បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​រុករាន​ដី​រដ្ឋ

បុរស​ម្នាក់​រស់​នៅ​ភូមិ​ឈើទាលភ្លោះ ឃុំ​ព្រៃអំពក ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កុម្ភៈ​នេះ ក្រោម​ការ​សង្ស័យ​ថា បាន​រុករាន​ដី​និង​ព្រៃឈើ​របស់​រដ្ឋ។
ដោយ អ៊ុក សាវបូរី
2010.02.28

ព្រះសង្ឃ​និង​អ្នក​ភូមិ​ឈើទាលភ្លោះ ឃុំ​ព្រៃអំពក បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជាង​១០​នាក់​បាន​មក​ចាប់​ខ្លួន​បុរស​ឈ្មោះ ឈន សារិត អាយុ​៤៥​ឆ្នាំ ពី​តំបន់​ដែល​ត្រៀម​សង់​ជា​វត្ត​មហា​ឥសី ក្នុង​ឃុំ​ព្រៃអំពក ស្រុក​គិរីវង់ ខេត្ត​តាកែវ កាល​ពី​ព្រលឹម​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១០។

ស្រ្តី​ដែល​ជា​ភរិយា​លោក ឈន សារិត បាន​ឲ្យ​ដឹង​ថា ប្តី​គាត់​ជា​អ្នក​បាន​ជួយ​កសាង​អាស្រម​ឲ្យ​ទៅ​ជា​វត្ត ស្រាប់​តែ​អាជ្ញាធរ​មក​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​២៨ កុម្ភៈ​នេះ ៖ «វត្ត​ហ្នឹង​កាល​លើក​មុន​សហគមន៍​ព្រៃឈើ​ហ្នឹង... ហើយ​ឥឡូវ​គេ​ចាប់​ប្ដី​ខ្ញុំ​មក គេ​មិន​ឲ្យ​ធ្វើ​វត្ត​ធ្វើ​អី ឲ្យ​តែ​ប្ដី​ខ្ញុំ​ចេញ​ពី​តុលាការ​វិញ»

អ្នក​ភូមិ​ដទៃ​ទៀត​បាន​អះអាង​ថា ៖ «ការ​ចាប់​ខ្លួន​ពី​ព្រឹក​ហ្នឹង គ្មាន​មូលហេតុ​អី​ទេ គេ​ហៅ​ឡើង គេ​មាន​ដីកា​គេ​ចោទ​ប្រកាន់​យើង​បំផ្លាញ​ព្រៃ​ឈើ​គេ»

បុរស​ម្នាក់​ទៀត​បន្ថែម​ថា លោក ឈន សារិត ជា​អ្នក​ផ្តួចផ្តើម​កសាង​អាស្រម​ឲ្យ​ទៅ​ជា​វត្ត​មហា​ឥសី​តាំង​ពី​ឆ្នាំ​១៩៩០ មុន​អាជ្ញាធរ​ស្រុក​ខេត្ត​ចុះ​មក​ផ្សព្វផ្សាយ​ច្បាប់​ព្រៃ​ឈើ​ម្ល៉េះ ៖ «គេ​ចោទ​ប្រកាន់​យើង​កសាង​វត្ត គេ​មិន​ឲ្យ​កសាង។ យើង​កសាង​វត្ត​និង​កសាង​ផ្លូវ​នេះ គេ​ចោទ​យើង​ថា​ធ្វើ​អបគមន៍»

ស្នងការ​ខេត្ត​តាកែវ លោក អ៊ុក សំណាង មាន​ប្រសាសន៍​ថា បុរស​ឈ្មោះ ឈន សារិត មិន​ទាន់​ឃើញ​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​ខេត្ត​ទេ ៖ «នៅ​កន្លែង​ខ្ញុំ​អត់​ឃើញ»

មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​វីជីឡែន លោក យិន យ៉េត ថ្លែង​ថា លោក ឈន សារិត ត្រូវ​បញ្ជូន​ភ្លាមៗ​ទៅ​ពន្ធនាគារ​ខេត្ត​តាកែវ​តែម្តង។ លោក​ថា ករណី​ដីធ្លី​នៅ​តំបន់​មហាសី​នោះ ប្រជាជន​បាន​កាន់កាប់​យូរ​ហើយ។ អាជ្ញាធរ​ទើប​តែ​ដឹង​និង​មក​គ្រប់គ្រង​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​ទេ។

ដីធ្លី​និង​ព្រៃឈើ​របស់​រដ្ឋ​នៅ​តំបន់​មហាសី ក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ រដ្ឋ​ហាម​ឃាត់​រុក​រាន​និង​ហាម​សង់​វត្ត​អារាម។ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ស្រុក​និង​ខេត្ត​បាន​ចុះ​អប់រំ​ប្រជាជន ហាម​ប្រាម​ការ​បំពាន​លើ​ដី​របស់​រដ្ឋ។

ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​គិរីរង់ លោក ឈរ សុផល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចុះ​អប់រំ​នោះ​ថា ដី​របស់​រដ្ឋ​ជាង​៩០០​ហិកតា​រង​នូវ​ការ​កាប់​រាន​យក​ដី​រដ្ឋ​ទៅ​កាន់​កាប់​មួយចំនួន។ ប្រជាជន​ដែល​បាន​រាន​ដី​រដ្ឋ​ពាក់ព័ន្ធ​ជាង​២០០​គ្រួសារ​នៅ​តំបន់​មហាសី។ ពួកគេ​មក​ពី​ច្រើន​ឃុំ​នៃ​ខេត្ត​តាកែវ ខេត្ត​កំពត និង​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន។ ពួកគេ​បាន​រានដី​ព្រៃ​របស់​ដ្ឋ ហើយ​ដាំ​ចម្ការ​និង​ធ្វើ​អាស្រម​រៀបចំ​ជា​វត្ត​មហា​ឥសី។ លោក​ថា អាជ្ញាធរ​ស្រុក​ខេត្ត​មិន​អនុញ្ញាត​ធ្វើ​វត្ត​និង​បន្ត​កាន់កាប់​ដី​នោះ​ទេ ទើប​ចុះ​អប់រំ​ច្បាប់​ព្រៃឈើ។ មិន​តែ​ប៉ុណ្ណោះ​អាជ្ញាធរ​ឲ្យ​អ្នក​ស្រុក​ទៅ​សុំ​បញ្ជាក់​សិទ្ធិ​កាន់កាប់​ដី​ពី​មូលដ្ឋាន​ភូមិ​ឃុំ ដែល​ខ្លួន​បាន​រស់​នៅ​ពី​មុន​មក​បញ្ជាក់​ផង​ដែរ។

តាម​ប្រសាសន៍​របស់​អាជ្ញាធរ​ស្រុកគិរីវង់ ឲ្យ​ដឹង​ថា ដី​នៅ​តំបន់​មហាសី​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​រាន​យក​ទេ ទើប​អាជ្ញាធរ​ឲ្យ​ប្រជាជន​ដែល​អះអាង​ជា​ម្ចាស់​កាន់កាប់​នោះ​ទៅ​សុំ​ចុះ​បញ្ជី​ដី​នៅ​ភូមិ​ឃុំ​របស់​ខ្លួន បើ​ពិត​ជា​ក្រីក្រ​គ្មាន​ដី​ដាំ​ដុះ​មែន ឬ​អត់​នោះ ត្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​លិខិត​មក​ថ្នាក់​លើ​ត្រឹមត្រូវ។ លោក​បន្ត​ថា ពួកគេ​សុទ្ធ​តែ​អះអាង​ថា បាន​រស់​នៅ​លើ​ដី​នោះ​យូរ​ហើយ។ អាជ្ញាធរ​បាន​ពន្យល់​ប្រជាជន​ពី​ទោសទណ្ឌ​នៃ​ការ​រុករាន​ព្រៃ តែ​ការ​ទន្រ្ទាន​ព្រៃ​នៅ​តែ​បន្ត​មាន​រហូត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។