បុរស​ម្នាក់​វាយ​ប្រពន្ធ​ស្លាប់​ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ

មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចោទ​ប្រកាន់​បុរស​មា្នក់​ឈ្មោះ ទា សៀង អាយុ​៤៨​ឆ្នាំ​នៅ​ភូមិ​ស្វាយប៉ាត ឃុំ​រំដោះ ស្រុក​រវៀង ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា ដែល​អាច​ប្រឈម​មុខ​នឹង​ការ​​​​ជាប់​ពន្ធនាគារ​ពី ១០​ឆ្នាំ​ទៅ​១៥​ឆ្នាំ បន្ទាប់​ពី​បុរស​ម្នាក់​នោះ​មាន​ជម្លោះ​ក្នុង​គ្រួសារ ហើយ​បាន​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់។
ដោយ ហង្ស សាវយុត
2010-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខិត្តប័ណ្ណ​អប់រំ​ស្ដីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ
ខិត្តប័ណ្ណ​អប់រំ​ស្ដីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ
RFA/Sok Serey

ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ លោក ឡុង ស៊ីថា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​កុម្ភៈ ថា លោក​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​បុរស​ឈ្មោះ ទា សៀង ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​បន្ទាប់​ពី​បុរស​នោះ​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​ប្រពន្ធ​ឈ្មោះ ញៀន សឿន អាយុ​៥១​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់។

ព្រះរាជអាជ្ញារង​បាន​បញ្ជាក់​ថា ជន​ជាប់​ចោទ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១០​ទៅ​១៥​ឆ្នាំ​ ដោយសារ​តែ​តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់ ៖ «គឺ​ខ្ញុំ​បាន​ប្រគល់​ដល់​ចៅក្រម​ស៊ើបសួរ​ហើយ។ រឿង​នេះ​ខ្ញុំ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។ (ជាប់​គុក) ពី​១០​ឆ្នាំ​ទៅ​១៥​ឆ្នាំ»

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ លោក ប្រាក់ សារ៉ាន់ បាន​មាន​ប្រសាសន៍​ថា តាម​ការ​ចុះ​អង្កេត​បុរស​ឈ្មោះ ទា សៀង បាន​ប្រើ​ហិង្សា​វាយ​ដំ​លើ​រាង​កាយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ ញៀន សឿន យ៉ាង​ដំណំ កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ដោយ​ប្រើ​អង្រែ​វាយ​សំពង​ប្រពន្ធ និង​ចាប់​បោក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ប្រពន្ធ​បាន​ស្លាប់។

លោក ប្រាក់ សារ៉ាន់ បាន​ឲ្យ​ដឹង​ថា ៖ «កូនៗ​បាន​បញ្ជាក់​ថា ដោយសារ​តែ​ប្តី​ចោទ​ប្រពន្ធ​ថា បាន​យក​លុយ​ចំនួន ៨​ម៉ឺន​រៀល​ទៅ​ចាយ​អស់​ដោយ​មិន​ឲ្យ​ប្តី ប៉ុន្តែ​លុយ​នេះ​គឺ​ប្តី​ខ្លួន​ឯង​យក​ទៅ​ផឹក​ស៊ី​ស្រវឹង ហើយ​វា​ភ្លេច​មុខ​ភ្លេច​ក្រោយ បាត់​មិន​ដឹង​ទៅ​ណា​ខ្លះ! កើត​ទៅ​ជា​វ៉ៃ​គ្នា​រហូត​ដល់​ស្លាប់​យ៉ាង​ដូច្នេះ!»

យុវជន​ឈ្មោះ ពាង រតនា ហៅ លាង អាយុ​២២​ឆ្នាំ ជា​កូន​ទី​៣​ក្នុង​គ្រួសារ​មាន​ជម្លោះ​នោះ បាន​មាន​ប្រសាសន៍​ថា ឪពុក​ម្តាយ​របស់​គេ​តែងតែ​ឈ្លោះ​វាយតប់​គ្នា​ស្ទើរតែ​រៀងរាល់​ថ្ងៃ​តាំង​ពី​គាត់​ធំ​ដឹង​ក្តី​មក ដោយសា​រតែ​ការ​ស្រវឹង ប៉ុន្តែ​ពេល​នេះ​លទ្ធផល​នៃ​ការ​វាយ​តប់​គ្នា​បាន​បន្សល់​ទុក​នូវ​តែ​ក្ដី​វេទនា​ដល់​កូន​ចំនួន ៥​នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​ម្តាយ​បាន​ស្លាប់​និង​ឪពុក​ត្រូវ​ចាប់​ខ្លួន​នោះ។

លោក ពាង រតនា បាន​បញ្ជាក់​ថា ៖ «១​ឆ្នាំៗ​ធ្វើ​បាប​គ្នា​រហូត ជួនកាល​គាត់​វាយ​នឹង​ដំបង ជួនកាល​គាត់​វាយ​នឹង​ដៃ ​ជួនកាល​គាត់​ទន្រ្ទាំ​ធាក់​ទៅ​តាម​អំពើ​ហិង្សា​គាត់​ធ្វើ។ ម្តាយ​ក៏​ស្លាប់ ឪពុក​ក៏​ជាប់​គុក មាន​តែ​ប្អូន​តូចៗ និង​ក្មួយ​តូចៗ អត់​មាន​អ្នក​ណា​រកស៊ី​ចិញ្ចឹម​ទៀត!»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​និង​អាជ្ញាធរ​មូលដ្ឋាន​មិន​ដែល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បញ្ឈប់​អំពើ​ហិង្សា​នោះ​ទេ។ របាយការណ៍​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក ប្រចាំ​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាង ៥៤០​ករណី​ទូទាំង​ប្រទេស​ខ្មែរ បណ្តាល​ឲ្យ​ស្រ្តី​ចំនួន ១៨​នាក់​ស្លាប់ ដែល​ស្ថានភាព​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅតែ​ជា​កង្វល់​ដ៏​ធំ​បំផុត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល