទប់​ស្កាត់​នេះ។

លោក ពិន មួន មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​បាន​ទៅ​ធ្វើ​វិធានការ​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា។ ហើយ​នៅ​គ្រប់​កន្លែង​ដែល​ខ្ញុំ​ចុះ​ទៅ ក៏​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន។ គឺ​ខ្ញុំ​បាន​ទៅ​ដល់​គោល​ដៅ។ កន្លែង​ដែល​កើត ខ្ញុំ​បាន​ទៅ​ដល់​ទីតាំង​ទាំង​អស់។ ខ្ញុំ​តែ​២​នាក់​អភិបាល- អភិបាលរង​ទេ ទៅ​ផ្ទាល់​ដល់។ ទៅ​ដល់​ឃើញ​ហើយ​ជាន់​ជាប់​នៅ​កន្លែង​ហ្នឹង ហៅ​សមត្ថកិច្ច​ជំនាញ​អាជ្ញាធរ​ទៅ​ធ្វើ​ការ ដោយ​មិន​បាន​ចាប់ មិន​បាន​អី គ្រាន់​តែ​ទៅ​ដើម្បី​ប្រាប់​គាត់​ថា កន្លែង​នេះ​វា​គឺ​ជា​តំបន់​អភិរក្ស​ច្រើន​យ៉ាង វា​គឺ​ជា​តំបន់​ដែន​ព្រៃ​លិច​ទឹក...»

មន្ត្រី​សម្រប​សម្រួល នៃ​សម្ព័ន្ធ​ដើម្បី​អភិរក្ស​ធន​ធាន​ជល​ផល ដែល​ជា​សម្ពន្ធភាព នៃ​អង្គការ​ជាតិ និង អន្តរជាតិ​មួយ ដែល​កំពុង​ធ្វើ​ការ​ផ្ដោត​ទៅ​លើ​បញ្ហា​ធន​ធាន​ធម្មជាតិ បរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប គឺ​លោក ឯក ចំរើន មាន​ប្រសាសន៍​ថា អន្តរាគមន៍​ជា​បន្ទាន់ របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​រាន​ព្រៃ​លិច​ទឹក ក្នុង​ទូទាំង​ប្រទេស គឺ​ជា​ប្រការ​ចាំបាច់។ លោក​បន្ត​ថា មន្ត្រី​ថ្នាក់​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​មួយ​ចំនួន បាន​ធ្វើ​របាយការណ៍​លាក់​បាំង​ការ​ពិត ចំពោះ​ថ្នាក់​លើ និង​ចំពោះ​លោក​នាយករដ្ឋមន្ត្រី៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល