មាន​បទ​ល្មើស​កាប់​ឈើ​ពី​ឧទ្យាន​ជាតិ​វីរ​ជ័យ​យក​ទៅ​លក់​ឲ្យ​វៀតណាម

នៅ​ឯ​ខេត្ត​រតនគិរី មាន​សេចក្ដី​រាយការណ៍​ថា ឈើ​ប្រណិត​នៅ​តំបន់​ឧទ្យានជាតិ វីរជ័យ​កំពុង​រង​ការ​លួច​កាប់ ដើម្បី​ដឹក​ជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម។
ដោយ រដ្ឋា វីសាល
2010-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ឈើ​ប្រណីត​ដែល​ក្រឡាប់​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០០៩។
រថយន្ត​ដឹក​ឈើ​ប្រណីត​ដែល​ក្រឡាប់​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០០៩។
RFA Photo/Ratha Visal

យ៉ាង​ហោច​ណាស់​ឈើ​ប្រណិត​ប្រភេទ​ឈើ​គ្រញូង​មាន​តម្លៃ ពី​៥​ទៅ​១០​កាណូត​តូចៗ ចំណុះ​ប្រមាណ ២​ម៉ែត្រ​គីប ក្នុង​មួយ​ថ្ងៃៗ ត្រូវ​គេ​រាយការណ៍​ថា​មាន​ការ​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ នៃ​តំបន់​អូរ​ដំបូក ក្នុង​ឃុំ​តាវែង​លើ ស្រុក​តាវែង ខេត្ត​រតនគិរី។

ប្រភព​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា ឆ្នាំ​២០១០​ថា អ្នក​ភូមិ​និង​ក្រុម​សមត្ថកិច្ច​ដែល​បោះ​ទីតាំង​នៅ​តំបន់​អូរ​ដំបូក បាន​ចូល​ទៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ហើយ​កាប់​ឈើ​គ្រញូង​ជា​ថ្មី ដើម្បី​នាំ​ទៅ​លក់។

ប្រភព​បន្ត​ថា ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើ​ពី​ឧទ្យាន​ជាតិ ចូល​មក​តំបន់​អូរ​ដំបូក ហើយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នៃ​ទន្លេ​សេសាន្ត នា​វេលា​យប់​ទៅ​កាន់​តំបន់​អូរ​សេដ្ឋី ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១០​រហូត​ដល់​បច្ចុប្បន្ន​នេះ ៖ «អា​ហ្នឹង​វា​ចេញ​ៗ រាល់​ថ្ងៃ វា​ឈប់​ចេញ​មក​ខាង​ហ្នុង​ហើយ វា​នាំ​គ្នា​រុញ​ទៅ​លើ​វិញ​ម្ដង ហើយ​តាម​ដែល​ខ្ញុំ​ដឹង វា​ប្រាកដ​ជា​នៅ​ក្នុង​ឧទ្យាន​ជាតិ​ហ្នឹង​ហើយ»

ប្រភព​មន្ត្រី​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា​នៅ​តំបន់​អូរ​សេដ្ឋី ឈ្មួញ​វៀតណាម គឺ​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ប្រណិត​ទាំង​នោះ​នៅ​តំបន់​ស ព្រំដែន​ប្រទេស​ទាំង​ពីរ ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ទប់​ស្កាត់​ឡើយ ៖ «កាណូត​ពី​តាវែង​មក​រហូត​ទៅ​ដល់​ភូមិ​ភិណា។ មាន​អា​មេ​ដេប៉ូ​ធំ​វា​ចាំ​ប្រមូល​ទិញ​ហ្នឹង​ហើយ​ស្រាប់​អា​ហ្នឹង​ក្រវ៉ាត់​ព្រំដែន​ចំណុច​លេខ​សូន្យ​ម៉្មង​និយាយ​ឲ្យ​ចំ។ ទៅ​ដល់​ហ្នុង​វា​វ៉ៃ​កាណូត​ទៅ​ដល់​វ៉ៃ​ចេញ​ភ្លាមៗ អត់​ទុក​គរ​ចោល​ទេ។ បើ​លុយ​ញ៉ុក​កាប៉ៅ​អាវ​ហើយ​ចាប់​អី​កើត»

តំបន់​អូរ​ដំបូក​កាល​ពី​ឆ្នាំ​២០០៨ និង​២០០៩​កន្លង​ទៅ​នេះ មាន​សេចក្ដី​រាយការណ៍​ជា​បន្ត​បន្ទាប់​ថា មាន​សកម្មភាព​លួច​កាប់​ឈើ​គ្រញូង​ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ ហើយ​អាជ្ញាធរ​ខេត្ត​ក៏​បាន​ចាត់​កង​កម្លាំង​ចុះ​ទប់​ស្កាត់​ជា​ញឹក​ញាប់​ដែរ។ សកម្មភាព​នេះ​បាន​ស្ងប់​ស្ងាត់​ចាប់​ពី​ការ​បង្ក្រាប​សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​នៅ​ទូទាំង​ប្រទេស ដោយ​រាជ​រដ្ឋាភិបាល​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៩។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​ឧទ្យាន​ជាតិ​វីរ​ជ័យ លោក ជួ សុភ័ក្ត្រ និង​ប្រធាន​ផ្នែក​ការ​ពារ​ឧទ្យាន​ជាតិ លោក កៃ ផេង ដើម្បី​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា ឆ្នាំ​២០១០។

យ៉ាង​នេះ​ក្ដី អភិបាល​រង​ខេត្ត​រតនគិរី លោក សូ នាក់ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​បញ្ហា​នេះ​ហើយ។ លោក​បន្ត​ថា ថ្នាក់​ដឹក​នាំ​ខេត្ត​បាន​ចាត់​ឲ្យ​មាន​ការ​បង្ក្រាប និង​ស៊ើប​អង្កេត​ករណី​នេះ​ហើយ ៖ «យើង​បាន​ដឹង​ហើយ​ព័ត៌មាន​នេះ ឥឡូវ​យើង​បាន​ចាត់​ការ​តាម​ដាន​រឿង​ហ្នឹង ព្រោះ​វា​មាន​អា​បញ្ហា​កន្លែង​មួយ​វា​ធ្វើ​កន្លែង​មួយ​ច្រក យើង​ស៊ើប​ដឹង​ហើយ ហើយ​ម្សិល​មិញ​ឯកឧត្ដម ថង សាវ៉ុន បាន​ចាត់​ខាង​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​ចុះ​ស៊ើប​អង្កេត​រឿង​ហ្នឹង តែ​ខេត្ត​ខ្ញុំ​ជឿ​ថា មិន​ព្រងើយ​កន្តើយ​ទេ ឥឡូវ​នេះ ប៉ុន្តែ​អា​បញ្ហា​លួច​លាក់​តូច​តាច​ហ្នឹង វា​ចៀស​មិន​រួច​ទេ វា​តែង​តែ​មាន​តែ​អា​ទ្រង់​ទ្រាយ​ធំ យើង​មិន​អាច​ឲ្យ​មាន​មាន​បាន​ទេ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋ​នៅ​តំបន់​អូរ​ដំបូក​ឲ្យ​ដឹង​ថា សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​នេះ កើត​មាន​ដោយ​សារ​មាន​ការ​បើក​ដៃ និង​ឃុបឃិត​ពី​ក្រុម​សមត្ថកិច្ច​ឈរ​ជើង​នៅ​តំបន់​នោះ។ លោក​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ជាក់​លាក់​ក្នុង​រឿង​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល