តាមទាហានខ្មែរដែលនៅខ្សែត្រៀមជួរមុខតំបន់ជម្លោះជិតប្រាសាទព្រះវិហារបានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ថា ទាហានប៉ារ៉ាថៃចំនួន៥០នាក់ត្រូវបានបញ្ជូនមកខ្សែត្រៀមជួរមុខកាលពីល្ងាចថ្ងៃពុធ ដើម្បីជួយជីកលេណដ្ឋានឲ្យកងទាហានឈុតខ្មៅថៃចំនួន៦០នាក់ដែលមិនទាន់បានដកចេញពីតំបន់ជម្លោះនៅឡើយ ហើយដើមឈើធំត្រូវបានគេកាប់ធ្វើជាគម្របលេណដ្ឋាន ៖ «វាមកជីកល្ងាចម្សិលមិញ ចប់កឋិនហើយវាមក។ វាកាប់ដើមឈើធំៗធ្វើត្រង់សេ»។
មន្ត្រីកងយោធពលខេមរភូមិន្ទមួយរូបរបស់កងពលអន្តរាគមន៍លេខ១២ប្រចាំការនៅតំបន់ប្រាសាទព្រះវិហារដែលសុំមិនបញ្ចេញឈ្មោះ បានហៅការជីកលេណដ្ឋានថ្មីរបស់កងទាហានថៃទាំងនោះថា វាគ្រាន់តែជាការការពារប្រុងប្រយ័ត្នរបស់កងទាហានថៃតែប៉ុណ្ណោះដោយសារការភ័យខ្លាច។ ក៏ប៉ុន្តែចំពោះស្ថានភាពប្រឈមមុខដាក់គ្នាដោយអាវុធមិនមានភាពធ្ងន់ធ្ងរទេ។
មន្ត្រីយោធាដដែលបានឲ្យដឹងថា ៖ «វាការពារប្រុងប្រយ័ត្ន វាខ្លាចយើងវ៉ៃគ្នា ចៃដន្យអីផ្លោងចំគ្នាហ្នឹងណា៎។ អត់មានអីទេ គ្រាន់តែថ្ងៃនេះប្រតិភូវាហ្នឹងមកសួរសុខទុក្ខ ម្សិលមិញវាសួរសុខទុក្ខនៅភ្នំទ្រព្យ»។
សូមរំឭកថា នៅក្នុងកិច្ចប្រជុំរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងរដ្ឋមន្ត្រីការបរទេសខ្មែរថៃនៅឯខែត្រសៀមរាប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ភាគីកម្ពុជាបានស្នើសុំឲ្យថៃដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីតំបន់មួយចំនួនជិតប្រាសាទព្រះវិហារ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាបានស្នើសុំឲ្យប្រទេសថៃដកកងទ័ពចេញពីវត្តកែវសិក្ខាគិរីស្វរៈ ដកចេញពីតំបន់ជុំវិញវត្តនិងជិតវត្ត។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «កម្ពុជាយើងបានស្នើដកទ័ពចេញពីវត្តកែវសិក្ខាគិរីស្វរៈ ដកតំបន់ជុំវិញវត្ត ដកតំបន់ជិតវត្ត មានន័យថា វាទៅឆ្ងាយជាងជុំវិញហ្នឹងទៀត។ ការដកទ័ពនេះ ...សភាថៃបានអនុម័តលើការព្រមព្រៀងនេះហើយ យើងចាប់ដក»។
ក៏ប៉ុន្តែសំណើនេះរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សំភុង អៈម៉នវីវ៉ាត់ បានប្រើត្រឹមតែពាក្យថា កែសម្រួលកងទ័ពនោះចាំបាច់ភាគីថៃត្រូវតែលើកយកទៅសុំការអនុម័តពីសភាជាមុនសិន។
លោក សំភុង អៈម៉នវីវ៉ាត់ បានបញ្ជាក់ថា ៖ "ចំណុចកែសម្រួលកម្លាំងទ័ពនៃភាគីទាំងពីរ ថៃចាំបាច់ត្រូវតែលើកយកចំណុចទាំងប៉ុន្មាននេះទៅសុំការអនុម័តពីរដ្ឋសភារបស់ថៃសិន"។
សូមបញ្ជាក់ថា ចាប់តាំងតែពីថ្ងៃទី១៥ ខែកក្កដា ទាហានឈុតខ្មៅថៃបានចូលលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វរៈ និងនៅតំបន់ជម្លោះខាងមុខប្រាសាទព្រះវិហារមានទាហានឈុតខ្មៅនិងទាហានប៉ារ៉ាថៃរាប់រយនាក់ ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ទាហានឈុតខ្មៅនិងប៉ារ៉ារបស់ថៃជាច្រើនបានដកចេញពីតំបន់ខ្សែត្រៀមជួរមុខនៃជម្លោះជិតប្រាសាទព្រះវិហារនោះ៕