កិច្ច​ប្រជុំ​ស្ដីពី​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ​ប្រារព្ធ​នៅ​ក្រុង​ភ្នំពេញ

គណៈកម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ពី​ថ្ងៃ​ទី​២៤ ដល់​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​សីហា ក្នុង​គោល​បំណង​អភិវឌ្ឍ​ទន្លេ​មេគង្គ។
ដោយ គង់ យុទ្ធនា
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៥-មីនា-២០១០: អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​កណ្ដាល
២៥-មីនា-២០១០: អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​កណ្ដាល
AFP Photo

កិច្ចប្រជុំ​នេះ គេ​បាន​អញ្ជើញ​តំណាង​ពី​ប្រទេស​ចិន និង​ប្រទេស​ភូមា  ដើម្បី​ទាក់ទាញ​ឲ្យ​ប្រទេស​ទាំង​២ ចូលរួម​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ។ ប៉ុន្តែ​អ្វី​ដែល​ជា​សញ្ញា​វិជ្ជមាន គឺ​មាន​តែ​ប្រទេស​ភូមា​ប៉ុណ្ណោះ ដែល​បង្ហាញ​បំណង និង​រៀបចំ​ខ្លួន ដើម្បី​ក្លាយ​ជា​សមាជិក ចំណែក​ឯ​ប្រទេស​ចិន​វិញ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បំណង​មិន​ចូលរួម​ឡើយ។

លោក ស៊ិន នីនី អនុ​ប្រធាន​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មាន​លទ្ធផល​ជា​ច្រើន​ពី​កិច្ច​ប្រជុំ​នេះ ដូច​ជា​ការ​រៀបចំ​យន្តការ​ច្បាស់លាស់​សម្រាប់​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ទន្លេ​មេគង្គ ឲ្យ​ធានា​បាន​នូវ​ស្ថិរភាព និង​ផល​ប្រយោជន៍​ដល់​មនុស្ស​ជាតិ ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ​នៅតែ​សោកស្ដាយ​ចំពោះ​ការ​អូស​ទាញ​ឲ្យ​ចិន ចូល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​មិន​ទាន់​បាន​សម្រេច។

លោក ស៊ិន នីនី បាន​ឲ្យ​ដឹង​ថា ៖ «ប្រទេស​ទាំង​អស់​គ្នា​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ បើ​សិន​ជា​ប្រទេស​ណា​មួយ​ធ្វើ​គម្រោង​អី​ធំ​ៗ វា​អាច​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ផ្សេង​ទៀត»

យោង​តាម​កិច្ច​ព្រមព្រៀង និង​លក្ខខណ្ឌ​ជា​ច្រើន ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ​ទាំង​អស់ មាន​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​នៅ​លើ​ដៃ​ទន្លេ​របស់​ខ្លួន​ប៉ុណ្ណោះ តាមរយៈ​ការ​ជូន​ដំណឹង​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ ប៉ុន្តែ​បើ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​លើ​ទន្លេ​មេគង្គ​វិញ សាមី​ប្រទេស​នោះ​ត្រូវ​សុំ​ការ​ឯកភាព​ពី​គណៈកម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ​ជា​មុន។

ចំណុច​ដ៏​សំខាន់​មួយ​ទៀត​ស្ដីពី​កិច្ច​ព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ បាន​ចែង​ថា ការ​ប្រើប្រាស់​អាង​ទន្លេ​មេគង្គ ត្រូវ​ចែក​រំលែក​ផល​ប្រយោជន៍​ឲ្យ​មាន​សមភាព និង​សមធម៌។ គណៈកម្មការ​ទន្លេ​មេគង្គ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥ មាន​ប្រទេស​ជា​សមាជិក​ដូច​ជា កម្ពុជា វៀតណាម លាវ និង​ថៃ។ ចំណែក​ប្រទេស​ភូមា និង​ប្រទេស​ចិន ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​មិន​បាន​ចូល​ជា​សមាជិក​នេះ​ទេ។

លោក ទេព ប៊ុណ្ណារិទ្ធិ ប្រធាន​សមាគម​ថែ​រក្សា​បរិស្ថាន និង​វប្បធម៌ (CEPA) បាន​ថ្លែង​ថា ការ​មិន​ជោគជ័យ​ក្នុង​ការ​ទាក់ទាញ​ចិន ជា​ប្រទេស​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​មេគង្គ មិន​មែន​ទើប​តែ​ជា​លើក​ទី​១​ទេ ហើយ​ក៏​មាន​អន្តរជាតិ​ចូលរួម​ធ្វើ​ជា​មេ​អណ្ដើក និង​គាំទ្រ​ជា​ហិរញ្ញវត្ថុ​ផង​ដែរ ក្នុង​ការ​ទាក់ទាញ​ចិន​ឲ្យ​ចូលរួម​ជា​សមាជិក​ទន្លេ​មេគង្គ​ទាំង​អស់​គ្នា​នេះ ក្នុង​គោលដៅ​ធានា​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រើប្រាស់​អាង​ទន្លេ​មេគង្គ​ដោយ​ភាគី​ចិន ឲ្យ​មាន​សមភាព និង​សមធម៌។

លោក ទេព ប៊ុណ្ណារិទ្ធិ បាន​បញ្ជាក់​ថា ៖ «ចិន​មិន​ចូល​ហ្នឹង វា​ហាក់​បី​ដូច​ជា​មិន​ទាន់​បាន​បង្ហាញ​អំពី​ការ​តាំង​ចិត្ត​ច្បាស់លាស់ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នូវ​ការ​ប្រើប្រាស់​អាង​ទន្លេ​រួម​គ្នា»

ប្រធាន​សមាគម​ថែ​រក្សា​បរិស្ថាន និង​វប្បធម៌ លោក ទេព ប៊ុណ្ណារិទ្ធិ ផ្ដល់​យោបល់​ថា គេ​មិន​អាច​អូស​ទាញ​ចិន​បាន ហើយ​គេ​ក៏​មិន​អាច​ប្រើ​កម្លាំង​អន្តរជាតិ​ធ្វើ​ការ​គាប​សង្កត់​ចិន​បាន​ដែរ តែ​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អាស៊ាន ត្រូវ​ធ្វើ​ការ​ពន្យល់​ដល់​ចិន ឲ្យ​គិត​ពី​ផល​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ហើយ​គណៈកម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ដែល​មាន​ផល​ប៉ះពាល់​ទាំង​អស់ ដើម្បី​ជំរុញ​ឲ្យ​ចិន​ចូល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ​បាន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល