កម្ពុជា​ធ្វើ​សម​យុទ្ធ​យោធា​បាញ់​គ្រាប់​កាំភ្លើង​ពិត​នៅ​បាត់ដំបង

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ធ្វើ​លំហាត់​សម​យុទ្ធ​យោធា​បាញ់​គ្រាប់​កាំភ្លើង​ពិត មាន​កាំភ្លើង​ត្បាល់ កាំភ្លើង​ការពារ​អាកាស ក្នុង​ទីលាន​ជាក់​ស្ដែង​នៅ​​​ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2010.09.24
សមយុទ្ធ បាត់ដំបង ៣០៥ កាំភ្លើង​ធំ​ធុន ១០០​មីលីម៉ែត្រ ត្រូវ​បាន​ដាក់​តាំង​ត្រៀម​បើក​យុទ្ធនាការ​ធ្វើ​សម​យុទ្ធ​យោធា​បាញ់​គ្រាប់​កាំភ្លើង​ពិត នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១០។
RFA/Soun Sophalmony

កម្មសិក្សាការី​មក​ពី​បណ្ដាល​អង្គភាព​ចំណុះ​យោធភូមិភាគ​៥ ចំនួន ២២៦​នាក់ បាន​ធ្វើ​លំហាត់​សម​យុទ្ធ​យោធា​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១០ ដោយ​បាន​ធ្វើការ​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ធុន ១០០​មីលីម៉ែត្រ កាំភ្លើង​ការពារ​អាកាស​ធុន ២៣​មីលីម៉ែត្រ និង ៣៧​មីលីម៉ែត្រ ដែល​ជា​គ្រាប់​កាំភ្លើង​ពិត​អស់​ជាច្រើន​ពាន់​គ្រាប់។

ការ​អនុវត្ត​លំហាត់​បាញ់​គ្រាប់​កាំភ្លើង​ពិត​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីលាន​ជាក់​ស្ដែង​ក្នុង​ភូមិសាស្ត្រ​ភ្នំវែង ភូមិ​ជីនាងក្រោម ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ដើម្បី​បង្ហាញ​ពី​សមត្ថភាព​នាយ​ទាហាន ពល​ទាហាន​ជំនាញ​កាំភ្លើង​ការពារ​អាកាស កាំភ្លើង​ត្បាល់ បន្ទាប់​ពី​បាន​ធ្វើការ​ហ្វឹកហ្វឺន​អស់​រយៈ​ពេល​បី​ខែ​រួច​មក។

នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ខ្មែរ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​លំហាត់​សម​យុទ្ធ​យោធា គឺ​ដើម្បី​ពិនិត្យ​មើល​គុណភាព​កាំភ្លើង​ចាស់ៗ ដែល​នៅ​សេសសល់ និង​ស្រប​ពេល​ដែល​កម្មសិក្សាការី​ជាង ២០០​នាក់​ទើប​បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ការពារ​អាកាស និង​ជំនាញ​អាវុធ​គាំទ្រ។

លោក ទៀ បាញ់ ថ្លែង​ថា ៖ «ខ្ញុំ​ឃើញ​ថា វា​មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំ​ទេ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន។ ជា​ធម្មតា​វា​ត្រូវ​តែ​មាន​អ្វីៗ​ខ្លះ​ដើម្បី​ឲ្យវា​គ្រប់​ប្រសិទ្ធភាព​របស់​វា នៅ​ពេល​មាន​ការ​ចាំបាច់​ត្រូវ​បំពេញ»

លោក ពៅ សុខា នាយ​រង​សេនាធិការ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​យុទ្ធវិធី​ក្នុង​ពេល​ធ្វើ​លំហាត់​សម​យុទ្ធ​យោធា​ដូច្នេះ​ថា ៖ «ទី​១ គឺ​យើង​បាញ់​សញ្ញា​គោល​ដៅ ទី​២ គឺ​យើង​បាញ់​គាំទ្រ​កម្ទេច​ខ្មាំង​វាយ​ស្ទាក់ ទី​៣ គឺ​វាយ​គាំទ្រ​ឲ្យ​កម្លាំង​ថ្មើរ​ជើង យើង​វាយ​បក ទី​៤ យើង​បាញ់​កម្ទេច​ទីតាំង​ខ្លាំង ហើយ​ក្នុង​ចម្ងាយ​បាញ់​នេះ គឺ​យើង​បាញ់​ចម្ងាយ ២​ពាន់​ម៉ែត្រ ហើយ​នៅ​លើ​ចម្ងាយ​បាញ់​របស់​វា មាន​ប្រសិទ្ធភាព ៤.៧៥០​ម៉ែត្រ»

ការ​អនុវត្ត​លំហាត់​បាញ់​គ្រាប់​កាំភ្លើង​ពិត​ខាង​ជំនាញ​អាវុធ​គាំទ្រ បាន​ប្រើ​ប្រាស់​កាំភ្លើង​ត្បាល់​ធុន ១០០​មីលីម៉ែត្រ ខាង​ជំនាញ​ការពារ​អាកាស​បាន​ប្រើ​ប្រាស់​កាំភ្លើង​ធុន ២៣​មីលីម៉ែត្រ និង​កាំភ្លើង​ធុន ៣៧​មីលីម៉ែត្រ។

នៅ​ក្រោយ​ការ​បាញ់​ក្រុម​មន្ត្រី​យោធា​បាន​ប្រកាស​ពី​លទ្ធផល​ដូច្នេះ​ថា ៖ «បាញ់​សម្ដែង​កាំភ្លើង ២៣​មីលីម៉ែត្រ​អស់ ២.៣៥៤​គ្រាប់ កាំភ្លើង ៣៧​មីលីម៉ែត្រ បាញ់​ចំនួន ២០៩​គ្រាប់ កាំភ្លើង​ត្បាល់ ១០០​មីលីម៉ែត្រ​បាញ់​អស់ ១៤៨​គ្រាប់ ចំណាត់​ថ្នាក់​រួម​ល្អ លទ្ធផល​អាវុធ​ការពារ​អាកាស​ល្អ កាំភ្លើង​ត្បាល់ ១០០​មីលីម៉ែត្រ ទទួល​បាន​លទ្ធផល​ល្អ»

វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ការពារ​អាកាស​ជំនាញ​អាវុធ​គាំទ្រ និង​លំហាត់​យុទ្ធវិធី​បាញ់​គ្រាប់​ពិត​នេះ គឺ​ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​២ អាណត្តិ​ទី​៤ សំដៅ​កែ​ទម្រង់​លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​កងទ័ព៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។