អត្រា​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​ថយ​ចុះ

ក្រោយ​ពី​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភព​លោក (WHO) ធ្វើ​ការ​ពិសោធន៍​រួម​គ្នា ក្នុង​ការ​ទប់ទល់​នូវ​ភាព​សាំ​នៃ​មេរោគ​គ្រុន​ចាញ់ ជា​មួយ​នឹង​ឱសថ​ឈ្មោះ អា​តេម​មី​ស៊ី​នីន (Atermisinin) ប្រកប​ដោយ​ជោគ​ជ័យ​នោះ ឥឡូវ​នេះ មាន​របាយ​ការណ៍​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ ជំងឺ​គ្រុន​ចាញ់​បាន​ថយ​ចុះ។
ដោយ សុខ សេរី
2010-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ភាព​ឯកសារ​នៃ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ៃលិន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ប៉ៃលិន។
រូប​ភាព​ឯកសារ​នៃ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ៃលិន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ប៉ៃលិន។
AFP File

មន្ត្រី​ជំនាញ​ខាង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ថា ជំងឺ​គ្រុន​ចាញ់​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​ចំនួន ៧៣​នាក់ និង​មាន​អ្នក​កើត​ជំងឺ​នេះ មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ នៅ​ក្នុង​រយៈ​ពេល ៩​ខែ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ។

ប្រៀបធៀប​ទៅ​និង​រយៈ​ពេល ៩​ខែ​ដូច​គ្នា នៅ​ក្នុង​ឆ្នាំ​២០០៩ កន្លង​ទៅ ជំងឺ​គ្រុន​ចាញ់​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​ចំនួន ២១៧​នាក់ និង​មាន​អ្នក​កើត​ជំងឺ​នេះ​ចំនួន​ជាង ៦​ម៉ឺន​នាក់។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​របស់​ក្រសួង​សុខាភិបាល​កម្ពុជា លោក​វេជ្ជបណ្ឌិត ដួង សុជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​មាន​ការ​រីករាយ​ចំពោះ​លទ្ធផល​ធ្លាក់​ចុះ​នេះ។ លោក​បន្ត​ថា ៖ «យើង​បាន​ប្រឹង​ប្រែង គេ​ហៅ​ថា ធ្វើ​យុទ្ធសាស្ត្រ​ទប់​ស្កាត់​ភាព​សាំ​របស់​មេរោគ​គ្រុន​ចាញ់ ទល់​នឹង​ឱសថ​គ្រុន​ចាញ់។ ហើយ​នៅ​ក្នុង​នោះ មាន​យុទ្ធសាស្ត្រ​កាត់​បន្ថយ​គ្រុន​ចាញ់​ខ្លាំង​ក្លា​មែនទែន ដូច​យើង​ប្រើ​ប្រាស់​ម៉ុង​នៅ​តំបន់​គ្រុន​ចាញ់​ខ្លាំង ដូច​ជា​ប៉ៃលិន តាម​ខេត្ត​ផ្សេងៗ តាម​ជួរ​ទល់​ដែន​ទាំង​អស់ គឺ​ថា​យើង​ឲ្យ​ម៉ុង​គ្រប់​ៗ​គ្នា​តែ​ម្ដង»

មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រើប្រាស់​មន្ត្រី​ជំនាញ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​មូលដ្ឋាន​ចំនួន​ជាង ១៥០០​នាក់ និង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​គាំទ្រ​យុទ្ធនាការ​នេះ​ចំនួន​ជាង ៣០០០​នាក់ និង​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​ដទៃ​ទៀត សរុប​ចំនួន ៧០០០​នាក់។

ក្រសួង​សុខាភិបាល​មាន​ផែនការ​លុប​បំបាត់​មិន​ឲ្យ​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ និង​ឈាន​ទៅ​លុប​បំបាត់​មិន​ឲ្យ​មាន​អ្នក​កើត​ជំងឺ​នេះ​នៅ​ឆ្នាំ​២០២៥។

មន្ត្រី​ជំនាញ​សុខាភិបាល​បាន​រក​ឃើញ​ថា ខេត្ត​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​ជំងឺ​គ្រុន​ចាញ់​ធ្ងន់ធ្ងរ​ជាង​គេ​កន្លង​មក មាន​ដូច​ជា​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​ឧត្តរ​មានជ័យ ខេត្ត​ព្រះវិហារ និង​ខេត្ត​រតនគិរី។ ខេត្ត​ដែល​គ្មាន​ជំងឺ​គ្រុន​ចាញ់ មាន​ដូច​ជា​ខេត្ត​កណ្ដាល ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង ដោយ​សារ​ប្រជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​វិធី​បង្ការ។

ក្រសួង​សុខាភិបាល​កម្ពុជា​កន្លង​មក​បាន​ប្រើប្រាស់​ថវិកា​ចំនួន​រវាង ២​លាន​ដុល្លារ​អាមេរិក ទៅ​៣​លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ​ៗ ដើម្បី​បើក​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ និង​បង្ការ​ជំងឺ​នេះ ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី​មូលនិធិ​សាកល (Global Fund) និង​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​អង្គការ​មួយ​ចំនួន​ទៀត។

ប្រជា​ពល​រដ្ឋ​ឈ្មោះ ណែត រិទ្ធ អាយុ​៤០​ឆ្នាំ នៅ​ក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ជាប់​ព្រំដែន​កម្ពុជា-ថៃ បាន​ថ្លែង​ថា កូន​ប្រុស​របស់​លោក​អាយុ​ជាង ២០​ឆ្នាំ ទើប​តែ​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រុន​ចាញ់​នេះ ៖ «ជំងឺ​គ្រុន​ចាញ់​នៅ​ឆ្នាំ​នេះ វា​មិន​សូវ​មាន​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​មាន​មួយៗ​ខ្លាំង។ យើង​ដេក​ក្នុង​ម៉ុង​ដែល​អង្គការ​ចែក​ឲ្យ​កាល​មុន មាន​ភាព​ល្អ​ដែរ»

សេចក្ដី​ប្រកាស​រួម​រវាង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អង្គការ​សុខភាព​ពិភព​លោក (WHO) ចុះ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា គេ​បាន​សាកល្បង​ដោយ​ជោគជ័យ ដើម្បី​ទប់ទល់​នូវ​ភាព​សាំ​នៃ​មេរោគ​គ្រុន​ចាញ់ ជា​មួយ​នឹង​ឱសថ​ឈ្មោះ អា​តេម​មី​ស៊ី​នីន នៅ​ក្នុង​ភូមិ​ចំនួន​៧ នៃ​ខេត្ត​ប៉ៃលិន កាល​ពី​ដើម​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ។

មន្ត្រី​ជំនាញ​សុខាភិបាល បាន​សន្យា​ថា គេ​នឹង​បន្ត​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​កើត​ជំងឺ​គ្រុន​ចាញ់ ឲ្យ​នៅ​សល់​តិច​ថែម​ទៀត នៅ​ឆ្នាំ​២០១១ ខាង​មុខ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល