ពលរដ្ឋ​នៅ​ខណ្ឌ​មានជ័យ​បារម្ភ​ចំពោះ​ការ​បង្ខំ​ឲ្យ​រុះរើ​លំនៅ

ពលរដ្ឋ​ចំនួន ២១​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ព្រែកតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ កំពុង​ព្រួយ​បារម្ភ ដោយសារ​មន្ត្រី​អាជ្ញាធរ​សង្កាត់​របស់​ខ្លួន​បាន​ជំរុញ​ឲ្យ​ពួកគេ​រុះរើ​លំនៅ នៅ​ថ្ងៃ​​​២៨ ​មីនា​​ បើ​ពុំ​នោះ​ទេ​ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​រុះរើ​ដោយ​គ្មាន​សំណង​អ្វី​ទាំង​អស់។
ដោយ ខែ សុណង
2010-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ក្រុម​៧៨​ដឹក​សម្ភារៈ​ចាក​ចេញ​ពី​លំនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ នា​ថ្ងៃ​១៧ កក្កដា ២០០៩។
ពលរដ្ឋ​ក្រុម​៧៨​ដឹក​សម្ភារៈ​ចាក​ចេញ​ពី​លំនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ នា​ថ្ងៃ​១៧ កក្កដា ២០០៩។
RFA Photo/Ouk Savobrey

អ្នកស្រី សន នី ដែល​អះអាង​ថា ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្រុម​១៦ ភូមិ​ព្រែកតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ប្រមាណ​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ មាន​ប្រសាសន៍​ដោយ​ត្អូញត្អែរ​ថា ពួកគាត់​ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​សង្កាត់​បង្ខំ​ឲ្យ​រុះរើ​លំនៅ​នៅ​ក្នុង​សប្ដាហ៍​នេះ ជា​ជំហាន​ដំបូង ១០​គ្រួសារ​សិន ប៉ុន្តែ​ពុំ​បាន​បង្ហាញ​លិខិត​ស្នាម​អ្វី​ជាក់​លាក់​នោះ​ទេ។

អ្នកស្រី សន នី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ចៅ​សង្កាត់​ផ្ទាល់​តែម្ដង គេ​ដាក់​កម្រិត​ថា ឲ្យ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ អាទិត្យ​ហ្នឹង​ឲ្យ​រុះ​ឲ្យ​អស់។ ចាប់​ពី​ថ្ងៃ​ច័ន្ទ គេ​នឹង​ចុះ​រុះរើ​ខ្លួន​ឯង អាទិត្យ​ហ្នឹង​គេ​ឲ្យ ១០​គ្រួសារ​ហ្នឹង​រុះ ហើយ​គេ​ឲ្យ​រុះរើ។ ក្នុង​សុក្រ សៅរ៍ អាទិត្យ​ហ្នឹង​បើ​រុះរើ​បាន​ម្នាក់ ៦០០​ដុល្លារ។ គេ​ឲ្យ ៥០០។ ១០០​គេ​ឲ្យ​ថ្លៃ​រុះរើ និង​បាន​ដី​នៅ​ច្រាំង​ទន្លេ​នៅ​មួយ​កន្លែង។ ដេក​ក៏​មិន​បាន ហូប​ក៏​មិន​បាន​ដែរ ហើយ​ផ្ទះ​មីង​ទើប​តែ​ធ្វើ​បាន ២​ឆ្នាំ​អស់​រលីង​ពី​ខ្លួន មិន​ទាន់​សង​ថ្លៃ​ផ្ទះ​គេ​ហើយ​នៅ​ជំពាក់​គេ ៧ ទៅ ៨​ពាន់​(ដុល្លារ)​ទៀត»

បុរស​អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ ឌឹក សមកុសល បាន​សម្ដែង​ក្ដី​បារម្ភ​ដែរ​ថា គាត់​បាន​ទិញ​ផ្ទះ​នេះ​ត​ពី​គេ​នៅ​ឆ្នាំ​២០០៦​មក។ ចំពោះ​ការ​បង្ខំ​របស់​មន្ត្រី​អាជ្ញាធរ​សង្កាត់​ដែល​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញ​ផ្ដល់​សំណង ៥០០​ដុល្លារ ថ្លៃ​រុះរើ ១០០​ដុល្លារ និង​ដី​ថ្មី​ក្បែរ​ច្រាំង​ទន្លេ​មេគង្គ​នោះ អាជ្ញាធរ​ពុំ​ដែល​មាន​ការ​ចរចា​ពី​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់​ឡើយ។

លោក ឌឹក សមកុសល បាន​ត្អូញត្អែរ​ដូច្នេះ ៖ «ខាង​អាជ្ញាធរ​សង្កាត់​បង្ខំ​ឲ្យ​រុះរើ ចេះ​តែ​មក​ប្រាប់​អ៊ីចឹង ហើយ​ឲ្យ​រុះរើ​ហ្នឹង​ទៅ​នៅ​មាត់​ទន្លេ ជិត​មាត់​ទឹក​តែម្ដង ហើយ​ខ្ញុំ​រស់​នៅ​ម៉េច​នឹង​កើត ហើយ​ខ្ញុំ​រស់​នៅ​មាត់​ទន្លេ​ស្រាប់​ហើយ​ហ្នឹង ក៏​ប៉ុន្តែ​ដី​កន្លែង​ខ្ញុំ ដី​វា​រាប​ជាង​កន្លែង​ទៅ​ហ្នឹង ដី​ប្រេះ​ក្រហែង​ប៉ុនៗ​ណា​ណី ភ្លៀង​មក​តែ​មួយ​មេ​បាក់​រាល់​តែ​ឆ្នាំ។ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ឥឡូវ​ខ្ញុំ​ស្នើ​ឲ្យ​ជួយ​អំពី​ដំណោះស្រាយ​ឲ្យ​បាន​សម​គួរ​ផង ខ្ញុំ​ចេញ​ហើយ មិន​រឹងរូស​ទេ»

ចៅ​សង្កាត់​ចាក់អង្រែលើ លោក កែវ សាវឿន នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ទូរស័ព្ទ​ទៅ​សាកសួរ​ពី​បញ្ហា​នេះ លោក​បាន​បិទ​ទូរស័ព្ទ។ ក៏​ប៉ុន្តែ​អភិបាល​រង​ខណ្ឌ​មានជ័យ ទទួល​បន្ទុក​បញ្ហា​ដីធ្លី លោក ហៀក ចាន់លាង បាន​ឆ្លើយ​បដិសេធ​ថា អាជ្ញាធរ​នៅ​ពុំ​ទាន់​បាន​ដឹង​ពី​ព័ត៌មាន​ស្ដី​ពី​ការ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកតានូ សង្កាត់​ចាក់អង្រែ រុះរើ​ទី​លំនៅ​នេះ​នៅ​ឡើយ​ទេ។

លោក កែវ សាវឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​អត់​ច្បាស់​ដែរ​ការងារ​ហ្នឹង ខ្ញុំ​អត់​ទាន់​មាន​ដឹង​ដំណឹង ឬ​ក៏​គេ​ទើប​តែ​មាន​លិខិត​មួយ​ថ្មី​មក​ពី​លើ? បើ​មាន​លិខិត​ផ្លូវការ​ណា​មួយ​មក​ពី​លើ​បង្ហាញ​ខ្ញុំ​ទៅ ពីព្រោះ​ខ្ញុំ​នៅ​ទី​នេះ​មិន​ទាន់​មាន​ដឹង​ផង»

ប្រភព​ពី​ប្រជាពលរដ្ឋ​ដដែល​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ហាញ​លិខិត​ស្នាម​ជា​លាយលក្ខណ៍​អក្សរ និង​ជូន​ដំណឹង​ឲ្យ​ពួកគាត់​បាន​ដឹង​មុន​យ៉ាង​ហោច​ណាស់ ៣ ទៅ ៤​ខែ បង្ហាញ​គោល​បំណង​ពី​ការ​អភិវឌ្ឍ​និង​ធ្វើ​ការ​ចរចា​ផ្ដល់​សំណង​ដល់​ពួកគេ​ឲ្យ​បាន​សមរម្យ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល