ក្រសួង​ការ​បរទេស​៖ ការ​ព្រមាន​លើ​មន្ត្រី​អ.ស.ប.​មិន​មែន​ជា​ការ​បំភិត​បំភ័យ​ទេ

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា សារ​ព្រមាន​របស់​​ប្រមុខ​ការទូត​កម្ពុជា​ចំពោះ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​​កម្ពុជា​មិន​មែន​​ជា​ការ​បំភិត​បំភ័យ ឬ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ ទៅ​លើ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​​សកម្មភាព​នៅ​ក្នុង​​​​ប្រទេស​នោះ​ទេ។
ដោយ ដែន អយុធ្យា
2010.03.24

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​គូស​បញ្ជាក់​ថា សេចក្ដី​ព្រមាន​របស់​ប្រមុខ​ការទូត​កម្ពុជា ចំពោះ​លោក ឌូក្លាស ប្រូឌើរិក (Douglas Broderick) តំណាង​ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា គឺ​មិន​មាន​បំណង​បំភិត​បំភ័យ ឬ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត ដែល​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ក្នុង​ការ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​​អំពើ​ពុក​រលួយ ដែល​មិន​ទុក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំ​ទូលាយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

ទោះ​យ៉ាង​នេះ​ក្តី លោក កុយ គួង បាន​ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នៅ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​​កម្ពុជា​បន្ត​​ទៀត រដ្ឋាភិបាល​​នឹង​ពិនិត្យ​ទៅ​លើ​សេចក្ដី​សម្រេច​ថា គួរ​ត្រូវ​សហការ​ធ្វើ​ការងារ​ជាមួយ​តំណាង​នេះ​តាម​របៀប​ណា​ទៀត។

លោក កុយ គួង បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «លិខិត​របស់​ឯកឧត្ដម​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស គឺ​ផ្ញើ​ជូន​លោក ឌូក្លាស ប្រូឌើរិក អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ផង​ដែរ ។ ខ្ញុំ​ចង់​និយាយ​ថា នេះ​ជា​ករណី​ដោយឡែក មិន​មែន​ធ្វើ​ដើម្បី​លក្ខណៈ​ទូទៅ​ទេ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា​ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ចំពោះ​​ការ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​​​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ ឬ​ផ្ដល់​ជា​យោបល់ មិន​មែន​​​ជា​ការ​ដាក់​បទបញ្ជា ឬ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា រូប​លោក​មិន​បាន​គិត​ថា សារ​ព្រមាន​របស់​រដ្ឋាភិបាល​ចំពោះ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ ជា​ការ​គំរាម​ទៅ​ដល់​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នោះ​ទេ។

លោក អ៊ូ វីរៈ បាន​ផ្ដល់​ជា​អនុសាសន៍​ទៅ​រដ្ឋាភិបាល​ថា រាល់​គ្រប់​ការ​ស្នើ​ផ្ដល់​ជា​យោបល់​របស់​ក្រុម​​​មន្ត្រី​​​​សង្គម​​ស៊ីវិល ទាំង​ជាតិ ក៏​ដូច​ជា​អន្តរជាតិ ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​អ្វី​មួយ រដ្ឋាភិបាល​គួរតែ​ធ្វើ​ការ​សិក្សា​ទៅ​លើ​ខ្លឹមសារ ឬ​យោបល់​ទាំង​នោះ​ជា​មុន មុន​នឹង​ធ្វើ​ការ​ព្រមាន ឬ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ៖ «រាល់​ថ្ងៃ​នេះ យើង​មិន​ខ្វល់​ថា គេ​រិះគន់​ហ្នឹង​ត្រូវ ឬ​មិន​ត្រូវ​ទេ។ យើង​ទៅ​ជា​ឈ្លោះ​ជាមួយ​បុគ្គល​អ្នក​រិះគន់ ឬ​មួយ​ក៏​អ្នក​នាំ​សារ អា​ហ្នឹង​វា​អត់​ត្រឹមត្រូវ​ទេ ព្រោះ​អី​ឆ្លុះ​បញ្ចាំង​ពី​ចរិត​ខ្មែរ​យើង​មួយ ដែល​សុខ​ចិត្ត​ឈ្លោះ ជាជាង​ពិភាក្សា​គ្នា​ទៅ​លើ​ខ្លឹមសារ​ទៅ​វិញ។ អា​ហ្នឹង​ខ្ញុំ​ថា វា​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​មិន​ល្អ​សម្រាប់​រដ្ឋាភិបាល​ខ្មែរ​យើង»

ទោះ​យ៉ាង​នេះ​ក្តី លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ឬ​មន្ត្រី​សហ​ប្រជាជាតិ​នៅ​កម្ពុជា មុន​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អ្វី​មួយ​ត្រូវ​ឆ្លុះ​បញ្ចាំង​ការ​ពិត​ឲ្យ​បាន​ត្រឹមត្រូវ។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ការ​ធ្វើ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល និង​មន្ត្រី​តំណាង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា នៅ​មាន​ទំនាក់​ទំនង​ល្អ និង​ធ្វើ​ការ​ជាមួយ​គ្នា​ជា​ធម្មតា​នៅ​ឡើយ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ៖ «សូម​ឲ្យ​សង្គម​ស៊ីវិល​ទាំង​អស់​គ្នា​ហ្នឹង សូម​កុំ​ឲ្យ​បំពាន។ កាល​ណា​គាត់​បំពាន​សេចក្ដី​ត្រូវ គាត់​បំពាន​សេចក្ដី​សុខ​របស់​គាត់​ហើយ ហើយ​ជំហរ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នេះ គ្រាន់​តែ​បង្ហាញ​ឲ្យ​ដឹង​ថា ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ព្រះ​រាជាណាចក្រ​មួយ​អធិបតេយ្យ ឯករាជ្យ ហើយ​គឺ​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ។ ហើយ​​មន្ត្រី​ទាំង​អស់​ហ្នឹង​ដែល​អញ្ជើញ​មក​ធ្វើ​ការ​ហ្នឹង គឺ​ជា​ការ​ស្វាគមន៍​របស់​រាជ​រដ្ឋាភិបាល មិន​មែន​ជា​ម្ចាស់ ចង្អុល​ប្រាប់​កម្ពុជា​ថា ត្រូវតែ​ធ្វើ​យ៉ាង​ម៉េច​ទេ! ត្រូវតែ​សួរ​គ្នា ត្រូវតែ​ជជែក​គ្នា ពីព្រោះ​យើង​ជា​អង្គការ ឬ​ជា​ស្ថាប័ន​ផ្លូវការ»

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២០ ខែ​មីនា​កន្លង​ទៅ បាន​ផ្ញើ​លិខិត​​មួយ​ច្បាប់​ទៅ​កាន់​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា លោក ប្រូឌើរិក ដោយ​បាន​ព្រមាន​ថា កម្ពុជា​នឹង​មិន​​​ស្វាគមន៍​រូប​លោក​ទេ ប្រសិន​បើ​ក្រុម​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅតែ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​រដ្ឋាភិបាល​របៀប​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បន្ត​ទៀត​នោះ។

ក្រសួង​ការ​បរទេស​កម្ពុជា និង​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​ថ្កោលទោស និង​ហៅ​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ទាក់ទង​ជាមួយ​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ថា​ជា​ការ​លូក​ចូល​ដៃ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា និង​បាន​ដើរ​ហួស​កម្រិត​អាណត្តិ​ភារកិច្ច​របស់​ខ្លួន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។